ជាតិ
ចិនតៃវ៉ាន់ នឹងនាំចេញស្វាយកែវរមៀត២០០តោន ពីសហគមន៍កសិកម្មសាមគ្គីតំបែរ
21, Oct 2022 , 9:59 pm        
រូបភាព
ចិនបានចុះទៅចម្ការសហគមន៍កសិកម្មសាមគ្គីតំបែរ ក្នុងខេត្តត្បូងឃ្មុំ។​ រូបភាព៖ ហ្វេសប៊ុនផេក សហគមន៍កសិកម្មសាមគ្គីតំបែរ
ចិនបានចុះទៅចម្ការសហគមន៍កសិកម្មសាមគ្គីតំបែរ ក្នុងខេត្តត្បូងឃ្មុំ។​ រូបភាព៖ ហ្វេសប៊ុនផេក សហគមន៍កសិកម្មសាមគ្គីតំបែរ
សហគមន៍កសិកម្មសាមគ្គីតំបែរ នឹងចុះកុងត្រាជាមួយចិនតៃវ៉ាន់ ក្នុងការនាំចេញស្វាយចន្លោះ ១៨០តោន ទៅ២០០តោន ទៅកាន់ទីផ្សារតៃវ៉ាន់។ ការនាំចេញនេះ នឹងចាប់ផ្តើមនាំចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយក្នុងរយៈពេល៥ថ្ងៃ នាំចេញ២៣តោន។



លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ បានប្រាប់សារព័ត៌មានThmeyThmey25 ឱ្យដឹងថា ស្វាយ ដែលនាំចេញជាប្រភេទស្វាយកែវរមៀត ឬស្វាយទីផ្សារ។ ចំពោះលក្ខខណ្ឌនាំចេញ ភាគីចិនតៃវ៉ាន់ មិនទាមទារច្រើនឡើយ ដោយតម្រូវឱ្យស្វាយនាំចេញជាស្វាយលេខ១ និង លេខ២ ដែលបានបាញ់សម្លាប់សត្វល្អិតត្រឹមត្រូវ។ 


   ចិនបានចុះទៅចម្ការសហគមន៍កសិកម្មសាមគ្គីតំបែរ ក្នុងខេត្តត្បូងឃ្មុំ។​ រូបភាព៖ ហ្វេសប៊ុនផេក សហគមន៍កសិកម្មសាមគ្គីតំបែរ
 
ការនាំចេញនេះ មានតម្លៃ១២០០រៀល ក្នុង១គីឡូក្រាម។ លោក សុភា យល់ថា តម្លៃស្វាយ ដែលទទួលបាននៅមិនទាន់ខ្ពស់ដូចតម្រូវការទីផ្សារឡើយ ដ្បិតការនាំចេញស្វាយនៅខែវិច្ឆិកា និងខែធ្នូ ជាធម្មតាមានតម្លៃ ១៥០០រៀល ឬ ២ពាន់រៀល។ 
 
«តម្លៃស្វាយ គឺមិនទាន់សមរម្យទេ ចំពោះស្វាយក្នុងខែ១១ ខែ១២នេះ ប៉ុន្តែយើងត្រូវតែធ្វើ។ វាគ្រាន់បើជាង១គីឡូក្រាម ២០០រៀល ឬ៣០០រៀល។ អ៊ីចឹងតម្លៃប៉ុណ្ណឹងវាមិនទាន់សមរម្យទេ តែយើងអាចទទួលយកបាន»។ នេះជាការលើកឡើងរបស់លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ។ 
 
យ៉ាងណាមិញ លោកក៏រីករាយចំពោះតម្លៃដែលទទួលបាន ព្រោះទីផ្សារស្វាយនៅកម្ពុជាមិនទាន់មានលំនឹងឡើយ។ មិនតែប៉ុណ្ណោះ លោកក៏ចង់បានកុងត្រានៅឆ្នាំបន្តទៀត បើសិនតម្លៃស្វាយអាចថេរក្នុងតម្លៃ ១២០០រៀននេះ។ 
 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សហគមន៍កសិកម្មសាមគ្គីតំបែរ មានផ្ទៃដីដាំដុះស្វាយសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្រៅស្រុក ១៣៨ហិកតា ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រៅពីការនាំចេញទៅទីផ្សារតៃវ៉ាន់ សហគមន៍កសិកម្មសាមគ្គីតំបែរ ក៏ធ្លាប់នាំចេញស្វាយទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាមផងដែរ៕
 

Tag:
 កសិកម្ម
  ស្វាយ
  ចិន
  កម្ពុជា
  សហគមន៍តំបែរ
  ខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com