ជាតិ
អ្នកជំនាញកសិកម្ម ប្រាប់វិធីសម្លាប់ខ្យងក្រហមតាមបែបធម្មជាតិ និងកាត់បន្ថយចំណាយលើដំណាំស្រូវ
25, Oct 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រោយពលរដ្ឋជួបបញ្ហាចំណាយច្រើនលើការដាំដុះដំណាំស្រូវ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះណែនាំពលរដ្ឋពីបច្ចេកទេសដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយ។ ការជ្រើសគ្រាប់ពូជសុទ្ធល្អ ដាក់ជីក្នុងបរិមាណត្រឹមត្រូវ និងវិធីសម្លាប់ខ្យងក្រហម ជាកត្តាចម្បង ដែលកសិករគួរយល់ដឹង។

 
ជំនន់ទឹកភ្លៀង បានប៉ះពាល់យ៉ាងច្រើនដល់កសិករក្នុងការបង្កបង្កើនផល ជាពិសេសការផលិតដំណាំស្រូវ។ កសិករមួយចំនួន មិនទាន់យល់ច្បាស់ពីបច្ចេកទេសដាំដុះ និងបានប្រើប្រាស់ជី ក៏ដូចជាថ្នាំសម្លាប់សត្វល្អិតមិនបានត្រឹមត្រូវ។ ការណ៍នេះ បានធ្វើឱ្យកសិករចំណាយច្រើន និងមិនទទួលបានទិន្នផលច្រើនផងដែរ។ 


   លោក  ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។រូបភាព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
 
លោក ងិន ឆាយ បានចុះត្រួតពិនិត្យដំណាំស្រូវ ដែលខូចខាត ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា និងស្វែងយល់ពីបច្ចេកទេសដាំដុះរបស់ពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជូនកសិករ។ នាជំនួបជាមួយកសិករខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ងិន ឆាយ បានពន្យល់ពលរដ្ឋពីសារៈសំខាន់នៃការជ្រើសរើសពូជ  ការប្រើប្រាស់ជី និងការប្រើថ្នាំសម្លាប់សត្វល្អិត។ 
 
ការជ្រើសរើសពូជស្រូវ ជាដំណាក់កាលដំបូងនៃការដាំដុះ ដែលកសិករគួរយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានច្បាស់លាស់។ កសិករ គួរបង្កើតសហគមន៍ផលិតពូជស្រូវ ដើម្បីសហការគ្នាផលិតពូជស្រូវសុទ្ធបានដោយសំរឹទ្ធសម្រាំង។ លោកជំរុញឱ្យកសិករហ៊ានចំណាយលើទិញគ្រាប់ពូជសុទ្ធ ដើម្បីទទួលបានទិន្នផលខ្ពស់។ 
 
«គ្រាប់ពូជសុទ្ធ ដែលមកប្រើកុំកំណាញ់លុយនឹងលើសថ្លៃតិចតួច។ តាមការសិក្សាបង្ហាញថា ប្រើគ្រាប់ពូជសុទ្ធ កើនទិន្នផលជាងពូជមិនសុទ្ធ ១៥ទៅ២០ភាគរយ»។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ ដោយបន្ថែមថា បរិមាណគ្រាប់ពូជ ដែលត្រូវប្រើ មិនប្រាកដថា ព្រោះច្រើន នឹងបានផលច្រើនឡើយ។ 


  លោក  ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។រូបភាព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
កសិករ គួរសិក្សាឱ្យបានស៊ីជម្រៅពីការប្រើប្រាស់បរិមាណគ្រាប់ពូជឱ្យសមស្របនឹងទំហំដី ដើម្បីជៀសវាងចំណាយច្រើនលើការប្រើប្រាស់ជី។ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានសំណូមពរកសិករឱ្យគិតពីបរិមាណគ្រាប់ពូជ មិនត្រូវប្រើលោភពេក ដ្បិតការកាត់បន្ថយចំនួនគ្រាប់ពូជ ក៏ជួយកាត់បន្ថយការប្រើប្រាស់ជីផងដែរ។ 
 
លើសពីនេះ លោកក៏បានណែនាំកសិករពីការប្រើប្រាស់ជីឱ្យត្រឹមត្រូវតាមដំណាក់កាល និងកាត់បន្ថយការប្រើប្រាស់ថ្នាំស្មៅ។ លោកសម្គាល់ឃើញថា ការប្រើប្រាស់ជីលើសបរិមាណរបស់កសិករ បានធ្វើឱ្យដើមស្រូវកើតជំងឺ។ លោក ងិន ឆាយ បានលើកឡើងថា៖« ជីច្រើន កើតជំងឺ»។ 
 
ក្រៅពីបញ្ហាជ្រើសពូជស្រូវ និងការប្រើប្រាស់ជី ដែលកសិករភាគច្រើនក៏កំពុងស្មុគស្មាញជាមួយខ្យងក្រហម ដែលបំផ្លាញដំណាំស្រូវផងដែរ។ កសិករមួយចំនួន បានប្រើប្រាស់ថ្នាំសម្លាប់ខ្យង ប៉ុន្តែក៏បានសម្លាប់សត្វមានប្រយោជន៍មួយផងដែរ។ ត្រង់ចំណុចនេះ លោក ងិន ឆាយ បានឱ្យកសិករប្រុងប្រយ័ត្ន ដ្បិតថាថ្នាំចម្រុះ ដែលយកមកប្រើបានសម្លាប់ដោយទាំងសត្វមានគុណប្រយោជន៍ដូចជា ពឹងពាង កង្កែប ត្រី អណ្តើកមាស និងចង្រិតជាដើម។ 
 
ដូច្នេះដើម្បីដោះស្រាយបញ្ហាខ្យងក្រហម កសិករគួរសាកស្បងការកម្ចាត់លក្ខណៈដំណាក់កាល។ ដំបូង កសិករគួរប្រលែងទាឱ្យចូលស៊ីខ្យងក្នុងស្រែទាំងនោះ។ ក្រោយភ្ជួរដីរួចរាល់ កសិករត្រូវយកមែកឈើដោតលើដី ដើម្បីឱ្យខ្យងពងលើមែកឈើនោះ។ ក្រោយមក កសិករ អាចសម្លាប់បានទាំងសម្បុក។ វិធីនេះ អាចកាត់បន្ថយបានច្រើន ជាពិសេសជួយឱ្យកសិករមិនចំណាយថវិកាទិញថ្នាំសម្លាប់ខ្យងក្រហមទាំងនោះ៕ 
 
 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  ដំណាំស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com