ជាតិ
សង្គមជាតិ
អត្តសញ្ញាណប័ណ្ណខ្មែរ នឹងកើនឡើងជាង១លាន ដែលផុតសុពលភាព នៅខែកក្កដា២០២៣
25, Oct 2022 , 9:59 pm        
រូបភាព
 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋជាង១លាននាក់ នឹងត្រូវផុតសុពលភាព នៅត្រឹមខែកក្កដា ឆ្នាំ២០២៣។ តួលេខនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងរឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 
ផ្អែកលើរបាយការណ៍ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង៨សែននាក់ហើយ ដែលអត្តសញ្ញាណប័ណ្ណរបស់ពួកគេផុតសុពលភាព។ លោក កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ជម្រាបអង្គប្រជុំថា ជាមធ្យម អាជ្ញាធរ បានផ្ដល់អត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុង១ថ្ងៃ។ លោកអគ្គនាយក អះអាងថា វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាព ចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណប័ណ្ណសាជាថ្មីឡើងវិញ។ 
 
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសព័ត៌មានថា អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពបណ្តើរហើយ ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះទៅ។ អត្តសញ្ញាប័ណ្ណគំរូថ្មីនេះ មានសុពលភាព១០ឆ្នាំ។
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬជិតផុតសុពលភាព ទៅបំពេញបែបបទ ដើម្បីប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ញជាតិខ្មែរថ្មី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងថា ការប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសាជាថ្មី ដើម្បីធានាសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយ ដែលត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣។ 
 
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ណែនាំថា ទីតាំង ដែលប្រជាពលរដ្ឋ អាចទៅប្តូរអត្តសញ្ញាណប័ណ្ណ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់, អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ, ច្រកចេញចូលតែមួយតាមក្រុង-ស្រុក-ខណ្ឌ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, និងទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រចាំនៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ 
 
 

Tag:
 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com