ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាស៊ាន
សហគ្រិនស្រ្តីវ័យក្មេងអាស៊ានតាំងចិត្តជំរុញទីផ្សារឱ្យគ្នាទៅវិញទៅមក ដើម្បីប្រជែងក្នុងតំបន់
12, Nov 2022 , 12:09 pm        
រូបភាព
ក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន
ក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ប្រធានក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន អ្នកស្រី យូ បូរី លើកឡើងថា ក្លិបនឹងជំរុញឱកាសអាជីវកម្មដល់សហគ្រិនស្រ្តីវ័យក្មេងក្នុងតំបន់អាស៊ាន ទាំងការចែករំលែក បំពេញចំណេះ ជំនាញដល់គ្នាទៅវិញទៅមក។ ក្នុងនាមជាអ្នកដឹកនាំមួយរូប អ្នកស្រី បូរី បានស្នើភាគីពាក់ព័ន្ធឱ្យជួយសម្រួលការងារផ្នែកច្បាប់ ដើម្បីឱ្យពួកគេមានឱកាសនាំយកផលិតផលក្នុងដៃចេញទៅទីផ្សារអាស៊ាន ។



 អ្នកស្រី យូ បូរី  ប្រធានក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ អ្នកស្រី យូ បូរី ប្រធានក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន    ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖ ក្នុងនាមអ្នកស្រីជាថ្នាក់ដឹកនាំក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ានអាណត្តិនេះ តើមានបេសកកម្មសំខាន់អ្វីខ្លះ?
អ្នកស្រី យូ បូរី៖ នៅឆ្នាំ២០២២នេះ គឺជាប្រធានប្តូរវេនរបស់ប្រទេសកម្ពុជាយើង ហើយមាននាងខ្ញុំ បូរី គឺជាតំណាង ដែលមានសហគ្រិនស្រ្តីគ្រប់ប្រទេសចូលរួម តែមានបីរូបតំណាងឱ្យប្រទេសនីមួយៗ ក្នុងនាមជាអនុប្រធាន និងលេខាធិការ  ក៏ដូចជាក្រុមប្រឹក្សាភិបាល ទទួលបន្ទុកលើការងារទំនាក់ទំនង ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាព សរុបទាំងអស់ ៣០នាក់។  បេសកកម្មក្លិបឆ្នាំនេះ គឺយើងរួបរួម និងគាំទ្រគ្នាទៅវិញទៅមក ទៅលើសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ទាំងអ្នកប្រកបរបររកស៊ីខ្នាតតូច ក្នុងស្រុក និងអ្នកនាំចេញ ធ្វើយ៉ាងណាគាំទ្រសហគ្រិនស្រ្ត័វ័យក្មេងឱ្យមានភាពរឹងមាំក្នុងការធ្វើអាជីវកម្ម ដើម្បីធានានិរន្តរភាពសេដ្ខកិច្ចខ្លួនឯង ក៏ដូចជាក្រុមគ្រួសារដែរ។ 
 
កញ្ញា សុង សុធាវី៖ ចំពោះការគាំទ្រនេះ តើមានការចូលរួមចំណែកអ្វីខ្លះដែរ?
អ្នកស្រី យូ បូរី៖ ពាក្យថាគាំទ្រទៅលើសហគ្រិនស្រ្តីវ័យក្មេងអាស៊ាននេះ គឺមានគ្រប់សកម្មភាពទាំងអស់ រួមមាន ការបង្កើតឱកាសសម្រាប់សហគ្រិនស្រ្តី ឆ្ពោះទៅកាន់ទីផ្សារ ហើយយើងបង្កើតបណ្តាញពីសមាជិកប្រទេសមួយទៅប្រទេសមួយឱ្យស្គាល់គ្នាកាន់តែប្រសើរ ព្រមទាំងឱកាសផ្លាស់ប្តូរអាជីវកម្មពីម្នាក់ទៅម្នាក់ និងពីប្រទេសទៅប្រទេសផងដែរ។ ទី២ យើងបណ្តុះបណ្តាល និងបង្កើនសមត្ថភាព ជារៀងរាល់បីខែម្តង តាមរយៈអនឡាញន៍ ពីបណ្តាសមាជិកទាំងអស់ក្នុងការចែករំលែក ចំណេះដឹង បទពិសោធន៍ ទាំងការផ្លាស់ប្តូរអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ និងផ្តល់ចំណេះដឹងនៃភាពជាអ្នកដឹកនាំ គ្រប់គ្រងធនធានមនុស្ស ។ល។ ជារួមវាត្រូវការយើងខាងក្នុងមានការសាមគ្គីគ្នាខ្ពស់ ដើរទៅកាន់ទិសដៅរួមតែមួយ និងប្តេជ្ញាចិត្តខ្លាំងមែនទែនក្នុងការទំនាក់ទំនង ទៅកាន់សមាជិកនៃបណ្តាប្រទេសផ្សេងៗ សម្រាប់ខ្ញុំពេលខ្លះមិនបានគេងទេ។


  អ្នកស្រី យូ បូរី  ប្រធានក្លិបប្តូរវេនសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន
 
 
កញ្ញា សុង សុធាវី៖ អ្នកស្រី បើធៀបទៅនឹងអាស៊ាន តើសក្តានុពលសហគ្រិនស្រ្តីកម្ពុជាឋិតក្នុងកម្រិតណាដែរ?
អ្នកស្រី យូ បូរី៖ ចាស! សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជឿជាក់់លើសមត្ថភាពសហគ្រិនស្រ្តីខ្មែរយើង អ៊ីចឹងយើងប្រើភាសាបរទេស យើងប្រើចំណេះដឹងសម្របសម្រួលជាភាសាបរទេសជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ហើយសហគ្រិនស្រ្តីយើងអាចដើរទៅទន្ទឹមជាមួយគេ និងមានចំណុចខ្លះអាចមានភាពប្រសើរជាងគេដែរ។
 
កញ្ញា សុង សុធាវី៖ ចំណុចដែលមានភាពប្រសើរជាងគេនោះសូមអ្នកស្រីជួយបញ្ជាក់បន្ថែមផង?
អ្នកស្រី យូ បូរី៖ ទាក់ទងនឹងភាពប្រសើរ គឺចំណេះដឹងក្នុងការដឹកនាំអាជីវកម្មធុនតូច MSME មានភាពច្បាស់លាស់ និងបត់បែនបានល្អ។  ទន្ទឹមនេះគឺភាពក្លាហាន ភាពជម្នះ យ៉ាងស្វិតស្វាញក្នុងការអនុវត្តន៍គម្រោងផែនការក្នុងដៃ ដើម្បីឱ្យឆ្នាំ២០២២ទទួលបានសមិទ្ធផលល្អសម្រាប់ប្រទេសអាស៊ានទាំងមូល។
 
កញ្ញា សុង សុធាវី៖ ជាមួយគ្នានេះ អ្វីជាចំណុចខ្វះខាតដែលសហគ្រិនស្រ្តីកម្ពុជាត្រូវបំពេញបន្ថែម?
អ្នកស្រី យូ បូរី៖  ជារួមយើងត្រូវពង្រឹងនូវចំណេះដឹងសាកល ដូចជាទាក់ទងនឹងផ្លួវច្បាប់ ច្បាប់ក្នុងការធ្វើអាជីវកម្ម បែបបទរដ្ឋបាលក្នុងការគ្រប់គ្រងអាជីវកម្ម ក្បួនក្នុងការគ្រប់គ្រងមនុស្ស ។ល។ អ៊ីចឹងទាមទារឱ្យសហគ្រិនស្រ្តីយើង ស្វះស្វែងរកព័ត៌មាន ស្តាប់ឱ្យច្រើន និងរៀនសូត្រពីអ្នកជំនាញ ទើបនាំឱ្យយើងអាចយកអាជីវកម្មយើងឆ្ពោះទៅក្នុងទីផ្សារអន្តរជាតិបាន។ 
 
កញ្ញា សុង សុធាវី៖ តាមរយៈបេសកកម្មដ៏សំខាន់នេះ តើអ្នកស្រីគិតថា សហគ្រិនស្រ្តីកម្ពុជាយើងអាចនាំយកផលិតផលខ្លួនទីកាន់ទីផ្សារអាស៊ានបានកម្រិតណា?
អ្នកស្រី យូ បូរី៖ សម្រាប់ខ្ញុំ គឺឱកាសមានជាប្រចាំរហូត ពេលគេមកស្រុកខ្មែរយើងគេឃើញ គឺគេសប្បាយចិត្ត ហើយថាជាផលិតផលល្អ និងជាផលិតផលដែលមានឱកាសអាចនាំចេញទៅក្រៅបាន។ អ៊ីចឹងសួរថាឱកាសបានប៉ុន្មាន? គឺឱកាស ចាំតែយើងទេ! តើយើងចង់បានឱកាសប៉ុន្មាន ហើយយើងចង់យកអាជីវកម្មយើងទៅក្រៅដែរទេ? តើយើងផ្ទាល់ត្រូវរៀបចំដូចម្តេច? មានទាំងស្តង់ដារនៃការផលិត ការវេចខ្ចប់ ប្រព័ន្ធការងាររបស់បុគ្គលិកធ្វើយ៉ាងណាឱ្យ សេវាកម្ម គ្រប់ស្តង់ដារតម្រូវរបស់ប្រទេសអាស៊ានផងដែរ។
 
កញ្ញា សុង សុធាវី៖ ក្រៅពីការតាំងចិត្តរបស់សហគ្រិនស្រ្តីវ័យក្មេងកម្ពុជា តើអ្នកស្រីមានការសំណូមពរពីទៅកាន់ភាគីពាក់ព័ន្ធដូចម្តេច ដើម្បីជំរុញឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព?
អ្នកស្រី យូ បូរី៖ ជាការសំណូមពរយ៉ាងទទូច ព្រោះពាក្យថាសហគ្រិនវ័យក្មេង គឺបទពិសោធន៍ខ្ចីណាស់ ពិសេសចំណេះដឹងផ្លូវច្បាប់ ក្បួនខ្នាតក្នុងការគ្រប់គ្រងអាជីវកម្ម ធនធានមនុស្ស ចុះបញ្ជីគណនេយ្យ។ល។ រហូតមកដល់ឥឡូវយើងនៅមានកំរិត ដែលត្រូវការជំរុញបន្ថែមទៀត ឱ្យស្រ្តីទទួលបានចំណេះដឹងកាន់តែច្រើន។ ជាមួយគ្នានេះ នាងខ្ញុំក៏សុំឱ្យដៃគូពាក់ព័ន្ធទាំងអស់ផ្តល់ភាពងាយស្រួលដល់ស្រ្តី ដើម្បីំមានពេលគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ពួកគាត់ ពង្រឹងសម្ថភាព និងដើរឆ្ពោះទៅកាន់ទីផ្សារ ព្រោះថាពាក្យថាសហគ្រិននេះមួយ គាត់មិនមែនធ្វើតែសហគ្រិនដែលផ្តោតលើការងារខាងក្រៅទេ តែគាត់ត្រូវធ្វើការងារខាងក្នុងទៀត ជាម្តាយផង ភរិយាផង ត្រូវគ្រប់គ្រងគ្រួសារ។ អ៊ីចឹងអ្វីដែលគាត់ត្រូវទទួលខុសត្រូវវាច្រើន សម្រាប់ពេលវេលា ២៤ម៉ោង ដែលមាន។ អ៊ីចឹងសូមភាគីពាក់ព័ន្ធជួយសម្រួលកត្តាទាំងអស់នេះ ដើម្បីឱ្យស្រ្តីងាយស្រួលឆ្ពោះទៅមុខ៕
 
 
 
 
 
 
 

Tag:
 វិស័យសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com