កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa បញ្ចប់តំណែង Gerrard ក្រោយដឹកនាំបាន១១ខែ
× ក្លិប Aston Villa បានសម្រេចបញ្ចប់តំណែងលោក Steven Gerrard ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមបន្តចាញ់ Fulham ៣-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២១ ខែតុលា។ ឆ្លងកាត់១១ប្រកួតរដូវកាលនេះ Aston Villa ឈ្នះតែពីរប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Gerrard។
Aston Villa បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគកំពូលអង់គ្លេសមាន៩ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១១លើក ចាញ់៦ ឈ្នះ២ និងស្មើ៣លើក។ បន្ទាប់ពីការប្រកួតចុងក្រោយចាញ់ Fulham ក្លិប Aston Villa ក៏បានបញ្ចប់តំណែង Gerrard តែម្តង។
អ្នកនាំពាក្យក្លិប Aston Villa បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«យើងសូមអរគុណដល់ Steven Gerrard សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គាត់ ហើយជូនពរឱ្យគាត់ជោគជ័យនាពេលអនាគត» ។
Gerrard អ្នកចាត់ការសញ្ជាតិអង់គ្លេស បានឡើងកាន់តំណែងជំនួសលោក Dean Smith ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីតួនាទីអ្នកចាត់ការនៅ Rangers នៃលីគកំពូលស្កុតឡែន។
ដឹកនាំ Aston Villa សរុប៤០ប្រកួត ក្នុងរយៈពេល១១ខែ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស និង Liverpool វ័យ៤២ឆ្នាំរូបនេះ រកបានជ័យជម្នះតែ១១លើកប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com