កីឡាអន្តរជាតិ
អន្តរជាតិ
Zidane រំភើបក្រោយទទួលបានរូបសំណាកធ្វើពីក្រមួនថ្មីមួយនៅទីក្រុងប៉ារីស
25, Oct 2022 , 2:59 pm        
រូបភាព
 លោក Zinedine Zidane ដែលជាអតីតកីឡាករបាល់ទាត់ល្អ និងអស្ចារ្យបំផុតមួយក្នុងពិភពលោក នាថ្ងៃទី២៥ ខែតុលា បានទទួលរូបសំណាកធ្វើពីក្រមួនថ្មីមួយដែលដាក់បង្ហាញជាកិត្តិយសរបស់លោក នាទីក្រុងប៉ារីស ប្រទេសបារាំង។



ស្ថិតក្នុងកម្មវិធីតាំងបង្ហាញរូបសំណាកនោះ Zidane ត្រូវបានគេមើលឃើញថា បានពាក់ឈុតអាវធំស្រដៀងទៅនឹងពណ៍នៃអាវដែលពាក់លើរូបសំណាក និងអមដោយភរិយារបស់លោកផ្ទាល់។ Zidane បង្ហាញអារម្មណ៍រំភើបបន្ទាប់ពីបានឈរថតរូបជាមួយនឹងរូបសំណាកក្រមួននោះ។ រូបសំណាកធ្វើពីក្រមួននោះ គឺដើម្បីជាការអរគុណដល់ Zidane ចំពោះជ័យជម្នះ World Cup លើកដំបូងឱ្យបារាំង។
 
មកដល់ពេលនេះ Zidane មានអាយុ ៥០ឆ្នាំ ហើយ រូបលោកធ្លាប់បានជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងឈ្នះ World Cup ក្នុងឆ្នាំ ១៩៩៨ កាលនោះ Zidane ស៊ុតចូល ២គ្រាប់លើប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រៅពី World Cup ឆ្នាំ ១៩៩៨ លោក ក៏បានជួយបារាំងឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០០០។
 
Zidane ធ្លាប់បាននាំបារាំងឈានជើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ម្តងទៀតឆ្នាំ ២០០៦ ប៉ុន្តែពេលនោះបារាំងមិនបានលើកពានជាលើកទីពីរក្នុងប្រវត្តិសាស្ត្រខ្លួនឡើយ។ បារាំងមានកីឡាករត្រឹម ១០នាក់ត្រូវតទល់នឹងអ៊ីតាលី បន្ទាប់ពី Zidane កាលនោះបានកាតក្រហម ក្រោយយកក្បាលទៅបុកទ្រូងកីឡាករអ៊ីតាលីដែលកំពុងទាស់សម្តីគ្នាពេលប្រកួតនោះ។
 
កាលនៅជាកីឡាករ ​Zidane ក៏ធ្លាប់បានលើកពានរង្វាន់ UEFA Champions League ជាមួយ ​Real Madrid ក្នុងឆ្នាំ ២០០២ និងបានវិលត្រលប់ដឹកនាំ ​Real Madrid ក្នុងឆ្នាំ ២០១៦។ អតីតអ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានជួយក្រុមអធិរាជស​ឈ្នះពានរង្វាន់​ Champions League ៣រដូវកាលជាប់គ្នា ២០១៦,២០១៧,២០១៨ មុនពេលចាកចេញពី Real Madrid ក្រោយបញ្ចប់រដូវកាល ២០២០-២១៕
 
 
 

Tag:
 Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com