កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville ៖ ​ក្រុមបិសាចក្រហមគួរតែបញ្ចប់ទំនាក់ទំនងជាមួយនឹង Ronaldo
24, Oct 2022 , 3:29 pm        
រូបភាព
រូបភាព៖-​The-Times
រូបភាព៖-​The-Times
Cristiano Ronaldo ក្រោយបង្ហាញអាកប្បកិរិយាដែលមិនអាចទទួលយកបានជាលើកទីពីរនៅក្រុម Manchester United នេះបង្ហាញថាក្លិបគួរតែបញ្ចប់ទំនាក់ទំនងជាមួយកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ។ នេះបើតាមសម្តីអតីតកីឡាករក្រុម Man United លោក Gary Neville ថ្ងៃទី២៣ ខែតុលា។



​ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ដែលទើបតែរកបានគ្រាប់បាល់ទី ៧០០របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ នារដូវកាល ២០២២-២៣​ នេះ មិនសូវទទួលបានពេលវេលាលេងឱ្យក្រុមបិសាចក្រហមប៉ុន្មានឡើយ ពោលគឺរូបគេតែងតែស្ថិតនៅក្នុងកៅអីបម្រុងជានិច្ច ក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag។
 
កាលពីជំនួបបិសាចក្រហមប្រកួតស្មើ ១-១ ទល់ក្រុមតោខៀវ​ Chelsea នៃក្របខណ្ឌ Premier League, Ronaldo មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតនោះឡើយ ក្រោយពេលម្ចាស់ពាន​ Ballon d’Or ៥សម័យរូបនេះ បានងើបដើរចេញពីកៅអីបម្រុងកាលពីជំនួប Man United ឈ្នះ Tottenham Hotspur ២-០ ។ អាកប្បកិរិយារបស់ Ronaldo បានបង្ហាញពីភាពមិនសប្បាយចិត្ត ខណៈទង្វើរជាលើកទីពីរនាទឹកដី Old Trafford នេះ រងការរិះគន់ខ្លាំងពីសំណាក់អតីតកីឡាករ Man United។
 
លោក Gary Neville អតីតកីឡាករបិសាចក្រហមមួយរូប បាននិយាយក្នុងកម្មវិធីជជែកពីកីឡារបស់ទូរទស្សន៍ Sky Sports Talks ទាក់ទងនឹងបញ្ហា Ronaldo ព្រមទាំងការវិវត្តិនៃក្រុមបិសាចក្រហម។
 
«Cristiano Ronaldo គឺគួរតែស្វែករកទីកន្លែងថ្មីផ្សេងមួយទៀត ដើម្បីអាចឱ្យរូបគេលេងបានរាល់សប្តាហ៍ ព្រោះគេមិនអាចទ្រាំនឹងការអង្គុយកៅអីបម្រុងបានឡើយ ខណៈដែលក្រុមបិសាចក្រហម កំពុងតែមានផលវិជ្ជមានល្អប្រសើរឡើងវិញ។ ​ជារឿងមួយល្អដែលត្រូវបញ្ចប់បញ្ហាបន្ទាប់តែសប្តាហ៍ចុងក្រោយនៃការប្រកួតកន្លងទៅនោះដល់ពេល World Cup នឹងក្រោយការប្រកួតរួចរាល់រឿងរ៉ាវមួយនេះក៏គួរតែបញ្ចប់ដូចគ្នា។ វាគួរតែបញ្ចប់ហើយ»។ លោក Gary Neville និយាយបែបនេះ។
 
លោក Gary Neville ​ថា ទង្វើរ Ronaldo ជារឿងមួយ ដែលមិនអាចទទួលយកបាន ។ បើតាមអតីតកីឡាករខ្សែការពារក្រុម Man United មួយរូបទៀតគឺលោក Jaap Stam បាននិយាយបន្ថែមថា Ronaldo មិនសប្បាយចិត្ត ប៉ុន្តែរូបគេកំពុងធ្វើឱ្យខូចកេរិ៍្តឈ្មោះ ដែលធ្លាប់បានសាងច្រើនឆ្នាំមកនេះ៕
 

Tag:
 Gary Neville
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com