ជាតិ
ថវិកាជាង ១៤០លានដុលារ នឹងត្រូវប្រើប្រាស់សម្រាប់សង់ផ្លូវវាងក្រុងសៀមរាប២ខ្សែ
22, Oct 2022 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ផ្លូវវាងក្រុងសៀមរាបប៉ែកខាងជើង និងប៉ែកខាងត្បូង ​នឹងអនុវត្តការសាងសង់នៅឆ្នាំ២០២៤ ក្រោយបញ្ចប់ការសិក្សារួចរាល់នៅឆ្នាំ២០២២នេះ។ ផ្លូវវាងក្រុងសៀមរាបប៉ែកខាងត្បូង គ្រោងនឹងប្រើប្រាស់ថវិកាជាង ៤៦លានដុល្លារ។ ចំណែក ផ្លូវវាងក្រុងសៀមរាបប៉ែកខាងត្បូង គ្រោងនឹងប្រើថវិកាប្រមាណ ៩៤,១លានដុលារ។ នេះបើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។



ការសាងសង់ផ្លូវវាងក្រុងសៀមរាបប៉ែកខាងជើង មានប្រវែង ៥៥គីឡូម៉ែត្រ ដែលត្រូវបានស្នើឡើងក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ី។ គម្រោងនេះនឹងចាប់ផ្តើមនៅខាងជើងតំបន់ពួក បន្ទាប់មកតំបន់ពាក់ស្នែង រហូតដល់តំបន់រុនតាឯក។ ការសាងសង់នេះ នឹងក្រាលជាប្រភេទបេតុង AC ដែលមានទទឹង ១១ម៉ែត្រ បែងចែកជា២កំណាត់។ 
 
កំណាត់ទី១ មានប្រវែង ៣៧,៣៧គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ទីប្រជុំជនស្រុកថ្មពួក ដល់ផ្លូវជាតិលេខ៦៧។ ការសាងសង់កំណាត់ផ្លូវទី១នេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៣១លានដុលារ។ ចំពោះការសាងសង់កំណាត់ផ្លូវទី២ មានប្រវែង១៨គីឡូម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦៧ រហូតដល់ផ្លូវជាតិលេខ ៦៤។ កំណាត់ផ្លូវនេះ នឹងប្រើប្រាស់ថវិកាជាង ១៤លានដុលារ។ 
 
ដោយឡែក ចំពោះការសាងសង់ផ្លូវវាងក្រុងសៀមរាប ប៉ែកខាងត្បូង មានប្រវែង ៤៥,៧៧ គីឡូម៉ែត្រ។ គម្រោងនេះ នឹងអនុវត្តក្រោមឥណនទានពីសាធារណរដ្ឋកូរ៉េ។ សម្តេច ហ៊ុន សែន លើកឡើងថា ទៅថ្ងៃខាងមុខ ហេដ្ឋារចនាសម្ព័ន្ធ នឹងរីកដុះដាលជាងនេះ ដើម្បីបម្រើដល់ទិសដៅអភិវឌ្ឍនៅតំបន់ពាក់ស្នែង។ 
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានថ្លែងពីការត្រៀមដីសម្រាប់កសាង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ៕ 
 

Tag:
 សម្តេច ហ៊ុន សែន
  ផ្លូវវាងក្រុងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com