ជាតិ
នាយករដ្ឋមន្រ្តី សង្ឃឹម រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ជួយពលរដ្ឋលើបញ្ហាពូជដំណាំ និងបច្ចេកទេសដាំដុះ
23, Oct 2022 , 6:00 pm        
រូបភាព
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថារដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងស្រាវជ្រាវ ក៏ដូចជាជ្រើសរើសអ្នកបច្ចេកទេស ដើម្បីចុះជួយណែនាំពលរដ្ឋទាក់ទងបញ្ហាដាំដុះស្រូវ។


 
នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២  សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះ៖«ខ្ញុំសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នឹងប្រើប្រាស់ឱកាសនេះដើម្បីស្រាវជ្រាវ និងរុញអ្នកបច្ចេកទេស ចុះជួយដល់ប្រជាពលរដ្ឋរបស់យើង ធ្វើយ៉ាងណាការផលិតឱ្យទទួលបានផល ហើយមានប្រាក់ចំណេញ ដោយមិនប្រើប្រាស់ពូជច្រើនហួស និងជីច្រើនហួស ប៉ុន្តែទទួលបានផលដូចគ្នា»។ 
 
រដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា បានចុះចែកពូជស្រូវជូនពលរដ្ឋ នៅខេត្តក្រចេះ និងត្បូងឃ្មុំ។ រដ្ឋមន្រ្តីកសិកម្មរូបនេះ បានសង្កេត ឃើញថា កសិករមួយចំនួនប្រើពូជច្រើនពេក ដែលវាកត្តាចំបាច់ក្នុងការកែសម្រួល និងណែនាំបច្ចេកទេស សម្រាប់ការដាំដុះ។ ដីខ្លះ ១ហិកតាត្រូវការពូជត្រឹម៥០គីឡូក្រាម ប៉ុន្តែកសិករប្រើប្រាស់ដល់ទៅ១០០គីឡូក្រាម។ ហេតុនេះ នៅពេលកសិករព្រោះច្រើន វានឹងដុះញឹក ដំណាំមិនរីកលូតលាស់ឡើយ។ 
 
សម្តេច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តី ៣៨ឆ្នាំមកហើយ។ ត្រង់ចំណុចនេះ សម្តេចបានសង្កត់ធ្ងន់ថា៖«ខ្ញុំធ្វើនាយករដ្ឋមន្រ្តីជិត៤ទសវត្សរ៍នេះ យ៉ាងណាក៏ដោយ ខ្ញុំមិនឱ្យគេហៅថាអាអត់ពូជទេ។ អាអត់ពូជនៅកន្លែងនេះ មិនមែនសំដៅលើពូជអម្បូរទេ។ អាអត់ពូជនេះ សំដៅថា រដ្ឋាភិបាលខ្ញុំ ត្រូវមានធានាពូជស្រូវ និងពូជដំណាំដទៃ សម្រាប់ប្រជាពលរដ្ឋ»។
 
កាលពី ថ្ងៃទី១៩ តុលា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី បានអមដំណើរលោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងពិធីចែកស្រូវពូជចំនួន ២០៥,៣៥តោន ដល់កសិករចំនួន ២៧០២គ្រួសារ មកពីក្រុងក្រចេះ, ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។ 
 
នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីចែកស្រូវពូជចំនួន ៣០,២៥តោន ដល់កសិករខូចខាតស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា។
 
បន្ទាប់ពីចែកស្រូវពូជរួច លោក ឌិត ទីណា បានចុះពិនិត្យផ្ទៃដីដែលស្ដារឡើងវិញ ដោយសង្កេតឃើញថា នៅតំបន់ខ្លះមិនទាន់ស្ដារស្រូវវិញបានដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើន។ ជាមួយគ្នានេះ លោក ក៏បានប្រាប់ពលរដ្ឋពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ដោយជៀសវាងការប្រើប្រាស់ជីលើសតម្រូវការ បណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ៕ 
 
 

Tag:
 កសិកម្ម
  សម្តេច ហ៊ុន សែន
  លោក ឌិត ទីណា
  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com