អន្តរជាតិ
មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម នឹងទៅជួបលោក ស៊ី ដែលទើបបន្តតំណែងថ្មីៗ
25, Oct 2022 , 5:29 pm        
រូបភាព
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ចាប់ដៃលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀណាមនាជំនួបកន្លងមក។ រូបថត Xinhua
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ចាប់ដៃលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀណាមនាជំនួបកន្លងមក។ រូបថត Xinhua
ដោយ:
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង នឹងទៅទស្សនកិច្ចនៅចិនជាផ្លូវការពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា តាមការអញ្ជើញរបស់សមភាគីចិន ស៊ី ជិនភីង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងវៀតណាមចេញផ្សាយថ្ងៃទី២៥ ខែតុលា។

 
លោក ង្វៀន ភូជុង នឹងក្លាយជាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមដំបូងគេដែលនឹងទៅទស្សនកិច្ចនៅចិន បន្ទាប់ពីបក្សកុម្មុយនីស្តចិនបញ្ចប់សមាជបក្សលើកទី២០។ នៅបញ្ចប់សមាជបក្សថ្ងៃទី២៣ ខែតុលា បក្សកុម្មុយនីស្តចិន រើសក្បាលម៉ាស៊ីនដឹកនាំថ្មី ខណៈលោក ស៊ី ជិនភីងដែលជាប្រធានាធិបតីចិនផង បន្តតំណែងជាអគ្គលេខាបក្សសម្រាប់អាណត្តិទីបី។
 
មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមស្ថិតក្នុងចំណោមរដ្ឋកុម្មុយនីស្តដទៃទៀតដែលបានផ្ញើសារអបអរសាទរមេដឹកនាំចិននៅថ្ងៃទី ២៣ ខែតុលា។ លោក ង្វៀន ភូជុង បង្ហាញការកោតសរសើរជាខ្លាំងចំពោះការរួមចំណែករបស់លោក ស៊ី ក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងចិន ក៏ដូចជាបញ្ជាក់ពីគោលបំណងចង់ឱ្យទំនាក់ទំនងប្រទេសទាំងពីរឈានដល់កម្រិតមួយថ្មីដែលបំពេញនូវផលប្រយោជន៍ភាគីទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ព្រមទាំងការអភិវឌ្ឍទាំងតំបន់ និងពិភពលោក។ 
 
ដូចលោក ស៊ី ដែរ លោក ភូជុង កាន់តំណងកំពូលនេះសម្រាប់អាណត្តិទីបីហើយដែលលើសពីកាលកំណត់មានត្រឹម២អាណត្តិប៉ុណ្ណោះ។ ការលើកលែង​ឱ្យបន្តអាណត្តិចំពោះមេដឹកនាំបក្សទាំងវៀតណាម និងចិននេះធ្វើឱ្យបុគ្គលទាំងពីរកាន់តែមានឥទ្ធិពលក្នុងបក្សដែលដើមឡើយការជ្រើសរើសប្រធានបក្សថ្មីផ្អែកលើការយល់ព្រមជាឯកច្ឆន្ទពីសមាជិកការិយាល័យនយោបាយ និងមជ្ឈិមបក្សជាដើម។
 
បើទោះបក្សកុម្មុយនីស្តចិន និងវៀតណាមរក្សាភាពជិតស្និទ្ធ ប្រទេសទាំងពីរក៏មិនសូវទុកចិត្តគ្នាប៉ុន្មានដែរ ក៏ដូចជាជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងជាដើម។
 
ក្រៅពីទំនាក់ទំនងការទូត វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅអាស៊ាន និងធំបំផុតទី៦លើសកលលោក។ បើតាមអគ្គនាយកដ្ឋានគយវៀតណាម ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ជាង ១៦៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនជិត ២៥ ភាគរយបើធៀបនឹងឆ្នាំ២០២០៕
 
 
 

Tag:
 វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com