កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក ជំរុញកាតាឱ្យមានភាពអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់ជាមួយអ្នកគាំទ្រនៅ World Cup
20, Oct 2022 , 8:29 am        
រូបភាព
អាម៉េរិក ជំរុញអាជ្ញាធរ និងមន្ត្រីប៉ូលិលប្រទេសកាតាដែលត្រៀមរការពារសណ្តាប់ធ្នាប់ក្នុងការប្រកួត FIFA World Cup ឱ្យមានភាពអត់ធ្មត់ និងភាពអធ្យាស្រ័យខ្ពស់ ចំពោះអ្នកទៅគាំទ្រព្រឹត្តិការណ៍នេះ។ នេះបើតាមសម្តី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងដូហារ នៅថ្ងៃទី១៨ ខែតុលា ស្របពេលនឹងមានអ្នកគាំទ្រប្រមូលផ្តុំគ្នារាប់ម៉ឺននាក់អំឡុងការប្រកួតនោះ។



«យើងចង់ធានាឱ្យបានថាការអនុវត្តន៍ច្បាប់ គឺឱ្យត្រូវចំទីកន្លែង។ យើងចង់ឱ្យមានការធានា លើការគ្រប់គ្រងអ្នកគាំទ្រ ដោយក្រុមមន្ត្រីកាតាទាំងអស់គួរតែមានភាពអត់ធ្មត់ និងការអធ្យាស្រ័យខ្ពស់ និងតម្លាភាព។»។ ​លោក Timmy Davis ឯកអគ្គរដ្ឋទូតអាម៉េរិកបាននិយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយកិច្ចពិភាគ្សាជាមួយខាងអាជ្ញាធរប្រទេសកាតា។
 
សម្រាប់ការប្រកួត World Cup នៅចុងឆ្នាំ ២០២២ ក្នុងប្រទេសកាតា អ្នករៀបចំការប្រកួតមិនបានបញ្ជាក់ច្បាស់ជាសាធារណៈនៅឡើយទេអំពីវិធីសាស្រ្តរបស់ពួកគេទៅលើក្រុមន្ត្រីប៉ូលិសដែលត្រៀមការពារនិងរក្សាសន្តិសុខពេលព្រឹត្តិការណ៍។ ទូតអាម៉េរិក ក៏ដូចជាទូតដទៃដែលមានកិច្ចសហប្រតិបត្តិការជាមួយកាតា បានប្រាប់ទៅអ្នកគាំទ្ររៀងខ្លួនថាពួកគេអាចនឹងត្រូវបានរងការផាកពិន័យផ្សេងៗចំពោះអាកប្បកិរិយាមិនល្អ ដែលអាកប្បកិរិយាទាំងនោះទទួលបានការអធ្យាស្រ័យនៅកន្លែងផ្សេងក្រៅពីកាតា។
 
បើយោងតាមក្រមច្បាប់នៃប្រទេសកាតា សេរីភាពនៃការបញ្ចេញមតិត្រូវបានរឹតត្បិត ការស្រលាញ់ភេទដូចគ្នាគឺខុសច្បាប់ ការសេបគ្រឿងស្រវឹងទីសាធារណៈអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ សម្រាប់ប្រជាជនកាតាការស្លៀកពាក់បង្ហាញមុនមាត់ក៏អាចជាហេតុផលនៃការចាប់ខ្លួន​។ 
 
រឿងខ្លះក្នុងចំណោមនេះអាចត្រូវបានទទួលការលើកលែងក្រៅពីប្រទេសកាតា ដូចជាការបង្ហាញក្តីស្រលាញ់តាមទីសាធារណៈ ការស្លៀកពាក់បង្ហាញមុខ ការជួបជុំទស្សនាការប្រកួតដោយមានគ្រឿងស្រវឹងជាដើម។
 
យ៉ាងណាមិញ អ្នករៀបចំកម្មវិធីប្រកួត World Cup ក្នុងប្រទេសកាតាធ្លាប់បានអះអាងរួចមកហើយថា​ ប្រទេសកាតាបានត្រៀមខ្លួនរួចស្រេចលើបញ្ហានៃការបន្ធូរបន្ថយច្បាប់រិតត្បិត ហើយកាតាក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្ហាញគោលបំណងពីភាពបត់បែនសម្រាប់អ្នកគាំទ្រចំពោះការបំពានតិចតួចដែលនឹងកើតមាន។
 
សូមជម្រាបថា ព្រឹត្តិការណ៍ World Cup 2022 នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា តទៅ។ World Cup 2022 ក៏ជាការប្រកួតលើកទី២៣សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះ ហើយក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ដែល World Cup ធ្វើឡើងនៅតំបន់មជ្ឈឹមបូពា៍ និងជាលើកទី២ សម្រាប់ទ្វីបអាស៊ី៕
 

Tag:
 World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com