ជាតិ
កម្ពុជា នឹងបញ្ជូនកងកម្លាំងមួកខៀវជាង៣០០នាក់ ទៅម៉ាលី និងស៊ូដង់ខាងត្បូង
25, Oct 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន៣កង នឹងបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។ បើតាមរបាយការណ៍នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ចេញបំពេញ​បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណររដ្ឋម៉ាលី MINUSMA។ ទន្ទឹមនោះ ក៏មានការបញ្ជូនកងអនុសេនាធំ រាជអាវុធហត្ថលេខ១៧១ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS ផងដែរ។

 
នាពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជាចំនួន៣កង នៅទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា កម្លាំងទាំង៣កងនេះ មានចំនួនសរុប៣៤៦នាក់។ ក្នុងចំណោមកងកម្លាំងទាំងអស់ មាននារីក្នុងកងរាជអាវុធហត្ថមានចំនួន ៣៣នាក់ ស្មើនឹង ៤៧,១៤%។ រីឯកងកម្ទេចគ្រឿងផ្ទុះមាននារីចំនួន ១៨នាក់ ស្មើនឹង ១២,៨% និងក្នុងវិស្វកម្មព្រលានយន្តហោះ​មានចំនួន ១៦នាក់ ស្មើនឹង ១២,៨%។


 កងកម្លាំងមួកកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មសាធារណររដ្ឋម៉ាលី MINUSMA។ រូបភាព៖ ហុង ស្រីណា 

កងកម្លាំងដែលត្រៀមចេញទៅបំពេញបេសកកម្មនាពេលខាងមុខនេះ មកពី​កងឯកភាព​នៃ​យោធពល​ខេមរភូមិន្ទ ដោយបានទទួលការហ្វឹកហ្វឺន​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា មន្រ្តី UNMAS សាធារណរដ្ឋបារាំង និងបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព ​និងប្រសិទ្ធផល​​​ដូច​បណ្តា​កងមុនៗ​​ដែរ។ យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទច្បាស់លាស់ក្នុងការចេញដំណើរ នៅមិនទាន់អាចកំណត់បានឡើយ។
 
លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) អ្នកសម្របសម្រួលស្តីទីរបស់ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល កងកម្លាំងមួកខៀវ និងប្រជាជនកម្ពុជា ដែលបានលះបង់សម្រាប់សុខសន្តិភាពក្នុងពិភពលោក។ ទន្ទឹមនោះ លោកក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលបន្តលើកកម្ពស់ របៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ។ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងរក្សាសន្តិភាពស្រ្តី កំពុងដើរតួជាគំរូផ្នែកសមភាពយេនឌ័រ និងបំផុសគំនិតក្មេងស្រីជុំវិញពិភពលោក ចូលរួមគំនិតក្នុងការផ្តួចផ្តើមកសាងសន្តិភាពក្នុងប្រទេសឬក្រៅប្រទេស។


 កងកម្លាំងមួកកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មសាធារណររដ្ឋម៉ាលី MINUSMA។ រូបភាព៖ ហុង ស្រីណា 

ជាមួយគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានថ្លែង ពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោកបានបញ្ជាក់ថា៖« អង្គការសហប្រជាជាតិ ត្រូវសន្យាច្បាស់លាស់ ពីសមាជិក របស់ខ្លួន ក៏ដូចជាប្រទេសបរិច្ចាកកម្លាំង ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពរក្សាសន្តិភាព ស្របនឹងការបំពាក់ឧបករណ៍ សម្ភារៈគ្រប់គ្រាន់ និងទំនើបជាប្រចាំ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងថ្មីៗផ្នែកសន្តិសុខរបស់កម្លាំងរក្សាសន្តិភាពនៅតាមតំបន់បេសកកម្មនីមួយៗ»។
 
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាខួបលើកទី១៦ គិតចាប់ពីឆ្នាំ២០០៦   ដែលកម្ពុជាបានបញ្ជូនកងកម្លាំង​ចូលរួម​បេសកកម្ម​រក្សាសន្តិភាព​របស់ អ.ស.ប. ក្រោយកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា​ UNTAC បានដក​ចេញ​ពីកម្ពុជានាឆ្នាំ១៩៩៣។ មកដល់ពេលនេះ កងកម្លាំងកម្ពុជាដែលបានចេញទៅបំពេញបេសកកម្មមានចំនួន​សរុប​ ៨៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០។ កងកម្លាំងមួកខៀវកម្ពុជា បានចេញបំពេញ​បេសកកម្មក្នុងប្រទេស​ចំនួន​៩​​ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង​យេមែន។ បច្ចុប្បន្ន កម្លាំង​កម្ពុជា ​កំពុង​បំពេញ​បេសកកម្ម​នៅប្រទេសចំនួន៤ រួមមាន សាធារណ​រដ្ឋ​​​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី​ ៕


 កងកម្លាំងមួកកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មសាធារណររដ្ឋម៉ាលី MINUSMA។ រូបភាព៖ ហុង ស្រីណា 


 កងកម្លាំងមួកកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មសាធារណររដ្ឋម៉ាលី MINUSMA។ រូបភាព៖ ហុង ស្រីណា 


កងកម្លាំងមួកខៀវកម្ពុជា​ ដែលត្រៀមទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS។ រូបភាព៖ ហុង ស្រីណា 
 

កងកម្លាំងមួកខៀវកម្ពុជា​ ដែលត្រៀមទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS។ រូបភាព៖ ហុង ស្រីណា 
 

លោក ប្រាក់ សុខុន និង លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) ក្នុងពិធីប្រគល់ទង។ រូបភាព៖ ហុង ស្រីណា  
 

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព 
 
 


Tag:
 កងកម្លាំងមួកខៀវ
  បេសកកម្មរក្សាសន្តិភាព
  សាធារណរដ្ឋម៉ាលី
  សាធារណរដ្ឋស៊ូដង់ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com