ជាតិ
ក្រសួងបរិស្ថាន និងស្ថាប័ន៥របស់ UN សហការគ្នាអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា រូបពី៖ ក្រសួងបរិស្ថាន
× ភ្នំពេញ៖ ក្រសួងបរិស្ថាន និងស្ថានប័ន៥ តំណាងអង្គការសហប្រជាជាតិ (UN) នឹងសហការគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងផ្តោតលើតម្រូវការនៃការសិក្សាស៊ីជម្រៅផ្នែកគោលនយោបាយ។ ក្រៅពីនេះ ក៏មានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតង សម្រាប់កំណត់យុទ្ធសាស្រ្តជាក់លាក់ក្នុងការចាប់ផ្ដើមសិក្សាពីវិសាលភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា ការរៀបចំឯកសារគម្រោង និងការសម្របសម្រួលការអនុវត្តសេដ្ឋកិច្ចបៃតងនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយប្រតិភូកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៃអង្គការសហប្រជាជាតិ (United Nations Partnership for Actions on Green Economy-UN PAGE) ដែលមានតំណាងមកពីស្ថាប័ន៥របស់អង្គការសហប្រជាជាតិ រួមមាន UNITAR UNIDO UNEP UNDP និង ILO ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជី។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយស្ថាប័នសហប្រជាជាតិចំនួន៥។ រូបភាព៖ ក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន នឹងសិក្សាស៊ីជម្រៅលើការកសាងទីផ្សារផលិតផលជាក់លាក់ ដែលមានលក្ខណៈពិសេស ដាច់ដោយឡែករបស់កម្ពុជា និងអាចមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ត្រង់ចំណុចនេះ លោក សាយ សំអាល់ សំដៅលើការរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាពសេដ្ឋកិច្ចប្រជាជន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បានកត់សម្គាល់ពីតម្រូវការនៃការធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ ជាពិសេសអាហារមានជីវជាតិបំប៉នសុខភាពគ្រប់គ្រាន់សម្រាប់ប្រជាជន។ លើសពីនេះ លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចគាំពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម ដើម្បីរក្សាបាននូវតុល្យភាពការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។
ការលើកកម្ពស់ប្រសិទ្ធភាពធនធាន ការប្រើប្រាស់ថាមពលស្អាតក្នុងខ្សែសង្វាក់ផលិតកម្ម ការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យទាន់តម្រូវការទីផ្សារការងារស្របតាមបរិបទសេដ្ឋកិច្ចបៃតង។ ទន្ទឹមនោះ ការងារទាំងនេះ មិនអាចកាត់ផ្តាច់ពីតម្រូវការធនធានហិរញ្ញវត្ថុ ដែលផ្តល់លទ្ធភាពខ្ពស់ដល់គម្រោងវិនិយោគ និងផ្តល់នូវកម្រិតអត្រាការប្រាក់ទាបសម្រាប់អាជីវកម្មនានា។ ទាំងនេះ គឺជាសក្តានុពលមួយក្នុងការរួមចំណែកលើកស្ទួយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព៕
Tag:
បរិស្ថាន
ក្រសួងបរិស្ថាន
សេដ្ឋកិច្ចបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com