ពីនេះ ពីនោះ
ស្នាដៃរបស់អ្នកថតរូបជាតិ និងបរទេស ជិត១០០ស្នាដៃ នឹងត្រូវបានពិព័រណ៍ដើម្បីជំរុញសហគមន៍សិល្បៈ
18, Oct 2022 , 7:59 am        
រូបភាព
សកម្មភាពដំឡើងស្នាដៃសិល្បៈ ក្នុងពិព័រណ៍ស្នាដៃសិល្បៈសហសម័យ រៀបចំដោយគម្រោងសិល្បៈ ស-ស។ រូបភាពផ្ដល់ដោយអ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។
សកម្មភាពដំឡើងស្នាដៃសិល្បៈ ក្នុងពិព័រណ៍ស្នាដៃសិល្បៈសហសម័យ រៀបចំដោយគម្រោងសិល្បៈ ស-ស។ រូបភាពផ្ដល់ដោយអ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។
 ភ្នំពេញ៖ គម្រោងសិល្បៈ ស-ស រៀបចំកម្មវិធីពិព័រណ៍ស្នាដៃសិល្បៈទស្សន៍សហសម័យ ប្រភេទគំនូរ រូបថត ចម្លាក់ និងវីដេអូ របស់សិល្បករជាតិ និងអន្តរជាតិចំនួន៩១នាក់។ ពិព័រណ៍ស្នាដៃសិល្បៈសហសម័យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលថវិកាទ្រទ្រង់គម្រោងសិល្បៈ ស-ស និង សិល្បករចូលរួម តាមរយៈការដេញថ្លៃស្នាដៃ សិល្បៈទាំងនោះ។

 
អ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស ប្រាប់សារព័ត៌មាន ThmeyThmey25 ថាស្នាដៃសិល្បៈទស្សន៍ទាំងនោះ ត្រូវបានសិល្បករបង្កើតឡើង ដោយឆ្លុះបញ្ចាំងពី បរិបទសង្គម ដែលសិល្បករជួបប្រទះ និងបង្ហាញតាមរយៈស្នាដៃសិល្បៈរបស់ពួកគេ។ 


 ស្នាដៃសិល្បៈមួយចំនួន ក្នុងពិព័រណ៍ស្នាដៃសិល្បៈសហសម័យ។  រូបភាពផ្ដល់ដោយអ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។ 

តាមរយៈការតាំងពិព័រណ៍នេះ អ្នកស្រី ច័ន្ទវាសនា ពន្យល់ថា វាជារឿងសំខាន់មួយ ដែលជំរុញឱ្យមានការរីកចម្រើន នៃសហគមន៍សិល្បៈសហសម័យនៅកម្ពុជា ក៏ដូចជាឱ្យសាធារណជន បានដឹងពីអ្វីដែលបានកើតឡើង ក្នុងសង្គមនីមួយៗ ដែលសិល្បៈករបានប្រទះ។ អ្នកស្រីបញ្ជាក់ដូច្នេះ៖ «ការតាំងពិព័រណ៍នេះសំខាន់ គឺវាបានបង្ហាញពីការអប់រំ យល់ដឹងពីប្រវត្តិសាស្ត្រ ឬជាបញ្ហាដែលបានកើតឡើង ក្នុងប្រទេស ឬសង្គមនីមួយៗ»។ 
 
ការតាំងពិព័រណ៍នេះ មានការចូលរួមពីសិល្បករជាតិ និង អន្តរជាតិ មកពីបណ្ដាប្រទេសក្នុងអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ចិន សិង្ហបុរី ជាដើម។ កម្មវិធីពិព័រណ៍ និង ការដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យនេះ នឹងបើកសម្ពោធនៅថ្ងៃទី២០ ខែតុលា និងដាក់ពិព័រណ៍រហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្មវិធីនេះ ធ្វើឡើងនៅវិចិត្រសាល AiR Gallery នៃ FT Gallery នៅ Factory Phnom Penh រាជធានីភ្នំពេញ។ 
 
គួរជម្រាបផងដែរថា កម្មវិធីពិព័រណ៍ និង ដាក់ដាញថ្លៃនេះ ជាលើកទី២ហើយ ដែលគម្រោងសិល្បៈ ស-ស បានរៀបចំឡើង ដែលលើកទី១ ត្រូវបានប្រព្រឹត្តឡើងនៅឆ្នាំ២០២០កន្លងទៅ ពោលគឺរៀបចំឡើង២ឆ្នាំម្ដង។ កម្មវិធីនេះ គឺដើម្បីដាក់ដេញថ្លៃនូវស្នាដៃសិល្បៈទាំងនោះ ដើម្បីទ្រទ្រង់ដល់គម្រោងសិល្បៈ ស-ស ផ្ទាល់ ក៏ដូចជាសិល្បករផងដែរ៕


ស្នាដៃមួយចំនួន ក្នុងពិព័រណ៍ស្នាដៃសិល្បៈសហសម័យ។  រូបភាពផ្ដល់ដោយអ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។ 


 អ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។  រូបភាពផ្ដល់ដោយអ្នកស្រី ជុំ ច័ន្ទវាសនា ប្រធានគម្រោងសិល្បៈ ស-ស។ 
 

Tag:
 ThmeyThmey25
  គម្រោងសិល្បៈ ស-ស
  ពិព័រណ៍ស្នាដៃសិល្បៈសហសម័យ
© រក្សាសិទ្ធិដោយ thmeythmey.com