ជាតិ
រដ្ឋ ផ្ដល់អង្ករ ៩០០តោន និងថវិកា៧៥ម៉ឺនដុល្លារដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
×
ភ្នំពេញ៖ ពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន រួមទាំងឧត្តរមានជ័យ នឹងទទួលបានអង្ករ រួមទាំងថវិកាមួយចំនួន។ អង្ករ និងថវិកាទាំងនេះ នឹងផ្តល់ឱ្យអាជ្ញាធរខេត្តចែកជូនពលរដ្ឋទាំងអស់ដែលរស់នៅខេត្តទាំង៦ ទោះបីពលរដ្ឋតំបន់ខ្លះរងគ្រោះខ្លាំង ឬរងផលប៉ះពាល់តិចក្តី។
បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខេត្តបាត់ដំបង នឹងទទួលបាលអង្ករ ៣០០តោន រួមទាំងថវិកា ២០ម៉ឺនដុល្លារ សម្រាប់អាជ្ញាធរចែកជូនពលរដ្ឋ។ ចំពោះខេត្តបន្ទាយមានជ័យ នឹងទទួលបានអង្ករ១០០តោន រួមទាំងថវិកា ១០ម៉ឺនដុល្លារបន្ថែម ដ្បិតកន្លងមកសម្តេចក៏ធ្លាប់បានចែកជូនខ្លះផងដែរ។
ដោយឡែក ខេត្តឧត្តមានជ័យ នឹងទទួលបានអង្ករ ១០០តោន រួមទាំងថវិកា ២០ម៉ឺនដុល្លារ។ ខេត្តកំពង់ធំ ទទួលបានអង្ករ ២០០តោន និងថវិកា ២០ម៉ឺនដុល្លារ។ ចំណែកខេត្តពោធិ៍សាត់ នឹងទទួលបានអង្ករ១៥០តោន ប៉ុន្តែចំពោះចំនួនថវិកា សម្តេចមិនបានបញ្ជាក់ឡើយ។ ចំពោះខេត្តប៉ៃលិន នឹងទទួលបានអង្ករ៥០តោន រួមទាំងថវិកា១០ម៉ឺនដុល្លារសម្រាប់ចែកជូនពលរដ្ឋ។
សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយដោះស្រាយបញ្ហាជូនពលរដ្ឋអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងនេះ។ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ ក៏ដូចជាអាជ្ញាធរ ត្រូវរួមសហការគ្នាក្នុងដំណាក់កាលនៃគ្រោះធម្មជាតិនេះ៕
Tag:
ទឹកជំនន់ទឹកភ្លៀង
បាត់ដំបង
កំពង់ធំ
បន្ទាយមានជ័យ
ពោធិ៍សាត់
ប៉ៃលិន
ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com