អន្តរជាតិ
យោធាមីយ៉ាន់ម៉ា បដិសេធវាយប្រហារទីតាំងប្រគំតន្រ្តីដែលសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់
25, Oct 2022 , 6:29 pm        
រូបភាព
រូបថតកាត់ចេញពីវីដេអូបង្ហាញពីទីតាំងដែលរងការវាយប្រហារដោយយន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ា
រូបថតកាត់ចេញពីវីដេអូបង្ហាញពីទីតាំងដែលរងការវាយប្រហារដោយយន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ា
ដោយ:
យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលាច្រានចោលការចោទប្រកាន់ដែលថាខ្លួនប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយទម្លាក់គ្រាប់បែកសម្លាប់ប្រជាជននៅភាគខាងជើងមីយ៉ាន់ម៉ា។ តាមសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ា ការវាយឆ្មក់តាមអាកាសនេះសំដៅតែលើក្រុមបះបោរនៅរដ្ឋកាឈីនប៉ុណ្ណោះ។

 
នាការប្រគំតន្រ្តីប្រារព្ធខួបទី៦២នៃការបង្កើតកងទ័ពឯករាជ្យកាឈីន(KIA)នៅថ្ងៃទី២៣ ខែតុលា មនុស្សប្រហែល៥០នាក់បាត់បង់ជីវិត ខណៈប្រហែល១០០នាក់ទៀតរងរបួសដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះយោធា។ បើតាមអ្នកនាំពាក្យសមាគមសិល្បករនៅតំបន់កាឈីនប្រាប់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ ខែតុលា អ្នកស្លាប់នោះរួមមានទាហាន និងមន្រ្តីយោធាកាឈីន ម្ចាស់អាជីវកម្មជីករ៉ែត្បូងថ្ម តារាចម្រៀង និងជនស៊ីវិលផ្សេងទៀត។ 
 
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក៏ចោទប្រកាន់យោធាមីយ៉ាន់បើកការវាយប្រហារសំដៅប្រជាជនស៊ីវិល ហើយអំពាវនាវឱ្យអង្គការសហប្រជាជាតិ(UN) និងសហគមន៍អន្តរជាតិលូកដៃដើម្បីបញ្ឈប់អំពើឃោរឃៅ និងឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយរបបយោធា។
 
យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា​អះអាងថា នោះជាការវាយប្រហារលើទីបញ្ជាការកងពលតូចទី៩របស់ KIA ហើយវាជាប្រតិបត្តិការចាំបាច់ដើម្បីឆ្លើយតបទៅនឹងសកម្មភាពភេរវកម្មរបស់ KIA ដែលវាយប្រហារលើកងកម្លាំងយោធាមីយ៉ាន់ម៉ា។
 
«ក្នុងនាមជាកងកម្លាំងសន្តិសុខ ពួកគេទទួលខុសត្រូវចំពោះការវាយប្រហារពួកបះបោរដើម្បីសន្តិភាព​ និងស្ថិរភាពក្នុងតំបន់»។ សេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ាបញ្ជាក់បែបនេះដោយបន្ថែមថា ចំនួនអ្នកស្លាប់ដ៏ច្រើននោះគ្រាន់ជាពាក្យចចាមអារ៉ាមទេ ហើយយោធាមីយ៉ាន់ម៉ាក៏មិនបានទម្លាក់គ្រាប់បែកលើការប្រគំតន្ត្រីដែលនាំឱ្យអ្នកចម្រៀង និងទស្សនិកជនស្លាប់ដែរ។ 
 
នេះជាការវាយប្រហារតាមអាកាសដ៏អាក្រក់បំផុតតាំងពីយោធាមីយ៉ាន់ម៉ាក្តោបក្តាប់អំណាចនៅដើមឆ្នាំ២០២១។ ក្រុមសិទ្ធិមនុស្ស ក៏ដូចជាការិយាល័យ UN ប្រចាំមីយ៉ាន់ម៉ា ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពនៅមីយ៉ាន់ម៉ា។ ស្ថានទូតលោកខាងលិចនៅមីយ៉ាន់ម៉ាក៏បានចេញសេចក្តីថ្លែងការណ៍រួមថា របបសឹកមីយ៉ាន់ម៉ាបំពានកាត្វកិច្ចរបស់ខ្លួនក្នុងការការពារជនស៊ីវិល និងគោរពគោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ។ 
 
ស្របពេលស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនបែបនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃទី២៧ ខែតុលាដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា និងពិនិត្យមើលការអនុវត្តចំណុចឯកភាពទាំង៥ ដែរ៕
 
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com