កីឡាអន្តរជាតិ
អន្តរជាតិ
UFC៖ Islam Makhachev គ្រងខ្សែក្រវាត់ទម្ងន់ស្រាលក្រោយផ្តួល Charles Oliveira ក្នុងទឹក២
24, Oct 2022 , 5:09 pm        
រូបភាព
កីឡាករ Islam Makhachev ទទួលការបំពាក់ខ្សែក្រវាត់ទម្ងន់ស្រាល UFC ក្រោយឈ្នះកីឡាករប្រេស៊ីល Charles Oliveira។ រូបពី Makhachev
កីឡាករ Islam Makhachev ទទួលការបំពាក់ខ្សែក្រវាត់ទម្ងន់ស្រាល UFC ក្រោយឈ្នះកីឡាករប្រេស៊ីល Charles Oliveira។ រូបពី Makhachev
ដោយ:
កីឡាកររុស្ស៊ី Islam Makhachev គ្រងតំណែងខ្សែក្រវាត់ទម្ងន់ស្រាល ក្រោយបំបាក់ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល ៣សម័យកាល កីឡាករ Charles Oliveira ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ នៃការប្រកួតដណ្តើមខ្សែក្រវាត់ UFC 280 នៅសង្វៀន Red Coner MMA ក្នុងទីលាន Etihad Arena ក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៣ ខែតុលា។


ក្នុងទឹក១ បង្គោលលឿងមកពីប្រេស៊ីល Charles Oliveira ដើរចូលសាកវាយលូកឆ្វេងស្តាំមួយ-ពីរ ទៅលើកីឡាកររុស្ស៊ី Islam Makhachev បង្គោលក្រហម។ Makhachev ចាប់ផ្តើមវាយសងបកទៅវិញ ហើយក៏បានចាប់កាច់ផ្តួលបញ្ចេញស្នៀតក្រៀកករ ជាប់ទៅលើ Oliveira។ ការរើបម្រាស់ចេញពីក្បាច់ក្រៀករបស់បង្គោលក្រហម ធ្វើឱ្យបង្គោលលឿងមានឱកាសរុញផ្អឹបទៅនឹងសំណាញ់សង្វៀន។
 
ការប្រឹងរើបម្រាស់របស់កីឡាករប្រេស៊ីល ធ្វើឱ្យកីឡាកររុស្ស៊ី មានឱកាសជាថ្មីក្នុងការកាច់ផ្តួល នឹងប្រឹងសង្កត់ករ ឱ្យជាប់ក្នុងទឹក១ ដើម្បីយកឈ្នះតែម្ដង ប៉ុន្តែត្រូវបាន Oliveira រើបម្រាស់រួចម្តងទៀត មុនបញ្ចប់ទឹក១។
 
ចូលដល់ទឹក២ បង្គោលក្រហម Islam Makhachev និងបង្គោលលឿង Charles Oliveira ប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមក កាច់ឡើងជង្គង់គ្នា។ តែជាការធ្វេសប្រហែសរបស់ Oliveira ធ្វើឱ្យ Makhachev ចាប់កាច់រុញបំបុកទៅនឹងសំណាញ់សង្វៀនជាលើកទី២ តែអាចរើរួចជាថ្មីម្តងទៀត។
 
ក្រោយអាជ្ញាកណ្តាលបំបែក ឱ្យកីឡាករទាំងពីរប្តូរទីតាំងមកវាយនៅកណ្តាលសង្វៀនវិញ Islam Makhachev ព្យាយាមដើរចូលនឹងវាយធ្ងន់ៗ ធ្វើឱ្យ Oliveira ដួល ហើយបង្គោលក្រហមសង្កត់ក្រៀកជាប់ ទើបអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ក្រោយបង្គោលលឿងលើកសញ្ញាសុំចុះចាញ់នៅចុងទឹក២។
 
បញ្ចប់ការប្រកួត Islam Makhachev ដែលជាកីឡាកររួមក្លិបជាមួយម្ចាស់ជើងឯកទម្ងន់ធ្ងន់ UFC កីឡាករ Khabib ជនជាតិរុស្ស៊ី បានគ្រងតំណែងជើងឯកខ្សែក្រវាត់ទម្ងន់ស្រាល UFC។ នេះជាជើងឯកលើកទី២ សម្រាប់ Islam Makhachev ។ លើកដំបូងរបស់ Makhachev គឺនៅឆ្នាំ២០១៦ ដែលគ្រងតំណែងខ្សែក្រវាត់លើប្រភេទទម្ងន់ ៧៤គីឡូក្រាម៕
 

Tag:
 កីឡាប្រយុទ្ធក្នុងទ្រុង
 UFC
© រក្សាសិទ្ធិដោយ thmeythmey.com