ជាតិ
សង្គមជាតិ
អាម៉េរិក​បញ្ជូន​ភ្នាក់ងារ​ស្ម័គ្រ​ចិត្ត Peace Corps ៣៥នាក់មកកម្ពុជា ក្រោយខកខានពីរ​ឆ្នាំ
25, Oct 2022 , 5:59 pm        
រូបភាព
អ្នកស្ម័គ្រ​ចិត្ត Peace Coprs ចំនួន៣៥នាក់ ពេលមក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ស្ថានទូតអាម៉េរិក
អ្នកស្ម័គ្រ​ចិត្ត Peace Coprs ចំនួន៣៥នាក់ ពេលមក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ស្ថានទូតអាម៉េរិក
ដោយ: រួបរួម
កម្ពុជាបាន​ស្វាគម​ន៍ការ​មកដល់​នៃ​អ្នក​​ស្ម័គ្រ​ចិត្តទីភ្នាក់ងារភីសខ័រ (Peace Corps) ជនជាតិ​អាម៉េរិក​ចំនួន​៣៥នាក់ ដែល​មក​បំពេញ​ការងារក្នុងគម្រោង​បណ្តុះបណ្តាលគ្រូ និង​បង្រៀន​ភាសា​អង់គ្លេសនៅ​តំបន់គោលដៅនានា។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ស្ថានទូតសហរដ្ឋអាម៉េរិក​ប្រចាំកម្ពុជា នា​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។

 
«យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម​ ជាសាកល​របស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំង​នោះ​នឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ»។ នេះជាការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា លោក W. Patrick Murphy ចំពោះ​វត្តមាន​លើកដំបូង​របស់​ក្រុម​ការងារស្ម័គ្រ​ចិត្ត Peace Corps ក្រោយ​ខក​ខាន​អស់រយៈពេល​ពីរ​ឆ្នាំ​ដោយ​សារវិបត្តិកូវីដ-១៩។
 
ឯកអគ្គ​រដ្ឋទូតអាម៉េរិក ដែល​ជា​អតីត​អ្នក​ស្ម័គ្រ​ចិត្ត​នៃទីភ្នាក់ងារ​ Peace Corps មួយរូប​ផងដែរនោះ បាន​បញ្ជាក់ថា លោក​យល់ពីតម្លៃរបស់ក្រុម​អ្នកស្ម័គ្រចិត្ត ក្នុងការពង្រឹងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន​នៃសហរដ្ឋអាម៉េរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍ​កម្ពុជាទាំងមូល។
 
អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ទាំង៣៥នាក់ ត្រូវ​បំពេញការងារ​នៅទូទាំងប្រទេសកម្ពុជា តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស​​ ដោយ​ពួក​គេ​នឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័ន​ដែលផ្តល់ការបង្រៀនផ្សេងទៀត។
 
បើតាម លោក Mikel Herrington ប្រធាន​នៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំ​នៅកម្ពុជា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ បុគ្គលិក​នៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះ​នៃទីភ្នាក់ងារ​នេះ។ លោក​បាន​បញ្ជាក់ថា៖ «យើងមានការត្រៀមជាស្រេចក្នុងការដំណើរការឡើងវិញ ​នូវសកម្ម ភាព​ការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារក្នុងពេលជាប្រវត្តិសាស្រ្ត​នេះ ជាមួយដៃគូរបស់យើង តាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិក​នៃស្ថានទូតរបស់យើង»។
 
គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ក្រុមអ្នក​ស្ម័គ្រ​ចិត្តអាម៉េរិក នឹង​ធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំ​របស់កម្ពុជា។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត នឹង​ជួយ​​ពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេស​របស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍​នៅកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីពនិងក្នុងការសិក្សា។
 
ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុម​អ្នកស្ម័គ្រចិត្តលើក​ដំបូង​​របស់ខ្លួននៅកម្ពុជានាឆ្នាំ២០០៧ ដោយ​ចាប់តពីពេល​នោះមក ចំនួន​ឡើង​ដល់៧១៤នាក់ ដោយពួក​គេ​ធ្វើការ​នៅតាមគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស ហើយ​កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
 
ទីភ្នាក់ងារ Peace Corps ត្រូវបាន​បង្កើតឡើង​ដោយ​លោកប្រធានាធិបតី John F. Kennedy កាលពី​ឆ្នាំ​១៩៦១ ហើយ​បាន​ក្លាយជាបណ្តាញអន្តរជាតិ​នៃ​អ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូ​​នៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្មដើម្បីសន្តិភាពពិភពលោក និងមិត្តភាព របស់ទីភ្នាក់ងារ​នេះ។ 
 
ក្រុម​អ្នកស្ម័គ្រចិត្តទាំងនេះ​ ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍​មូលដ្ឋានកំណត់ជាអាទិភាព ក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍​យុវជន។ តាមរយៈការបំពេញការងាររបស់គេ សមាជិក​នៃបណ្តាញ​របស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញ​ដែលគេអាចផ្ទេរទៅអ្នកដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញក្នុងវប្បធម៌​ចម្រុះ ដែលនាំពួកគេឲ្យក្លាយជាអ្នកដឹកនាំសាកលជំនាន់ក្រោយ៕
 

Tag:
 Peace Corps
© រក្សាសិទ្ធិដោយ thmeythmey.com