ជាតិ
ម្ហូបសាច់សត្វព្រៃមួយចាន អាចបង្កជាជំងឺឆ្លងជាង ៦០ភាគរយ
24, Oct 2022 , 9:59 pm        
រូបភាព
អង្គការ WWF ប្រចាំកម្ពុជា បានអះអាងថា ការបរិភោគសាច់សត្វព្រៃ អាចបង្កជាជំងឺឆ្លងដ៏កាចសាហាវជាង ៦០ភាគរយ។ ជំងឺឆ្លងទាំងនោះ អាចជាប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ១៩។ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងពីការបរបាញ់ខុសច្បាប់ និង វិបត្តិអន្ទាក់ ដែលបណ្តាលមកពី តម្រូវការសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់។ 

 
អង្គការ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺឆ្លង ដូចជា ជំងឺផ្លូវដង្ហើម SARS, ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា MERS, ជំងឺផ្តាសាយជ្រូក H1N1, ជំងឺគ្រុនផ្តាសាយបក្សី H5N1 ជាដើម សុទ្ធតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។ នៅពេលបរិភោគម្ហូបសាច់សត្វព្រៃមួយចាន ក្រៅពីការប្រឈមនឹងហានិភ័យសុខភាពចំពោះខ្លួនឯង  អ្នកបរិភោគ ក៏អាចបង្កហានិភ័យដល់អ្នកដទៃផងដែរ។ ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និង ការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគទៅមនុស្ស។ 


 
ដោយមើលឃើញពីផលប៉ះពាល់សុខភាព និងការដាក់អន្ទាក់សត្វព្រៃ ដើម្បីលក់ដូរលើទីផ្សារមានចំនួនច្រើននៅកម្ពុជា ក្រសួងបរិស្ថាន និង អង្គការWWF និងដៃគូរសំខាន់ៗ បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃឡើងក្នុងគោលបំណង ការពារធនធានសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស និង រួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ។ 
 
ការលក់ដូរសាច់សត្វព្រៃមានវត្តមានច្រើននៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរី។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា រដ្ឋបាលខេត្តមណ្ឌលគិរី បង្រា្កបបានសាច់សត្វព្រៃចំនួន ១  ៣៥៣គីឡូក្រាម។ ត្រឹម៦ខែ ឆ្នាំ២០២២ ខេត្តមណ្ឌលគិរី បង្រ្កាបបានសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាម។
 
លោក នេត្រ ភក្រ្តា បានថ្លែងដូច្នេះ៖ «អ្វីដែលយើងចង់ឃើញ មិនមែនឃើញអំពីសត្វដែលត្រូវបានប្រលះ សាច់យកមកលក់នៅលើទីផ្សារ ឬក៏ជាគ្រឿងសំណាកដែលដាក់លក់នៅលើទីផ្សារទេ។ អ្វីដែលសំខាន់ ភាពជោគជ័យរបស់យើង គឺការទប់ស្កាត់បាន និងការថែរក្សាសត្វព្រៃដែលរស់រានមានជីវិត នៅក្នុងតំបន់ការពារធម្មជាតិ»។ 
 
បើតាមអង្គការ WWF ចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ  ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរី រឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម ខណៈសាច់សត្វព្រៃទាំងនោះបានស្ថិតនៅក្នុងទីផ្សារការជួញដូរ។ ក្នុងនោះ ភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។ 
 
ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%៕ 
 

Tag:
 សត្វព្រៃ
  មេរោគ
  ជំងឺឆ្លង
© រក្សាសិទ្ធិដោយ thmeythmey.com