កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រទស្សនា World Cup នៅកាតា លក់អស់ជិត ៣លានសន្លឹក
19, Oct 2022 , 8:30 am        
រូបភាព
សំបុត្រចូលរួមទស្សនាការប្រកួត ​FIFA World Cup ឆ្នាំ២០២២ នៅកាតាលក់ដាច់ជិត៣លានសំបុត្រហើយ គិតត្រឹមថ្ងៃទី១៧ ខែតុលា។ នេះបើតាមសម្តីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅមុនការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិការ។



ប្រទេសចំនួន៣ មានចំនួនអ្នកទិញសំបុត្រច្រើនជាងគេបំផុត ក្នុងចំណោមសំបុត្រដែលបានលក់អស់ជាង ២,៨៩លានសំបុត្រ ក្នុងនោះប្រទេសកាតាផ្ទាល់តែម្តង ខណៈអាម៉េរិកនៅលំដាប់លេខ២ និងលេខ៣ អារ៉ាប៊ីសាអូឌីត។ នេះបើតាមប្រធានផ្នែកប្រតិបត្តិការ World Cup លោក Colin Smith ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងដូហារនៅថ្ងៃទី១៧ ខែតុលា។
 
បើតាមការអះអាងដដែលពីសំណាក់លោក Infantino ប្រធាន FIFA តាមរយៈពេលវីដេអូបង្ហោះក្នុងសន្និសីទកាសារព័ត៌មាននោះ កញ្ចប់បដិសណ្ឋារកិច្ចចំនួន ២៤០,០០០កញ្ចប់ ត្រូវបានលក់អស់គ្មានសល់សម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ដែលមានរយៈពេលជិត១ខែ។ 
 
ព្រឹត្តិការណ៍ World Cup ធ្វើឡើងនៅប្រទេសកាតា ជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ក្នុងតំបន់មជ្ឈឹមបូពា៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ។ កាតាជាប្រទេសតូចមួយស្ថិតនៅតាមតំបន់ឈូងសមុទ្រអារ៉ាប់ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលរំពឹងថានឹងមានអ្នកទស្សនាមកពីជុំវិញពិភពលោកជាង ១,២លាននាក់។
អ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀតត្រូវបានរំពឹងថានឹងស្នាក់នៅតាមប្រទេសដែលនៅជាប់នឹងប្រទេសកាតា ដូចជា អេម៊ីរ៉ាត់អារ៉ាប់រួម ខណៈដែលអ្នកទេសចរណ៍ទាំងនោះនឹងធ្វើដំណើរដោយហោះត្រង់ពីទីក្រុងឌូបៃទៅទីក្រុងដូហារដើម្បីទស្សនាការប្រកួតតាមការកំណត់។
 
មកដល់ពេលនេះបន្ទប់ស្នាក់នៅពេលយប់ ជាង ២លានបន្ទប់ត្រូវបានកក់អស់ ហើយ ស្របពេលកាតាក៏កំពុងត្រៀមបន្ថែមចំនួនបន្ទប់ស្នាក់នៅជាង ៣ម៉ឺនបន្ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរណ៍រយៈពេលចុងក្រោយនៃការលក់សំបុត្រ។ នេះជាអ្វីដែលលោក Yasir Al Jamal ជាអគ្គនាយកនៃគណៈកម្មាធិការៀបចំការប្រកួតនៅកាតាបាននិយាយ។
គួរបញ្ជាក់ដែរថា សម្រាប់ក្រុមបុគ្គលិក មន្ត្រីនៃការប្រកួត ភ្ញៀវសំខាន់ៗនៃ FIFA និងក្រុមកីឡាករ ភាគច្រើនត្រូវបានអ្នករៀបចំកម្មវិធីប្រកួត បានត្រៀមបន្ទប់សណ្ឋាគាជាង ៨០ភាគរយក្នុងប្រទេសកាតា សម្រាប់ពួកគេស្នាក់នៅអំឡុងការប្រកួត៕
 
 

Tag:
 (FIFA
  Gianni Infantino)
© រក្សាសិទ្ធិដោយ thmeythmey.com