កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa តែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មី ជំនួស Gerrard
25, Oct 2022 , 10:29 am        
រូបភាព
លោក Unai Emery បានក្លាយជាអ្នកចាត់ការទូទៅថ្មីក្រុម Aston Villa ជំនួសលោក Steven Gerrard ដែលត្រូវ​បានបញ្ចប់តំណែងសប្តាហ៍មុន។



Emery អតីតគ្រូបង្វឹក Arsenal បានដឹកនាំក្រុមអេស្ប៉ាញ Villarreal រយៈពេល២ឆ្នាំ មុនផ្លាស់ទៅ Aston Villa នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។  ក្លិបនៃលីគកំពូលអង់គ្លេសមួយនេះក៏ត្រូវបង់ជិត ៥,៨៩លានដុល្លារទៅឱ្យក្លិប Villarreal ព្រោះលោក Emery នៅសល់កិច្ចសន្យាជាមួយ Villarreal ខណៈ Aston Villa ត្រូវទិញផ្តាច់កិច្ចសន្យានេះ។
 
ចូលកាន់តំណែងជាអ្នកចាត់ការថ្មីមែន ប៉ុន្តែគ្រូសញ្ជាតិអេស្ប៉ាញរូបនេះនៅមិនទាន់ចូលដឹកនាំក្រុមនៅសប្តាហ៍នេះឡើយ ដោយលោក Aaron Danks ដែលជំនួសតំណែង Gerrard បណ្តោះអាសន្ន ត្រូវបន្តភារកិច្ចដឹកនាំ Aston Villa ទៅជួប Newcastle United ចុងសប្តាហ៍នេះ។
 
Gerrard អ្នកចាត់ការសញ្ជាតិអង់គ្លេស ត្រូវបានបញ្ចប់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំ Aston Villa ចាញ់ Fulham ក្នុងក្របខណ្ឌ Premier League ៣-០។ ក្រោមការដឹកនាំរបស់គ្របណ្តោះអាសន្ន Danks ក្រុម Aston Villa បានយកឈ្នះ Brentford ដល់ទៅ ៤-០។
 
Emery ដែលជាអតីតអ្នកចាត់ការ Paris Saint-Germain ផង បានបង្ហាញក្តីរីករាយ ដែលអាចត្រឡប់ទៅកាន់តំណែងក្រុមក្នុងលីគកំពូលអង់គ្លេសសារជាថ្មី។ ក្នុងប្រវត្តិដឹកនាំក្រុមទាំងអស់ជាង៩០០ប្រកួត លោក Emery មានបទពិសោធន៍ដឹកនាំ Arsenal ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ទោះបានត្រឹមរងជើងឯក។
 
Sevilla ជាក្រុមដែលលោក Emery ដឹកនាំទទួលបានជោគជ័យជាងគេ ដោយជួយក្រុមអេស្ប៉ាញមួយនេះ ឈ្នះជើងឯក Europa League ៣រដូវកាលជាប់ៗគ្នា៕
 

Tag:
 លោក Unai Emery
© រក្សាសិទ្ធិដោយ thmeythmey.com