កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានឥណ្ឌូណេស៊ីដែលជួបគ្រោះរត់ជាន់គ្នាស្លាប់១៣១នាក់ នឹងត្រូវរុះរើ ហើយសង់ថ្មី
19, Oct 2022 , 2:11 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រទេសឥណ្ឌូណេស៊ី នឹងរុះរើកីឡដ្ឋានបាល់ទាត់ដែលបានជួយឧប្បត្តិហេតុរត់ជាន់គ្នាស្លាប់ ១៣១នាក់ថ្មីៗនេះ ហើយសាងសង់សារជាថ្មី។ នេះបើតាមសម្តីលោក ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី១៨ ខែតុលា។



លោក ចូកូ វីដូដូ បានសន្យាថានឹងប្តេជ្ញាចិត្តកែប្រែឱ្យបានហ្មត់ចត់លើវបត្តិកីឡាបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាទីកន្លែងសម្បូរទៅដោយអំពើហិង្សា។ ប្រធានាធិបតីដែលប្រជាជនឥណ្ឌូណេស៊ីនិយមហៅឈ្មោះថា ចូកូវី នាថ្ងៃទី១៨ បាននិយាយបែបនេះប្រាប់ទៅកាន់អ្នកកាសែត ក្រោយពេលជួបពិភាគ្សាជាមួយលោក Gianni Infantino ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។
 
«កីឡដ្ឋានដែលមានឈ្មោះថា Kanjuruhan ក្នុងទីក្រុងម៉ាឡាង […] យើងនឹងរុះរើ ហើយសាងសងកីឡដ្ឋានថ្មីឱ្យស្របទៅតាមស្តង់ដាដែល FIFA បានកំណត់។»។ នេះបើតាមការបញ្ជាក់របស់លោក ចូកូវី ។
 
ហេតុការណ៍រត់ជាន់គ្នា បានកើតឡើងបន្ទាប់ពីការប្រកួតក្នុងលីគកំពូលឥណ្ឌូណេស៊ីរវាងក្រុម Arema FC ទល់ក្រុមភ្ញៀវ Persebaya Surabaya នាថ្ងៃទី១ ខែតុលា ដោយក្រុមម្ចាស់ផ្ទះចាញ់ក្រុមភ្ញៀវលទ្ធផល ៣-២។ ជំនួបនោះ បានបណ្តាលឱ្យមានមនុស្សស្លាប់ ខណៈក្រុមមន្ត្រីប៉ូលិលការពារសុវត្ថិភាពក្នុងកីឡដ្ឋាន និងជាប៉ូលិលតំបន់ក្នុងទីក្រុងម៉ាឡាងត្រូវបានរងការស្តីបន្ទោសពីការប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រអុកឡុកក្នុងទីលាន។ 
 
ក្រោយពេលនៃកិច្ចប្រជុំជាមួយលោក Infantino រួចមកលោក ចូកូវីបានអះអាងបន្ថែមប្រាប់អ្នកកាសែតថាលោកបានយល់ព្រមជាមួយប្រធាន FIFA ក្នុងការប្តេជ្ញាចិត្តផ្លាស់ប្តូរឱ្យបាននូវរបៀបគ្រប់គ្រងកីឡាបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ី។ 
 
ដោយឡែក លោក Infantino ក៏បានលើកឡើងពីជំហរគាំទ្រយ៉ាងខ្លាំងដល់ប្រទេសឥណ្ឌូណេស៊ីថា៖ «ទីនេះគឺជាប្រទេសនៃបាល់ទាត់ ជាប្រទេសមួយដែលមានប្រជាជនជាង ១០០លាននាក់ចូលចិត្ត និងស្រលាញ់កីឡាបាល់ទាត់។ យើងជំពាក់ពួកគេ ហើយក៏នឹងធានាឱ្យបានថាយើងនឹងការពារសុវត្ថិភាពទាំងកីឡាករ អ្នកគាំទ្រទាំងអស់របស់ឥណ្ឌូណេស៊ី។»។
 
គួរបញ្ជាក់ថា ក្រោយតែពីហេតុការណ៍នៃការរត់ជាន់គ្នាបានកើតឡើង សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីបានបើកការស៊ើបអង្កេតលើបញ្ហានេះ និងបានរកឃើញមនុស្សចំនួន ៦នាក់ដែលត្រូវបានចោទប្រកាន់ពាក់ពាន់បញ្ហានេះ។ ក្រៅពីនេះ FIFA មិនបានដាក់ទណ្ឌកម្មណាមួយឡើយលើប្រទេសឥណ្ឌូណេស៊ីចំពោះរឿងហេតុធ្វើឱ្យមានមនុស្សស្លាប់ ផ្ទុយទៅវិញ FIFA បានផ្តល់ជំនួយជាបន្តបន្ទាប់ និង FIFA ស្នើឱ្យមានការការពារសុវត្ថិភាពបន្ថែមលើបាល់ទាត់ឥណ្ឌូណេស៊ី៕
 
 

Tag:
 Indonesia
  Kanjuruhan
© រក្សាសិទ្ធិដោយ thmeythmey.com