ជាតិ
អាស៊ាន
អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសដូចម្ដេច? មានការងារអ្វីខ្លះ?
11, Nov 2022 , 9:29 am        
រូបភាព
អគ្គលេខាធិការអាស៊ាន លោក លីម ចុក ហ៊ុយ។ រូបថត៖ ASEAN
អគ្គលេខាធិការអាស៊ាន លោក លីម ចុក ហ៊ុយ។ រូបថត៖ ASEAN
ដោយ ហ៊ួយ​ ស៊ីវលី 
អគ្គលេខាធិការអាស៊ាន ជាប្រធានរដ្ឋបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន។ អាណត្តិរបស់អគ្គលេខាធិការអាស៊ានមានរយៈពេល៥ ឆ្នាំ និងមិនមានការបន្តអាណត្តិទី២ ទេ។

អគ្គលេខាធិការអាស៊ាន ត្រូវតែជាជាតិសាសន៍របស់រដ្ឋមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ ហើយការតែងតាំងត្រូវធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដោយផ្អែកលើលំដាប់អក្សរក្រមនៃប្រទេសសមាជិក។ 
 
មាត្រា១១ នៃធម្មនុញ្ញអាស៊ាន ចែងពីលក្ខណៈវិនិច្ឆ័យនៃអគ្គលេខាធិការអាស៊ាន ដោយគិតលើសុចរិតភាព សមត្ថភាព បទពិសោធវិជ្ជាជីវៈ និងសមភាពយេនឌ័រ។ កិច្ចការប្រចាំថ្ងៃរបស់អគ្គលេខាធិការអាស៊ានត្រូវបានជួយដោយអគ្គលេខាធិការរងចំនួនបួននាក់ ដែលជួយការងារតាមសសរស្ដម្ភរបស់អាស៊ាន។ អគ្គលេខាធិការរងទាំងបួនត្រូវមានសញ្ជាតិខុសគ្នាពីអគ្គលេខាធិការ និងមកពីរដ្ឋសមាជិកអាស៊ានចំនួនបួនផ្សេងៗគ្នា។
 
តាមធម្មនុញ្ញអាស៊ាន តួនាទីរបស់អគ្គលេខាធិការអាស៊ានមានដូចជាអនុវត្តភារកិច្ច និងទំនួលខុសត្រូវរបស់ការិយាល័យជាន់ខ្ពស់នេះ ស្របតាមបទប្បញ្ញត្តិនៃធម្មនុញ្ញ និងច្បាប់ផ្សេងៗរបស់អាស៊ាន និងការអនុវត្តផ្សេងទៀតដែលបានបង្កើតឡើងដោយអាស៊ាន, សម្របសម្រួល និងតាមដានដំណើរការក្នុងការអនុវត្ត ការសម្រេចចិត្ត និងកិច្ចព្រមព្រាងផ្សេងៗ និងបញ្ជូនរបាយការណ៍ប្រចាំឆ្នាំទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
 
លើសពីនោះ អគ្គលេខាធិការអាស៊ាន ក៏ចូលរួមក្នុងកិច្ចប្រជុំដូចជា កិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសហគមន៍អាស៊ាន ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងគណៈរដ្ឋមន្ត្រីតាមវិស័យអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់អាស៊ាន, បង្ហាញទស្សនៈរបស់អាស៊ាន និងចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីខាងក្រៅ ដោយអនុលោមតាមគោលការណ៍ណែនាំដែលបានអនុម័ត និងអាណត្តិដែលផ្តល់ឱ្យអគ្គលេខាធិការ និងផ្តល់ការណែនាំក្នុងការតែងតាំង និងបញ្ចប់តំណែងអគ្គលេខាធិការរងទៅកាន់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រាប់អនុម័តបន្ត។ 
 
អគ្គលេខាធិការអាស៊ានដំបូង គឺលោក Hartono Dharsono ដែលជាជនជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៧៦។ ចំណែក អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន គឺលោក លឹម ចុកហ៊ុយ ដែលជាជនជាតិព្រុយណេ។ រីឯ កម្ពុជាបានតែងតាំងលោក កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ានបន្ទាប់ ចាប់ពីឆ្នាំ២០២៣៕
 

Tag:
 (អាស៊ាន)
© រក្សាសិទ្ធិដោយ thmeythmey.com