កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte អង្វរអ្នកគាំទ្រ Spurs មានភាពអត់ធ្មត់ក្រោយប្រកួតចាញ់ Newcastle
24, Oct 2022 , 10:50 am        
រូបភាព
រូបភាព៖Yaahoo Sports UK
រូបភាព៖Yaahoo Sports UK
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី២៤ ខែតុលា បានអង្វរសុំអ្នកគាំទ្រ Spurs ឱ្យមានការអត់ធ្មត់ ក្រោយពួកគេខកចិត្តខ្លាំងចំពោះលទ្ធផល ចាញ់ក្រុម ​Newcastle United ក្នុងទឹកដីខ្លួនឯង ២-១ នៃក្របខណ្ឌ Premier League។



បើទោះបីចាប់ផ្តើមការប្រកួតដំបូង Spurs ធ្វើបានល្អខ្លាំងដោយខ្សែប្រយុទ្ធ Harry Kane និងដៃគូ Son Heung-Min បង្កភាពគ្រោះថ្នាក់លើ Newcastle ក្តី ប៉ុន្តែឱកាសរកគ្រាប់បាល់ឱ្យ Spurs ទាំងនោះ​ ត្រូវបានជួយសង្រ្គោះដោយអ្នកចាំទី Nick Pope។ Newcastle មានប្រៀបវិញលើ Spurs រហូតស៊ុតនាំមុខ ២-០ ត្រឹមវគ្គទីមួយ ។ ចំណែក​ Spurs តាមបាន ១គ្រាប់មកវិញក្នុងវគ្គទីពីរ។
 
ក្រោយក្រុមភ្ញៀវនាំមុខ ២-០ មុនត្រឹមវគ្គទីមួយ អ្នកគាំទ្រ Spurs បានស្រែកចំអកខ្លាំងនូវពាក្យមិនល្អចំពោះក្រុមដែលដឹកនាំដោយលោក Conte និងបានបង្ហាញការខកចិត្ត អំឡុងពេលសម្រាក់បញ្ចប់វគ្គទីមួយ ។ ចូលដល់វគ្គទី២ អ្នកគាំទ្រនៅបន្តស្រែកចំអកដដែល បើទោះ Kane អាចស៊ុត ១គ្រាប់មកវិញក្តី។
នេះជាបរាជ័យលើកទី៣ សម្រាប់ Spurs ក្នុង ៥ប្រកួតចុងក្រោយនៃ Premier League ប៉ុន្តែលោក Conte ដែលកំពុងជួបបញ្ហាកីឡាករដែលជាកូនសោរសំខាន់ៗអវត្តមានព្រោះរបួស បានអង្វរអ្នកគាំទ្រកុំឱ្យមើលតែលើបរាជ័យរបស់ Spurs និងបង្កបញ្ហា​ឱ្យធំជាងនេះ ។
 
«អ្នកគាំទ្រគួរតែយល់ច្បាស់ ថាយើងបានធ្វើអស់ពីសមត្ថភាពរបស់យើងគ្រប់ពេលវេលាទាំងអស់ ដូចទៅនឹងការប៉ះ Newcastle យើងបានប្តេជ្ញាចិត្តខ្ពស់ណាស់។ ពិតណាស់ក្នុងកាលៈទេសៈនេះ យើងកំពុងតែជួបបញ្ហាព្រោះយើងមិនមានកីឡាករដែលជាកូនសោរសំខាន់ៗ ៣ឬ៤ រូបក្នុងក្រុមពេលពេលនេះ យើងស្ថិតក្នុងបញ្ហា […] យើងកំពុងព្យាយាមពង្រឹងពីមួយដំណាក់កាលទៅមួយដំណាក់កាល តែអ្នកទាំងអស់គ្នាគឺត្រូវការពេលវេលា និងការអត់ធ្មត់។»។ Conte និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
ក្រោយឈ្នះលើ Spurs ក្រុម Newcastle រកបាន ៣ពិន្ទុបន្ថែមឡើងមកឈរនៅចំណាត់ថ្នាក់ លេខ៤ មាន ២១ពិន្ទុ ខណៈ Spurs បន្តមាន ២៣ពិន្ទុ ឈរលេខ៣។​ ចំណែកការប្រកួតបន្ទាប់របស់ ​Spurs នឹងបន្តស្វាគមន៍ក្រុមខ្លាំងពីព័រទុយហ្គាល់ Sporting CP នៅថ្ងៃទី២៦ ខែតុលា ជំនួប ​UEFA Champions League ដែលជាប្រកួតទី៥ ក្នុងវគ្គសន្សំពិន្ទុ៕
 
 

Tag:
 Antonio Conte
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com