រថយន្ត
អន្តរជាតិ
អ៊ីរ៉ង់អះអាងថា ការលក់​ចេញផលិត​ផល​យានយន្តខ្លួន​កើនឡើង ទោះរងទណ្ឌកម្មពីអាម៉េរិក
24, Oct 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន​យានយន្ត​ធំៗនៅ​ប្រទេសអ៊ីរ៉ង់ មាន​កំណើន​នៃការ​លក់​ចេញផលិតផល​​នា​រយៈពេលប៉ុន្មាន​ខែ​ចុងក្រោយនេះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ស្ថិតក្រោមទណ្ឌកម្ម​របស់​សហរដ្ឋអាម៉េរិក​ក៏ដោយ។ នេះបើតាម​ការ​ផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​ចិន Xinhua ដោយ​ដក​ស្រង់​តាម​បណ្តាញព័ត៌មាន​ក្នុងស្រុក នា​ថ្ងៃទី​២៤ ខែ​តុលា។

 
Iran Khodro (IKCO), Saipa Automotive Group និង​ Pars Khodro ដែលជាក្រុម​ហ៊ុនយានយន្ត​ដ៏ធំជាងគេនៅ​អីរ៉ង់ បាន​លក់​ចេញ​ផលិត​ផ្សេងៗនៃ​យានយន្ត​ជិត​៥៤ម៉ឺន​ផលិតផល នា​ឆមាសទីមួយនៃ​ប្រតិទិន​ប្រចាំ​ឆ្នាំរបស់អ៊ីរ៉ង់ ដោយគិត​ចាប់ពី​ថ្ងៃទី​២០ ខែមីនា។
 


សារព័ត៌មានប្រចាំ​ថ្ងៃ​អ៊ីរ៉ង់ Donya-e-Eqtesad បាន​រាយការណ៍​ថា ផលិត​ផល​យានយន្ត​ដែល​លក់ចេញពី​រោង​ចក្រ​របស់អ៊ីរ៉ង់ កើនឡើង​ចំនួន​២៦​ភាគរយ បើប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។
 
ដើម្បីជម្នះ​លើ​ទណ្ឌកម្ម​របស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុន​យានយន្តអ៊ីរ៉ង់ បាន​រៀបចំយុទ្ធ​សាស្ត្រទីផ្សា​ររបស់ខ្លួន​នៅ​បណ្តា​ប្រទេសដទៃ ក្នុងនោះមាន វេណេស៊ុយអេឡា ដែលមានទំនាក់​ទំនង​គ្នាយ៉ាង​ជិត​ស្និទ្ធិអស់រយៈពេល​ជាច្រើនទសវត្សរ៍។
 
កាលពីពេល​ថ្មីៗ​កន្លង ក្រុមហ៊ុន IKCO បាន​បើកការ​តាំងពិព័រណ៌​នៅ​ក្រុង​ការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដោយ​ទាក់ទាញអតិថិជន​ទាំង​ផលិតផល​យានយន្ត​អ៊ីរ៉ង់​សរុប​ជាង​៣ម៉ឺនផលិតផល។ កាលពី​ខែ​សីហា Saipa ក៏​បាន​បង្ហាញ​ផលិត​រថយន្តអគ្គិសនី​ថ្មី​របស់ខ្លួន Saina S hatchaback ផងដែរ។
 
លោក Reza Fatemi Amin រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ បាន​បញ្ជាក់ថា ឧស្សាហកម្ម​យានយន្ត​អ៊ីរ៉ង់ មាន​សន្ទុះ​កើន​ឡើង​នៅ​តាម​ផ្នែក​ផ្សេងៗ ជាពិសេស​គឺ​គ្រឿង​បង្គុំ គ្រឿងបន្លាស់យានយន្ត និងចំណេះដឹងមូលដ្ឋានផ្សេងៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com