កីឡាអន្តរជាតិ
អន្តរជាតិ
Messi គិតថាមានតែបារាំង និងប្រេស៊ីលប៉ុណ្ណោះសមឈ្នះ World Cup 2022
21, Oct 2022 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
 Lionel Messi ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន យល់ថា មានតែក្រុមបារាំង និងប្រេស៊ីលប៉ុណ្ណោះស័ក្តិសមឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ Messi ហ៊ានអះអាងបែបនេះ ដោយសារបារាំង និងប្រេស៊ីលម្បូរកីឡាករមានទេពកោសល្យ និងប្រកបអាជីពសុទ្ធតែនៅលីគកំពូលៗ។



ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint Germain រូបនេះ បាននិយាយថា ប្រេស៊ីល អាល្លឺម៉ង់ បារាំង អង់គ្លេស និងអេស្ប៉ាញ សុទ្ធសឹងតែជាក្រុមខ្លាំងៗនឹងមានភាគរយខ្ពស់ក្នុងការប្រជែងពានរង្វាន់ ​World Cup។ ប៉ុន្តែ Messi វ័យ ៣៥ឆ្នាំ មើលឃើញថាមានក្រុមពីរប៉ុណ្ណោះដែលល្អជាងគេដាច់ មានបារាំង និង ប្រេស៊ីល សម្រាប់តំណែងជើងឯកពានរង្វាន់ពិភពលោកនេះ។ 
 
ស្របពេល World Cup នៅសល់តែមួយខែទៀតនឹងចាប់ផ្តើមការប្រកួត Messi បានរៀបរាប់ពីមូលហេតុជុំវិញការពេញចិត្តក្រុមប្រេស៊ីល និង បារាំង ថា៖ «យើងតែងតែនិយាយថាក្រុមភាគសុទ្ធសឹងតែល្អដូចគ្នា ប៉ុន្តែប្រសិនបើឱ្យខ្ញុំរើស ខ្ញុំនឹងយកប្រេស៊ីល និងបារាំង ដែលជាបេក្ខភាពដ៏សក្ក័សមបំផុតក្នុងការឈ្នះ ​World Cup»។ 
 
Messi ប្រាប់ទៅកាន់ទូរទស្សន៍ DIRECTV Sports បន្ថរែមថា ទាំងបារាំង និងប្រេស៊ីល សុទ្ធតែមានក្រុមកីឡាករមានគុណភាព  និងសហការគ្នាបានល្អ ហើយក្រុមទាំងពីរមានគ្រូបង្វឹកដ៏ល្អដែលមានគោលដៅច្បាស់លាស់ដូចគ្នាថែមទៀត។ 
 
យ៉ាងណាមិញ Messi មិនបាននិយាយអំពីក្រុមអាហ្សង់ទីនឡើយចំពោះបេក្ខភាពដែលគួរឈ្នះពាននៅប្រទេសកាតា។ អាហ្សង់ទីនជាក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America ឆ្នាំ ២០២១ ហើយមកដល់ពេលនេះអាហ្សង់ទីនឆ្លងកាត់ ៣៥ប្រកួតចុងក្រោយមិនទាន់ស្គាល់បរាជ័យម្តងឡើយ។ អ្នកតាមដានកីឡាបាល់ទាត់ មើលឃើញថាអាហ្សង់ទីនសព្វថ្ងៃជាក្រុមដ៏គួរឱ្យភ័យខ្លាចមួយក្នុងការប្រកួត World Cup លើកទី២៣ នេះ។
 
បច្ចុប្បន្នភាពនៃក្រុមអាហ្សង់ទីន មានបញ្ហា​កីឡាករសំខាន់ៗរបួសតិចតួចប៉ុណ្ណោះ ដូចជា Paulo Dybala និង Angel Di Maria ជាដើម។ 
មុនអាហ្សង់ទីន នឹងត្រូវប្រកួតកំដៅសាច់ដុំជាមួយ អេម៊ីរ៉ាត់អារ៉ាប់រួម មុនការប្រកួត World Cup បើកឆាកពូល C ទល់ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា និងប៉ះប៉ូឡូញ និងម៉ិកស៊ិកនៅជំនួបបន្តបន្ទាប់៕
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com