ជាតិ
​ស្រូវជាង ២០ម៉ឺនហិកតា រងផលប៉ះពាល់និងខូចខាត ដោយសារជំនន់ទឹកភ្លៀង
18, Oct 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹក​ភ្លៀង​បានប៉ះពាល់ដំណាំស្រូវជាង ១៩ម៉ឺនហិកតា និងបានបង្កការខូចខាតជាង ៦ម៉ឺនហិកតានៅទូទាំងប្រទេស។



បច្ចុប្បន្ន ស្ថានភាពជំនន់​ទឹក​ភ្លៀង​មានភាពប្រសើរឡើង ដោយតំបន់មួយចំនួនបានស្រកចុះ​ច្រើន​។ ចំពោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរដូចជា ខេត្ត​កំពង់ធំ បន្ទាយមានជ័យ សៀមរាប និងបាត់ដំបង។ ដោយឡែក ស្ថានភាពទឹកស្ទឹងសែន ស្ថិតនៅលើសកម្រិតប្រកាសអាសន្ននៅឡើយ ខណៈខេត្តរងផលប៉ះពាល់ខ្លាំងផ្សេងទៀតមានភាពស្ថានភាពប្រសើរ។ 


  ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់។ រូបភាពពី៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 
 
«ទឹកនៅស្ទឹងសែន នៅសណ្តាន់ គឺទឹកនៅលើសកម្រិតប្រុងប្រយ័ត្ននៅឡើយ។ ជារួមស្ថានភាពបានធូរស្បើយមកវិញហើយ ល្អមួយចំនួន ហើយភាគច្រើនគឺទឹកស្រក»។ នេះជាការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២។ 
 
បញ្ហាគ្រោះទឹកជំនន់ ក៏បានប៉ះពាល់ខេត្តចំនួន ២៣ ដោយមាន ១០៥ ក្រុងស្រុក និង៤៣៨ ឃុំសង្កាត់។ ពលរដ្ឋរងគ្រោះមាន ១១២ ៧៦០គ្រួសារ  ដែលមានចំនួន ៥០៧ ៤២០នាក់។ ទន្ទឹមនោះ​ ពលរដ្ឋ  ៤៥៥៦គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ដែលស្មើនឹង ២៥ ៥០២នាក់៕
 

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com