ជាតិ
អាជ្ញាធរព្រះសីហនុ ពង្រឹងសន្តិសុខ​សណ្ដាប់ធ្នាប់ អនាម័យ និងសេវា ក្រោយទេសចរកើនឡើង
19, Oct 2022 , 8:59 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅឆ្នេរ ក្នុងខេត្តព្រះសីហនុ នាចុងសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ភ្ញៀវទេសចរដើរកម្សាន្តនៅឆ្នេរ ក្នុងខេត្តព្រះសីហនុ នាចុងសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ភ្នំពេញ៖ និន្នាការភ្ញៀវទេសចរ ដើរកម្សាន្តចុងសប្ដាហ៍ ទៅកាន់ខេត្តព្រះសីហនុ ក្នុងរយៈពីរសប្ដាហ៍ ក្នុងខែតុលា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននៃចំនួនទេសចរនេះ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការផ្លូវល្បឿនលឿន និងមិនយកកម្រៃរហូតដល់បំណាច់ខែតុលា ឆ្នាំ២០២២។



កាលពីចុងសប្ដាហ៍ទី១ នៃខែតុលា ខេត្តព្រះសីហនុទទួលបានទេសចរជាតិ និងអន្តរជាតិប្រមាណ ១១ម៉ឺននាក់ ខណៈថ្ងៃចុងសប្ដាហ៍ទី២វិញ ឡើងដល់ជាង១២ម៉ឺននាក់។ ទិន្នន័យភ្ញៀវទេសចរនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ធ្លាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ថា មានតែពិធីបុណ្យជាតិធំៗប៉ុណ្ណោះ ដែលមានរបាយទេសចរច្រើនដូច្នេះ។ 


 អាជ្ញាធរខេត្តព្រះសីហនុ ចុះដាក់ធុងសំរាមស្ងួត នៅបណ្ដោយឆ្នេរអូរឈើទាល២។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។ 

ស្របពេលកំណើនចំនួនទេសចរនេះ សណ្ដាប់ធ្នាប់ ពិសេសសន្តិសុខ អនាម័យបរិស្ថាន​ ជារឿងដែលត្រូវយកចិត្តទុកដាក់។ ជុំវិញការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នេះ លោក ឡុង ឌីម៉ង់ បានអះអាងដូច្នេះ៖ «ជាក់ស្ដែងឯកឧត្ដមអភិបាលខេត្ត បានឱ្យគណៈបញ្ជាការក្រុង ស្រុកទាំងអស់ ឱ្យបង្កើនការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានគត់មត់ ធ្វើយ៉ាងម៉េចឱ្យទេសចរកម្សាន្តសប្បាយ ដោយគ្មានការភ័យខ្លាច ពីចោរកម្មផ្សេងៗ»។ 
 
ជាមួយគ្នានេះ ការរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈនេះ អភិបាលរងខេត្តរូបនេះបញ្ជាក់ទៀតថា អាជ្ញាធរក៏បង្កើនការយកចិត្តដាក់ លើបញ្ហាអនាម័យបរិស្ថាននេះផងដែរ​។ ក្រៅពីយកចិត្តទុកដាក់លើចំណុចខាងលើនេះ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក៏ពង្រឹងលើគុណភាពសេវាកម្ម។ 
  

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាពពីគណនីតេឡេក្រាម របស់លោក ឡុង ឌីម៉ង់។ 

លោក ឡុង ឌីម៉ង់ រៀបរាប់ពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍បែបនេះ៖ « ការគិតគូរក្នុងការបន្ថែមនូវគុណភាពសេវារបស់យើង ជាពិសេសមន្ទីរទេសចរណ៍ បានណែនាំដល់បណ្ដាភោជនីយដ្ឋាន ដែលជាអាជីវករ (ដើម្បី) បម្រើសេវាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ហើយនឹងមិនឱ្យមានការដំឡើងថ្លៃ»។ 
 
គួរជម្រាបផងដែរថា នៅសប្ដាហ៍ទី២ (ថ្ងៃទី១០ ដល់ទី១៦) ខែតុលានេះ ភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនជិត១លាននាក់ ក្នុងនោះទេសចរជាតិចំនួន ៩១៤ ៥៤៣នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមាន ៩៣៨ ៩២៨នាក់។ ដោយឡែកខេត្តព្រះសីហនុទទួលបានទេសចរណ៍ច្រើនលំដាប់ទី២ គឺចំនួន ១៣៩ ៥៩២នាក់៕
 
 

Tag:
 ThmeyThmey25
  ផ្លូវល្បឿនលឿន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com