កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ៖ ខ្ញុំនឹងចូលនិវត្តន៍នៅ Real តែម្តង ដោយមិនមានជម្រើសផ្សេងទៀតទេ
18, Oct 2022 , 10:29 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលនឹងត្រូវផុតកិច្ចសន្យាជាមួយ Real Madrid នាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ បាននិយាយថារូបគេនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ជាមួយក្រុមអធិរាជសតែម្តង។ ការប្រកាសរបស់រូបគេ ក្រោយពេលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or។



ខ្សែប្រយុទ្ធបារាងវ័យ ៣៤ឆ្នាំ ដែលជាកីឡាករតំបន់ប្រយុទ្ធល្អមួយរូបក្នុងទ្វីបអឺរ៉ុបរយៈពេលជាច្រើនឆ្នាំមកនេះ បានទទួលនូវពានរង្វាន់កីឡាករឆ្នើមបំផុតលើពិភពលោក ដូចទៅនឹងអ្វីដែលរូបបានស្រម៉ៃតាំងពីនៅវ័យក្មេងមក ។
 
ក្រោយតែពីទទួលបាននូវពានរង្វាន់Ballon d’Or ហើយ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បាននិយាយ ប្រាប់វិទ្យុ Onda Cero ថា៖ «ពិតណាស់គ្មានជម្រើសណាផ្សេងឡើយ សម្រាប់ខ្ញុំវាគឺជាក្តីសុបិនមួយដែលបានចុះកិច្ចសន្យាជាមួយ Real Madrid ហើយនឹងចូលនិវត្តន៍ជាមួយ Real។ ខ្ញុំមានក្តីសុបិន្តបី គឺដើម្បីទិញផ្ទះសម្រាប់ម្តាយរបស់ខ្ញុំ ដើម្បីលេងឱ្យ Real Madrid និងការឈ្នះពានរង្វាន់ Ballon d’Or នេះ។»។
 
Benzema រួមរស់ជាមួយ Real Madrid រយៈពេល ១៣ឆ្នាំ ក្រោយផ្ទេរពីក្រុម Olympique Lyonnais តម្លៃ ៣៦លានអឺរ៉ូ ។ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ក៏ក្លាយជាកីឡាករទី២ ប្រចាំ Real Madrid ដែលស៊ុតគ្រាប់បាល់ ៣២៨គ្រាប់ឱ្យ Real Madrid ច្រើនជាងគេ បន្ទាប់ពី Ronaldo លេខ១ ដែលមាន ៤៥១គ្រាប់ប្រចាំប្រវត្តិសាស្ត្រក្លិប Real Madrid។
 
កិច្ចសន្យារវាង Benzema និង Real Madrid នឹងផុតក្នុងឆ្នាំ ២០២៣ ហើយពេលនោះរូបគេនឹងឈានចូលវ័យ ៣៥ឆ្នាំ។ ប៉ុន្តែកីឡាករសម្បូរទៅដោយបទពិសោធន៍ដ៏ឆ្នើមរូបនេះ ត្រូវបានគេរំពឹងថា នឹងអាចទទួលបានកិច្ចសន្យាថ្មី ក្នុងការបន្តដំណើរជាមួយក្រុមអធិរាជស៕
 

Tag:
 Karim Benzema
© រក្សាសិទ្ធិដោយ thmeythmey.com