កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយចាញ់ Man Utd លោក Conte ទទួលស្គាល់ Spurs មិនមែនគូប្រជែងដណ្តើមពាន EPL រដូវកាលនេះទេ
20, Oct 2022 , 10:36 am        
រូបភាព
លោក Antonio Conte សារភាពថា Tottenham Hotspur មិនមែនជាគូប្រជែងដណ្តើមពាន Premier League រដូវកាលនេះទេ បន្ទាប់ពីចាញ់ Manchester United ក្នុងលទ្ធផល ២-០ ក្នុងជំនួបសប្តាហ៍ទី១០ នៅរាត្រីថ្ងៃទី១៩​ ខែតុលា។


Spurs បានរងបរាជ័យក្នុងការប្រកួតលីគសប្តាហ៍ទី១១របស់ខ្លួន ក្រោមថ្វីជើង Man Utd ក្នុងលទ្ធផល ២-០។ ពីរគ្រាប់របស់បិសាចក្រហមសម្រេចបានដោយ Fred នៅនាទី៤៧ និង Bruno Fernandes នៅនាទី៦៩។
 
បើទោះជាចាញ់នៅជំនួបនេះ ខណៈ Spurs នៅឈរចំណាត់ថ្នាក់ទី៣ក្នុងតារាងក្តី ប៉ុន្តែអ្នកចាត់ការទូទៅលោក Conte មើលឃើញថាកូនក្រុមលោកនៅតែមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីក្លាយជាគូប្រជែងដណ្តើមពាន Premier League រដូវកាលនេះ។ 
 
មាន់ខ្នាយមាសចាប់ផ្តើមរដូវកាលដ៏ល្អបំផុតនៅឆ្នាំ ២០២២នេះ និងមានត្រឹម៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ប៉ុន្តែយ៉ាងណាលោក Conte នៅតែគិតថាការដណ្តើមពានគឺលឿនពេកហើយ សម្រាប់ក្រុមដែលខ្លួនទើបដឹកនាំបានជិតមួយឆ្នាំ។
 
«ក្នុងរយៈពេលត្រឹមតែ១០ ឬ ១១ខែ ពិបាកណាស់ក្នុងការដឹកនាំក្រុមក្លាយជាអ្នកប្រជែងដណ្តើមពានជាមួយក្រុមកំពូលៗឡើយ។ ត្រឹមចំណាត់ថ្នាក់ក្រោមលេខ៩ក្រោយបញ្ចប់រដូវកាល ល្អណាស់ហើយ»។ Conte រៀបរាប់បែបនេះ ក្រោយចប់ការប្រកួត។
 
Conte លើកឡើងដូច្នេះ ដោយសារខ្លួនបានដឹងពីបញ្ហា និងមើលឃើញពីស្ថានភាពក្រុម Spurs រួចទៅហើយ។ យ៉ាងណាអតីតគ្រូ Chelsea, Juventus និង Inter Milan រូបនេះ ប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីធ្វើយ៉ាងណាជួយក្រុមប្រជែងពាននៅរដូវកាលក្រោយៗ។
 
ឆ្លងកាត់ការប្រកួត១១លើក Spurs រកបាន២៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៣ក្នុងតារាងលីគកំពូលអង់គ្លេស ស្មើពិន្ទុគ្នាជាមួយក្រុមលេខ២ Manchester City និងតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន៤ពិន្ទុ។
 
ដោយឡែក Man Utd ក្រោយរកបាន៣ពិន្ទុបន្ថែមក្នុងជំនួបសប្តាហ៍ទី១០របស់គេ បានកើន១៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៥ តាមពីក្រោយក្រុមលេខ៤ Chelsea ១ពិន្ទុ ក្រោយស្មើ Brentford ០-០។
លទ្ធផលគូផ្សេងទៀត៖
Liverpool ១-០ West Ham United
Newcastle United ១-០ Everton
Bournemouth ០-១ Southampton ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com