វៀតណាមកាន់តែពង្រីកសក្តានុពលវិស័យយានយន្តរបស់ខ្លួន តាមរយៈការបង្ហាញវត្តមានក្នុងពិព័រណ៍យានយន្តពិភពលោកក្រុងប៉ារីសឆ្នាំ២០២២ (Mondial de l’Auto 2022 à Paris) ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា កន្លងមក។
ស្ថាបនាឡើងនៅឆ្នាំ២០១៨នៅក្រុងហាណូយ រថយន្តម៉ាក VinFast របស់ក្រុមហ៊ុន Vingroup ទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ ដោយក្រុមហ៊ុនកំណត់គោលដៅទីផ្សារអន្តរជាតិធំៗជាពិសេសអឺរ៉ុប និងសហរដ្ឋអាម៉េរិក។
សម្រាប់ពិព័រណ៍ Mondial de l’Auto នៅក្រុងប៉ារីសនេះ VinFast មានផលិតផលរថយន្តអគ្គិសនី VF6, VF7, VF8 និង VF9។ VF8 ជាប្រភេទរថយន្ត SUV បែបគ្រួសារ ដែលគ្មានការបំភាយឧស្ម័ន ដោយមានជម្រើសពីរគឺកម្លាំង ៨២,២គីឡូវ៉ាត់ក្នុង១ម៉ោង និង ៨៧,៧គីឡូវ៉ាត់ក្នុង១ម៉ោង ហើយអាចរត់បានចន្លោះពី៤២០ទៅ៤៤៧គីឡូម៉ែត្រ ក្រោយការបញ្ចូលចរន្ត។
Mondial de l’Auto 2022 ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ពិព័រណ៌រថយន្តដ៏ធំជាងគេនៅលើពិភពលោកដោយឆ្នាំនេះជាព្រឹតិ្តការណ៍លើកទី៨៩ ហើយព្រឹត្តិការណ៍លើកទី៩០នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២២នេះ VinFast ជាក្រុមហ៊ុនមួយក្នុងចំណោម៣ដែលទៅពីតំបន់អាស៊ី ខណៈក្រុមហ៊ុន២ទៀតជារបស់ចិន គឺ BYD និង Ora។ ម្ចាស់ផ្ទះបារាំង មានវត្តមានក្រុមហ៊ុន Alpine, Devalliet, DS Automobiles, Hopium. NamX, Peugeot និង Renault។ ក្រៅពីនេះ មានក្រុមហ៊ុន Dacia របស់រូម៉ានី, Jeep របស់អាម៉េរិក, Microlino របស់ស្វីស និង Smart របស់អាល្លឺម៉ង់។
ស្របជាមួយការវិលមកវិញនៃពិព័រណ៍យានយន្តក្រុងប៉ារីស ក្រោយខកខានរយៈពេល៤ឆ្នាំដោយសារកូវីដ-១៩ ក្រុមហ៊ុនកំពូលៗមួយចំនួនក៏ត្រូវអវត្តមានផងដែរ។ ក្រុមហ៊ុនបារាំងដែលអវត្តមានមានដូចជា Citroen និង Liger។
ក្រុមហ៊ុនផ្សេងទៀតដែលមិនបានបង្ហាញខ្លួនរួមមាន Abarth, Alfa Romeo, Aston Martin, Audi, Bentley, BMW, Cupra, Ferrari, Ford, Honda, Hyundai, Infiniti, Isuzu, Jaguar, Kia, Land Rover, Lamborghini, Lexus, Lotus, Maserati, Mercedes-Benz, Mini, Porsche, Rolls-Royce, Seat, Škoda, Tesla, Volkswagen និង Volvo ជាដើម៕