អន្តរជាតិ
ជាលើកដំបូងក្នុងពេល២៥ឆ្នាំ គ្មានវត្តមានស្ត្រីក្នុងជួរថ្នាក់ដឹកនាំក្នុងបក្សកុម្មុយនីស្តចិន
25, Oct 2022 , 8:29 pm        
រូបភាព
សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។ រូបថត Xinhua
សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។ រូបថត Xinhua
ក្រោយបញ្ចប់សមាជកាលពីចុងសប្ដាហ៍មុន គណបក្សកុម្មុយនីស្តបានបញ្ចេញសមាសភាពមេដឹកនាំសំខាន់ៗថ្មីនៃការិយាល័យនយោបាយដែលជាស្ថាប័នសម្រេចចិត្តកម្រិតខ្ពស់ចំនួន២៤នាក់ ប៉ុន្តែគ្មានសមាជិកណាម្នាក់ជាស្រ្តីឡើយ។ នេះជាលើកដំបូងក្នុងរយៈពេលជាង២៥ឆ្នាំ។



អ្នកនយោបាយជើងចាស់លោកស្រី Sun Chunlan ដែលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីមើលការខុសត្រូវលើគោលនយោបាយសុខភាព បានអវត្តមានពីបញ្ជីគណៈមជ្ឈិម​។ ការអវត្តមាននេះ មានន័យថថា លោកស្រីត្រូវចូលនិវត្តន៍។ លោកស្រី Sun Chunlan​ ដែលមានវ័យ៧២ឆ្នាំ ជាស្ត្រីតែម្នាក់គត់នៅក្នុងការិយាល័យនយោបាយដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់បក្ស។
ជារឿយៗបន្ទាប់ពីត្រូវបានបញ្ជូនទៅត្រួតពិនិត្យទីក្រុងនានារបស់ចិនក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ លោកស្រី Sun ដែលជាអតីតលេខាបក្សនៃខេត្ត Fujian និងក្រុង Tianjin បានក្លាយជានិមិត្តរូបនៃការអនុវត្តគោលនយោបាយកូវីដ-១៩ របស់ចិន ហើយទទួលបានរហស្សនាមថា ស្ត្រីដែករបស់ចិនផងដែរ។
 
ជា​គណបក្សនយោបាយដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកសកម្មជាង ៩៦ លាននាក់ ក្នុងបក្សកុម្មុយនិស្តចិនស្ត្រីមិនដែលកាន់អំណាចច្រើនទេ។ ស្រ្តីមានចំនួនតែ៥ភាគរយបុណ្ណោះនៃគណៈមជ្ឈិមបក្សថ្មីដែលមានសមាជិក២០៥រូប ខណៈដែលគណៈអចិន្ត្រៃយ៍ដែលមានសមាជិក៧រូបដែលក្តាប់អំណាចកំពូលរបស់ប្រទេសជាបុរសទាំងអស់។ 
 
ការិយាល័យនយោបាយដែលជាស្ថាប័នធ្វើសេចក្តីសម្រេចប្រតិបត្តិរបស់គណបក្សចិននេះបានទទួលយកស្ត្រីតែ៦នាក់ប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៤៨ មក ហើយមានតែ៣នាក់ប៉ុណ្ណោះក្នុងចំណោមនោះ បានក្លាយជាឧបនាយករដ្ឋមន្ត្រីហើយគ្មានស្ត្រីណាម្នាក់បានចូលក្នុងគណៈអចិន្ត្រៃយ៍ឡើយ​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com