ជាតិ
អាស៊ាន
ឆ្លៀតពីការសិក្សា យុវតី ពេញបូរមី និង គន្ធា ធ្វើជាមន្រ្តីទំនាក់ទំនងយុវជនអាស៊ាន ដើម្បីពង្រឹងសមត្ថភាព
09, Nov 2022 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា សុវត្ថិ ពេញបូរមី និង លឹម គន្ធា ជាសិស្សថ្នាក់ទី១២ នៃសាលាបញ្ញាសាស្រ្តបាត់ដំបង ដែលជាយុវជនស្ម័គ្រចិត្តក្នុងកម្មវិធី «កិច្ចប្រជុំក្រុមប្រឹក្សាសសរស្តម្ភសហគមន៍-វប្បធម៌អាស៊ាន លើកទី២៨ » ក្នុងនាមជាមន្រ្តីទំនាក់ទំនង។ ទោះជាកំពុងសិក្សាថ្នាក់វិទ្យាល័យ និងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្តី តែយុវជនទាំង២រូប នៅតែខ្មីឃ្មាតចូលរួមសកម្មភាពសង្គម។ 



ចំពោះ គន្ធា និង ពេញបូរមី ការចូលរួមក្នុងកម្មវិធីលំដាប់ថ្នាក់អាស៊ាននេះ ជាឱកាសបង្កើនសមត្ថភាពទំនាក់ទំនង និងទទួលបានបទពិសោធន៍ថ្មី សម្រាប់ត្រៀមខ្លួនចូលមហាវិទ្យាល័យ។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អុ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖

 

កញ្ញា  សុវត្ថិ ពេញបូរមី និង លឹម គន្ធា ជាមន្រ្តីទំនាក់ទំនង ឬ Liaison Officer (LO) ក្នុងកម្មវិធី កិច្ចប្រជុំក្រុមប្រឹក្សាសសរស្តម្ភសហគមន៍-វប្បធម៌អាស៊ាន លើកទី២៨ (ASCC) ។ យុវជនដែលមកពីខេត្តបាត់ដំបងទាំងពីររូបនេះ បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលក្រុមយុវជន ដែលមកពីប្រទេសសមាជិកអាស៊ាន (AMS) ដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ 
 
ពេញបូរមី ជាមន្រ្តីទំនាក់ទំនង នៃយុវជនមកពីប្រទេសម៉ាឡេស៊ី ចំណែក គន្ធា ជាមន្រ្តីទំនាក់ទំនងយុវជនកម្ពុជា។ កូនអ្នកខេត្តបាត់ដំបងទាំង២រូបនេះ មានតួនាទីក្នុងការសម្របសម្រួលក្រុមយុវជននៃប្រទេសនីមួយៗ តាមកាលវិភាគ តាមពេលវេលា និងប្រាប់ពីព័ត៌មានផ្សេងៗ។ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន យុវជនវ័យក្មេងទាំង២រូបនេះ មានកាតព្វកិច្ចខ្ពស់ក្នុងការមើលថែក្រុមយុវជនទាំងនោះ ឱ្យមានសុវត្ថិភាព។ 
  

កញ្ញា សុវត្ថិ ពេញបូរមី កំពុងថតរូបឱ្យយុវជននៃប្រទេសម៉ាឡេស៊ី នៅរមណីយដ្ឋានវត្តភ្នំ។ រូបភាពដោយ៖ ហុង ស្រីណា
 
កញ្ញា សុវត្ថិ ពេញបូរមី បានលើកឡើងពីទំនួលខុសត្រូវនៃតួនាទីខ្លួន ប្រាប់អ្នកសារព័ត៌មានThmeyThmey25 ក្នុងបទសម្ភាសនៅរមណីយដ្ឋាន វត្តភ្នំ ដូច្នេះ៖« ខ្ញុំជាមន្រ្តីទំនាក់ទំនង(LO)ខាងម៉ាឡេស៊ី។ គាត់មកពីប្រទេសខាងក្រៅ អ៊ីចឹងខ្ញុំមានតួនាទីក្នុងការជួយពួកគាត់ ប្រាប់ផ្លូវពួកគាត់ ដើរតាមពួកគាត់ ប្រាប់គាត់ជានិច្ចថា ត្រូវទៅខាងណា។ បើមានព័ត៌មានអ្វី ខ្ញុំត្រូវបញ្ជាក់ប្រាប់គាត់ពីម៉ោង ពីពេលវេលា តាមមើលថែពួកគាត់រហូត ដើម្បីកុំឱ្យមានបញ្ហា។ ក្នុងនាមយើងជាម្ចាស់ផ្ទះ មិនត្រូវឱ្យមានបញ្ហាអ្វីមួយកើតដោយអចេតនា ធ្វើឱ្យគាត់ពិបាក មានភាពមិនងាយស្រួល ក្នុងការមកប្រទេសរបស់យើង។ ក្នុងនាមខ្ញុំជាខ្មែរ សញ្ជាតិខ្មែរ ខ្ញុំចង់ឱ្យប្រទេសយើងផ្តល់ភាពងាយស្រួលដល់អ្នកដទៃ ដែលមកប្រទេសយើង»។ 
សម្រាប់ លឹម គន្ធា ក៏មិនខុសពី ពេញបូរមី ដែរ ។ បើតាម គន្ធា ក្រោយបញ្ចប់ការងារមួយថ្ងៃ មន្រ្តីទំនាក់ទំនង ត្រូវរាយការណ៍ទៅក្រុមការងារអំពីសុខសុវត្ថិភាពរបស់ក្រុមយុវជនទាំងអស់។ ក្នុងនាមជាមន្រ្តីទំនាក់ទំនង ពេញបូរមី និង គន្ធា មានការទទួលខុសត្រូវចំពោះការរស់នៅរបស់ក្រុមយុវជន ដែលចូលរួមការប្រកួតដេញដោលយុវជនអាស៊ាន។ 
យុវជនទាំងពីររូបនេះ រីករាយនឹងការរៀនសូត្រ ក៏ដូចជាបង្កើតទំនាក់ទំនងជាមួយយុវជនក្នុងតំបន់។ ទន្ទឹមនោះ ការងារនេះក៏ជាផ្នែកក្នុងការជួយពង្រឹងសមត្ថភាពភាសាបរទេសរបស់យុវជនទាំងពីរ ឱ្យកាន់តែប្រសើរផងដែរ។ 
 
«កត្តាចម្បង ខ្ញុំមិនសូវពូកែទំនាក់ទំនង ខ្ញុំខ្លាចខ្លួនឯង។ អ៊ីចឹងខ្ញុំចង់ចូលកម្មវិធីឱ្យបានច្រើន ដើម្បីបង្កើនវា។ កត្តាទី២ គឺខ្ញុំចូលចិត្តកម្មវិធីជជែកដេញដោលមែន ខ្ញុំធ្លាប់ចូលរួមប្រកួតនៅតាមខេត្ត ប៉ុន្តែការប្រកួតលើកនេះ គឺប្រកួតថ្នាក់អាស៊ាន។ ខ្ញុំមកសម្រាប់យកបទពិសោធន៍ ទៅសិក្សា ថាតើគេធ្វើម៉េចបានល្អ ដើម្បីពង្រឹងខ្លួនឯង»។ នេះជាការលើកឡើងរបស់ កញ្ញា លឹម គន្ធា អំពីចំណាប់អារម្មណ៍ក្នុងការងារស្ម័គ្រចិត្តជាមន្រ្តីទំនាក់ទំនង។ 


  សកម្មភាពយុវជនអាស៊ានទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានវត្ថភ្នំ។ រូបភាព៖ ហុង ស្រីណា 
 
ជាមួយគ្នានេះ ពេញបូរមី បានបន្ថែមថា ការងារនេះ ផ្ដល់ឱកាសឱ្យខ្លួនទទួលបានចំណេះដឹងថ្មីពីយុវជនអាស៊ាន សម្រាប់ត្រៀមចូលមហាវិទ្យាល័យ។ ទន្ទឹមនឹងការងារជាមន្រ្តីទំនាក់ទំនង ដែលមានភាពមមារញឹកខ្លាំងហើយ យុវជនវ័យក្មេងទាំងពីរខាងលើ ក៏ត្រូវបែងចែកពេលវេលាស្វ័យសិក្សាបន្ថែម ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិខាងមុខ។ គន្ធា និង ពេញបូរមី ត្រូវបំពេញការងារជាអ្នកសម្របសម្រួលនៅពេលព្រឹករហូតដល់ពេលថ្ងៃ ទើបសម្រាក។ 
 
ពេញបូរមី បានបញ្ជាក់ថា៖«ការៀន គឺខ្ញុំយកមកសៀវភៅមកពីខេត្តទុកយប់ឡើង។ ម៉ោងពេលវេលា ដែលពួកខ្ញុំត្រូវរៀន គឺខ្ញុំរៀន ដោយខ្ញុំមានឯកសារសម្រាប់មើល មើលតាមYoutube និងមើលតាម E-School ដែលខ្ញុំរៀន។ នៅពេលអត់ចេះ ខ្ញុំទៅមើលបើកមើលវីដេអូ ហើយធ្វើលំហាត់តាម»។ 
 
ទោះត្រូវបំពេញកាតព្វកិច្ចផង និងឆ្លៀតពេលស្វ័យសិក្សាផងក្តី ប៉ុន្តែយុវជនខាងលើ ចាត់ទុកវាជាបទពិសោធន៍ និងជាការហ្វឹកហាត់សមត្ថភាពសម្រាប់ថ្ងៃមុខ។ តាមរយៈការងារជាមន្ត្រីទំនាក់ទំនងនេះ យុវតី មាឌតូចចិត្តធំ ពេញបូរមី មានចំណាប់យ៉ាងខ្លាំងចំពោះការកម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិលំដាប់ថ្នាក់អាស៊ាននេះ ។ ពេញបូរមី មានកូនចិត្តដាក់ត្រៀមប្រកួតប្រជែងក្នុងកម្មវិធីនាអនាគត ខណៈ គន្ធា ប្តេជ្ញាអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីឱ្យកាន់តែភាពជឿជាក់៕ 
 
 

Tag:
 យុវជន
  អាស៊ាន
  ការជជែកដេញដោលយុវជនអាស៊ាន
 
© រក្សាសិទ្ធិដោយ thmeythmey.com