ជាតិ
​​​ន​យោ​បាយ​ជាតិ​
របាយការណ៍អង្គការ​ Freedom House របស់អាម៉េរិក៖ កម្ពុជាស្ថិតក្នុងចំណោម​ប្រទេស​គ្មាន​សេរីភាព
19, Oct 2022 , 12:09 pm        
រូបភាព
ដោយ: រួបរួម
អង្គការ​ Freedom House របស់សហរដ្ឋអាម៉េរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០២២ របស់ខ្លួន ស្តីពីសេរីភាពនៅបណ្តា​ប្រទេស/ដែនដី​ នានា​លើ​ពិភពលោក។ ចំពោះ​តារាងសេរីភាព​សកល កម្ពុជាស្ថិតក្នុងចំណោម​ប្រទេស​ដែលគ្មាន​សេរីភាព និង​មាន​សេរីភាព​ខ្លះពាក់ព័ន្ធ​នឹង​សេរីភាពអ៊ីនធ័រណិត។

 
សម្រាប់​សេរីភាពសកល (Global Freedom) របាយការណ៍ Freedom House ផ្តោតលើ​សិទ្ធិនយោបាយ និង​សេរីភាពជន​ស៊ីវិលនៅ​បណ្តា​ប្រទេស និង​ដែនដី ចំនួន​២១០។ កម្ពុជាទទួលបាន​ពិន្ទុ ២៤លើ១០០ ដែលជាចំណាត់ថ្នាក់ «គ្មាន​សេរីភាព» (Not Free)។
 
របាយការណ៍​បាន​បង្ហាញថា ស៊ីរី តំបន់ទីបេ និងស៊ូដង់​ខាងត្បូង មាន​ការ​រឹតត្បិតសេរីភាពខ្លាំងជាងគេ។ មីយ៉ាន់ម៉ា មាន​ចំណាត់ថ្នាក់លេខ​៩​ដែល​មាន​លក្ខណៈយ៉ាប់យ៉ឺន​ស្មើ​ចិន។ រីឯបណ្តា​ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត​ដែលស្ថិតក្នុង​ចំណាត់ថ្នាក់ Not Free ផងដែរនោះ រួមមាន ឡាវ វៀតណាម ព្រុយណេ និង​ថៃ។
 
សម្រាប់សេរីភាពសកលនេះ​ដែរ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់​ប្រទេស​ដែលមាន​សេរីភាព​ខ្លះ (Partly Free)។ រីឯសហរដ្ឋអាម៉េរិក បណ្តា​ប្រទេសជាច្រើននៅ​អឺរ៉ុប រួមទាំង​តៃវ៉ាន់ ជាប្រទេស/ដែនដី​ដែលមាន​សេរីភាព ស្របពេល​ដែល ស៊ុយអែត ន័រវេស និងហ្វាំងឡង់ មាន​ពិន្ទុល្អខ្ពស់ជាងគេ។
 
ងាក​ទៅសេរីភាព​អ៊ីនធ័រណិត (Freedom on the Net) ឯណោះវិញ កម្ពុជា​ទទួលបាន​៤៣ពិន្ទុ​លើ​១០០ ដែលបង្ហាញថា មាន​សេរីភាពផ្នែកខ្លះ ឬសេរីភាពមិនពេញលេញ (Partly Free)។ នៅផ្នែកនេះ អង្គការអាម៉េរិក ផ្តោតលើចំណុច​៣​សំខាន់គឺ​​ឧបសគ្គ​ចូលប្រើប្រាស់ (Obstacles to Access), ការកំណត់មាតិកា (Limits on Content) និងការរំលោភសិទ្ធិអ្នក​ប្រើប្រាស់ (Violations of User Rights) នៅ​បណ្តា​ប្រទេសចំនួន​៧០។
 
ចិន ត្រូវបាន​វាយតម្លៃថា គ្មាន​សេរីភាព​ជាងគេ​លើ​ការ​ប្រើ​ប្រាស់អ៊ីនធ័រណិត ហើយ​មីយ៉ាន់ម៉ា ស្ថិតនៅ​លេខ​បន្ទាប់។ វៀតណាម និង​ថៃ ក៏ស្ថិតក្នុង​ចំណោម​ប្រទេស គ្មាន​សេរីភាព (Not Free) ផងដែរ ខណៈឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់ Partly Free ដូចកម្ពុជា។
 
អ៊ីស្លង់ អេស្តូនី កូស្តារីកា និងកាណាដា ជាប្រទេស​ដែលមាន​សេរីភាព​អ៊ីនធ័រណិត​ជាងគេ។ សហរដ្ឋអាម៉េរិក ប្រទេសជាច្រើន​នៅអឺរ៉ុប កោះតៃវ៉ាន់ ក៏មាន​ស្ថានភាពល្អ​ផងដែរ។ 
 
ជាមួយគ្នានេះ Freedom House បាន​វាស់ស្ទង់ពី​កម្រិត​ប្រជាធិបតេយ្យ (Democracy Scores) ​នៅ​ប្រទេសចំនួន​២៩ពី​អឺរ៉ុបកណ្តាល ទៅអាស៊ីកណ្តាល។ របាយការណ៍បង្ហាញថា តួកមីនីស្ថានគ្មានពិន្ទុរាប់ឡើយ ខណៈអាស៊ែបៃហ្សង់, តាជីគីស្ថាន, បេឡារុស, អ៊ូសបេគីស្ថាន រុស្ស៊ី កាហ្សាក់ស្ថាន និង​គៀរហ្ស៊ីសស្ថាន ស្ថិតក្នុងចំណាត់ថ្នាក់មិនល្អដូចគ្នា។
 
អេស្តីនី ឡេតូនី ​ស្លូវេនី លីទុយអាស៊ី សាធារណរដ្ឋឆេក ស្លូវ៉ាគី ប៉ូឡូញ ប៊ុលហ្គារី រូម៉ានី និងក្រូអាស៊ី ស្ថិតក្នុងចំណោមប្រទេស​​ដែលមាន​ប្រជាធិបតេយ្យខ្ពស់ ខណៈអ៊ុយក្រែន កូសូវ៉ូ ហុងគ្រី ស្ថិតក្នុងចំណោម​ប្រទេស​ដែលមាន​របប​កូន​កាត់៕
 

Tag:
 Freedom House
© រក្សាសិទ្ធិដោយ thmeythmey.com