ជាតិ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ម្ហូបអាហារចាប់ពីថ្ងៃទី៥-៩ខែវិច្ឆកា
23, Oct 2022 , 9:19 pm        
រូបភាព
រូបតំណាងការតាំងពិព័រណ៍ម្ហូបអាហារខេត្តព្រះសីហនុ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបតំណាងការតាំងពិព័រណ៍ម្ហូបអាហារខេត្តព្រះសីហនុ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
 ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖  មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលខ្មែរ អមជាមួយការរត់ប្រណាំងអន្តរជាតិ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបខ្មែរ ពិសេសអាហារតាមឆ្នេរ  ដើម្បីទាក់ទាញទេសចរឱ្យទៅកម្សាន្តនៅខេត្តព្រះសីហនុ។

ការតាំងពិព័រណ៍ម្ហូបអាហារផលិតផលខ្មែរ គឺជាការរួមចំណែកលើកកម្ពស់ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។ការតាំងពិព័រណ៍នេះ ក៏អម​ជាមួយ​ការរត់ប្រណាំង នឹងធ្វើឡើងនៅថ្ងែទី០៧ ខែវិច្ឆកា នៅតាមបណ្តោយឆ្នេរចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីដើមឈើចាំស្នេហ៍ ដល់ឆ្នេរអូរឈើទាល។ 
ប្រតិបត្តិករទេសចរណ៍ជិត ១២០០ស្តង់ នឹងចូលរួមកម្មវិធីតាំងពិព័រណ័នេះ ក្នុងនោះមានភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ម្ហូបអាហារក្នុងស្រុក ម្ហូបអាហារបរទេសចម្រុះ ផលិតផលក្នុងស្រុក និងស្តង់ម្ហូបអាហារ បង្អែម ភេសជ្ជៈ ផ្លែឈើ និងសមាគមទេសចរណ៍តំបន់ឆ្នេរ។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ 
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រូបភាពពី ក្រសួងមហាផ្ទៃ
យ៉ាងណាមិញ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ដែរថា ក្រៅពីការដាក់មុខម្ហូប ក្នុងកម្មវិធីតាំងពិព័រណ៍នេះ ក៏មានជាការប្រកួតធ្វើម្ហូប លក់សម្ភារៈផ្សេងៗផងដែរ។ លោក បន្តថា៖«ការតាំងពិព័រណ៍នេះ ខ្ញុំំរពឹងថាទទួលបានទេសចរជាង២០ម៉ឺននាក់ដែលមកកម្សាន្ត ដោយសារតែមានផ្លូវស្អាត មានម្ហូបអាហារក្នុងស្រុក ម្ហូបអាហារបរទេសចម្រុះ តាំងផលិតផលខ្មែរ និងការរត់ប្រណាំងអន្តរជាតិ ដែលខុសប្លែកជាងរាល់ដង»។
 ជាមួយគ្នានេះដែរ ខេត្តព្រះសីហនុ បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមការពារបរិស្ថាននៅជុំវិញឆ្នេរ។ លើសពីនេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ចូលរួមកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិឆ្នាំ២០២២ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ និងលើកកម្ពស់ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ ៕
 

Tag:
 ThmeyThmey25
  តាំងពិព័រណ៍
 ព្រះសីហនុ
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com