កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស ថាកាតាបានចាប់ឃុំខ្លួន និងបំពានអ្នកស្រលាញ់ភេទដូចគ្នាមុន World Cup មកដល់
25, Oct 2022 , 8:29 am        
រូបភាព
កងកម្លាំងសន្តិសុខប្រទេសកាតា បានចាប់ឃុំខ្លួន និងរំលោភបំពានលើសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា ខណៈព្រឹត្តិការណ៍ World Cup 2022 ជិតមកដល់។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)ថ្ងៃទី២៤ ខែតុលា ។


ការស្រលាញ់ភេទដូចគ្នា គឺជារឿងខុសច្បាប់នៅក្នុងប្រទេសកាតា ដែលជាប្រទេសស្ថិតក្នុងតំបន់អារ៉ាប់មួយនេះ។ បញ្ហានេះបានធ្វើឱ្យតារាបាល់ទាត់មួយចំនួននៅលើពិភពលោក មានការបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ជាពិសេស LGBT+ ឬដែលមនុស្សស្រីស្រលាញ់ភេទដូចគ្នា ។
 
«សេរីភាពនៃការបញ្ចេញមតិ និងការមិនរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ គួរតែត្រូវបានធានា ជាអចិន្រ្តៃយ៍ សម្រាប់អ្នករស់នៅប្រទេសកាតាទាំងអស់ មិនព្រោះតែអ្នកទេសចរណ៍ដែលមកទស្សនាការប្រកួត World Cup នោះទេ។»។ HRW បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍។
 
មិនត្រឹមប៉ុណ្ណោះ HRW បានបញ្ជាក់ថា ខ្លួនបានធ្វើកិច្ចសម្ភាសជាមួយជនជាតិកាតាស្រលាញ់ភេទដូចគ្នា ៦នាក់ ក្នុងនោះមាន ស្ត្រីប្តូរភេទ ៤នាក់ ស្ត្រីទ្វេរភេទ​ ១នាក់ និងបុរសភេទទី៣ម្នាក់។ មនុស្សទាំង ៦នាក់នោះ បានរាយការណ៍ថា ពួកគេត្រូវបានគេឃុំខ្លួនចាប់ពីឆ្នាំ ២០១៩ រហូតឆ្នាំ ២០២២ ហើយក៏ទទួលរងនូវពាក្យប្រមាថ ការរើសអើងបំពានដោយពាក្យសម្តី និងរាងកាយ លើសពីនេះក៏មានការវាយ និងធាក់ថែមទៀត។
 
បើតាមការបញ្ជាក់ដដែលពីជនរងគ្រោះស្រលាញ់ភេទដូចគ្នាទាំង ៦នាក់ ពួកគេត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់ក្នុងពន្ធនាគារក្រោមដីក្នុងទីក្រុងឌូហា ហើយបុគ្គលម្នាក់ត្រូវបានឃុំខ្លួនរយៈពេល ២ ឬ ៣ខែ ក្នុងកន្លែងឃុំឃាំងតែម្នាក់ឯដាច់ដោយឡែក។
 
តែទោះជាយ៉ាងណា មន្រ្តីកាតាម្នាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ HRW ថា ជារឿងមិនពិតឡើយ។ «វាជាព័ត៌មានដែលមានលក្ខណៈជាក្រុម និងមិនពិត ហើយដោយមិនបានបញ្ជាក់ច្បាស់លាស់ពីភស្តុតាំងនានា។»។ នេះបើតាមសម្តីមន្ត្រីកាតារូបនោះ។
 
អ្នករៀបចំកម្មវិធីប្រកួត ​World Cup ធ្លាប់បានអះអាងថា មនុស្សគ្រប់គ្នា មិនថានិន្នាកាផ្លូវភេទ ឬប្រវត្តិរបស់ពួកគេទេ គឺកាតាស្វាគមន៍ទាំងអស់ ។ ទោះជាយ៉ាងនេះក្តី អ្នករៀបចំកម្មវិធី World Cup ក៏បានព្រមានពីបញ្ហានៃការបង្ហាញក្តីស្រលាញ់ជាសាធារណៈ​ដែរ៕
 
 
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com