កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ភ្ញាក់ផ្អើលជុំវិញព័ត៌មានចាកចេញពី PSG
17, Oct 2022 , 11:24 pm        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain ថ្ងៃទី១៦ ខែតុលា ​បានបដិសេធការផ្សព្វផ្សាយព័ត៌មានដែលថារូបគេមានបំណងចង់ចាកចេញពីក្រុមស្ថិតនៅក្នុងទីក្រុងប៉ារីស នាខែមករា ពេលទីផ្សារដោះដូរបើកពាក់កណ្តាលរដូវកាល។ Mbappe អះអាងថារូបគេពិតជាភ្ញាក់ផ្អើលចំពោះព័ត៌មានដែលបានផ្សាយនេះ។



«ខ្ញុំមិនដែលបានសួរក្លិបអំពីការចាកចេញណាមួយឡើងនៅក្នុងខែមករា។ ព័ត៌មានទាំងនេះបានលេចឮកាលពីថ្ងៃនៃការប្រកួតរវាងក្រុម Benfica នៃជំនួប Champions League បើតាមខ្ញុំដឹង»។ Mbappe បាននិយាយប្រាប់អ្នកកាសែតបែបនេះក្រោយការប្រកួតដែល PSG បានយកឈ្នះលើក្រុម Olympique de Marseille នៅក្របខណ្ឌ Ligue 1 លទ្ធផល ១-០។
 
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគេបានបញ្ជាក់ថា គេមិនទាំងដឹង និងយល់អំពីរឿងចាកចេញបន្តិចសោះ ហើយរូបគេថែមទាំងបដិសេធចំពោះព័ត៌មានដែលបានចុះផ្សាយនោះ។ 
 
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះតែងតែត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយដោយផ្សារភ្ជាប់រូបគេទៅនឹងក្លិបជើងឯក La Liga និង Champions league រដូវកាលមុន Real Madrid។ សារព័ត៌មានទាំងនោះ តែងផ្សាយថា Real Madrid និង Mbappe បានព្រមព្រៀងគ្នា និងរំពឹងថានឹងផ្លាស់ចេញពី PSG បើទោះមានកិច្ចសន្យាជាមួយក្លិបយក្សបារាំងមួយនេះ រហូតដល់ឆ្នាំ ២០២៤ ក្តី៕
 
 

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com