ជាតិ
អាស៊ាន
ស្ថាបនិក BNI កម្ពុជា៖ សន្ទុះអាជីវកម្មនៅកម្ពុជា មានសក្ដានុពលខ្លាំង នៅក្នុងតំបន់អាស៊ាន
08, Nov 2022 , 10:29 am        
រូបភាព
លោក ឡុកស្មិត សាមឌី ស្ថាបនិក BNI Cambodia
លោក ឡុកស្មិត សាមឌី ស្ថាបនិក BNI Cambodia
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ៩ឆ្នាំហើយ ដែលប៊្រេនឆាយ BNI លេចវត្តមានក្នុងប្រទេសកម្ពុជា តាមរយៈលោក ឡុកស្មិត សាមឌី អតីតអ្នកជំនាញសេដ្ឋកិច្ចនាវាចរណ៍ ពីប្រទេសវៀតណាម ដែលជាស្ថាបនិកក្រុមហ៊ុនមួយនេះ។ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» ស្ថាបនិក Bussiness Network Internation (BNI) បាននិយាយថា សន្ទុះអាជីវកម្មនៅកម្ពុជា មានសក្ដានុពលខ្លាំង នៅក្នុងតំបន់អាស៊ាន។

 
ចាប់តាំងពីឆ្នាំ២០១៣ ប្រ៊េនឆាយ BNI មកពីប្រទេសអាម៉េរិក បានលេចវត្តមាននៅក្នុងប្រទេស ដោយសារលោក ឡុកស្មិត សាមឌី អតីតអ្នកជំនាញសេដ្ឋកិច្ចនាវាចរណ៍ ពីប្រទេសវៀតណាម។ BNI គឺជាក្រុមហ៊ុន ជំរុញការលក់ និងរកទីផ្សារសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មនានានៅកម្ពុជា។ មកដល់បច្ចុប្បន្ន សមាគមមួយនេះ មានសមាជិកជិត២០០០នាក់ ដែលចែកចេញជា ៤៤ក្រុម និងផ្តល់ឱកាសអាជីវកម្មដល់សមាជិកមកពីវិស័យចម្រុះ។ 
 

លោក ឡុកស្មិត សាមឌី ស្ថាបនិក BNI Cambodia.ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ឡុកស្មិត សាមឌី  ស្ថាបនិក BNI Cambodia   ដូចតទៅ៖ 




 
 
បុរសមាឌមាំសម្បុរសខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល១២ខែកន្លងទៅ ចំណូលដែលបំប្លែងជាទឹកប្រាក់របស់ BNI Cambodia ទទួលបានគឺ ៧៩.២ លានដុល្លារ។ រីឯ ៣ខែចុងក្រោយនេះ ក៏ទទួលបានថវិការចំនួន ២៤ លានដុល្លារ ដែលបានចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ 
 
«យើងមានផលិតផលល្អហើយ មានសេវាល្អហើយ តែខ្វះដៃគូដែលជួយផ្សព្វផ្សាយឱ្យយើង អ៊ីចឹងសូមអញ្ជើញគាត់ចូលរួមជាមួយ BNI ក្នុងការប្រើប្រាស់ទម្រង់អាជីវកម្មរបស់ BNI ដើម្បីពង្រីកអាជីវកម្ម។ កាលណាយើងពង្រីកអាជីវកម្មបាន យើងអាចពង្រីកសេដ្ឋកិច្ចខ្លួនឯង និងសេដ្ឋកិច្ចប្រទេសជាតិយើង»។ ទាំងនេះជាការពន្យល់របស់លោក ឡុកស្មិត សាមឌី ស្ថាបនិក BNI Cambodia ។
 
បើយោងតាមលោក លុកស្មីត សាមឌី សមាគម BNI មានបេសកកម្មសំខាន់ចំនួន៦រួមមាន៖ ទី១ ក្រុមលក់ និងទីផ្សារដ៏មានសក្តានុពល ដែលសុទ្ធសឹងជាម្ចាស់អាជីកម្មចាំជួយគាំទ្រគ្នា។ ទី២ សមាជិកទាំងអស់មានសិទ្ធផ្តាច់មុខ ដើម្បីបង្ហាញពីអាជីវកម្មខ្លួនចូលទៅក្នុងក្រុមធំរបស់ពួកគេ។ ទី៣ ប្រភពអាជីវកម្មមិនចេះរីងស្ងួត ពោលគឺម្ចាស់អាជីវកម្មជាសមាជិក តែងតែជួយណែនាំពីសេវាកម្មគ្នាទៅវិញទៅមកតែម្តង។ ទី៤ ការបង្កើតវគ្គបណ្តុះបណ្តាល និងអប់រំ ទៅកាន់សមាជិកក្នុងក្រុមនីមួយៗ ពីអ្នកជំនាញៗ។ ទី៥ ទំនាក់ទំនងអាជីវកម្មយូរអង្វែង ដែលមានន័យថា សមាជិកទាំងអស់រីករាយនឹងការសហការគ្នា និងបំពេញឱ្យគ្នា ជាជាងការចង់បានពីគ្នា។ ទី៦ ឱកាសនៃការពង្រីកអាជីវកម្មទៅកាន់ទីផ្សារក្រៅប្រទេសរហូតដល់ ៧៦ប្រទេស នៅលើពិភពលោក។
 
អតីតអ្នកជំនាញសេដ្ឋកិច្ចនាវាចរណ៍រូបនេះ រំពឹងទុកថា ក្នុងឆ្នាំ២០២៣  BIN Cambodia នឹងកើនសមាជិក១០០០នាក់បន្ថែមទៀត ។ ទន្ទឹមនេះលោក សាមឌី  ក៏មានកិច្ចសហការជាមួយវិនិយោគិនពីបរទេស ដែលចាប់អារម្មណ៍មកបើកអាជីវកម្មនៅកម្ពុជាដែរ ។ បើតាមលោក សាមឌី វិនិយោគិនទាំងនោះ បានសម្លឹងឃើញទាំងសក្តានុពលទីផ្សារ និងកត្តាធនធានមនុស្សក្នុងប្រទេស៕
 
 
 
 
 

Tag:
 វិស័យសេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com