កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte ថា Richarlison ត្រៀមរួចរាល់សម្រាប់​ ​World Cup តែនឹងអវត្តមានជំនួប Spurs-Man Utd
18, Oct 2022 , 1:59 pm        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី១៧ ខែតុលា បាននិយាយថារបួសរបស់ Richarlison មិនជាបញ្ហាធំដំទេ ខណៈរូបគេត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួត FIFA ​World Cup នៅកាតា។ តែទោះយ៉ាងណា Conte អះអាងថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមិអាចជួយ Spurs ប្រកួតទល់ Manchester United ជំនួប Premier League ថ្ងៃទី១៩ ខែតុលាឡើយ។



Richarlison រងរបួសសាច់ដុំកំភួនជើងអំឡុងការប្រកួតទល់អតីតក្រុមចាស់របស់គេគឺ Everton ហើយត្រូវបានប្តូរចេញនៅនាទី៥២។ ក្រោយមក Richarlison ត្រូវបានគេមើលឃើញដើរដោយកាន់ឈើច្រត់ទៀតផងក្រោយចប់ការប្រកួត។ 
 
បញ្ហារបួសនេះធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមានការព្រួយបារម្ភខ្លាំងចំពោះការត្រៀមខ្លួនលេងនៅ World Cup ខណៈពេលវេលាកាន់តែខិតមកដល់។ នាកិច្ចសម្ភាស៍មួយក្រោយចប់ការប្រកួតកាលពីថ្ងៃទី១៥ ខែតុលា កីឡាករវ័យ ២៥ឆ្នាំ រៀបរាប់ទាំងទឹកភ្នែកទៅកាន់ទូរទស្សន៍ ESPN Brazil ថា Richarlison ពិបាកក្នុងការបកស្រាយអំពីបញ្ហារបួសដ៏គួរឱ្យបារម្ភ ដែលជះឥទ្ធិពលដល់ក្តីស្រមៃនៅ World Cup ជាលើកដំបូងរបស់ខ្លួន។ 
 
សម្រាប់លោក Conte អ្នកចាត់ការសញ្ជាតិអ៊ីតាលី អំឡុងសន្និសីទកាសែតមុនជំនួបរវាងក្រុម Spurs និង Manchester United បាននិយាយលួងលោមកូនក្រុមខ្លួនរូបនេះ ក្រោយត្រូវបានអ្នកកាសែតសួរនាំថាតើ Richarlison នឹងខកខាន World Cup ឬយ៉ាងណា?។ Conte បានបកស្រាយប្រាប់អ្នកកាសែតភ្លាមថា មិនអីទេ។
 
«របួសរបស់ Richarlison ពេលលនេះ មិនមានបញ្ហាធំដំទេ ហើយរូបគេនឹងត្រូវការពេលវេលាខ្លីប៉ុណ្ណោះដើម្បីព្យាបានឱ្យសះស្បើយឡើងវិញ។ តែពិតណាស់ការប្រកួតទល់ Man United គ្មានវត្តមាន Richarlison ឡើយ ហើយខ្ញុំអាចធានាបានថារូបគេនឹងត្រៀមខ្លួនរួចរាល់សម្រាប់ World Cup ។»។ Conte បន្ថែមដូច្នេះ។
 
គួររំលឹកថាព្រឹត្តិការណ៍ World Cup ដែលនឹងធ្វើឡើងពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ ​ ការប្រកួតដំបូងនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតនោះនឹងជួបតទល់ជាមួយក្រុមស៊ែប៊ីនៅថ្ងៃទី ២៤ខែវិច្ឆិកា​៕
 

Tag:
 Antonio Conte
  Richarlison
© រក្សាសិទ្ធិដោយ thmeythmey.com