ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ កសិករខ្មែរ នឹងទទួលបានពូជស្រូវគុណភាពខ្ពស់ពីក្រុមហ៊ុនបៃតងកម្ពុជា
26, Oct 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រុមហ៊ុនបៃតងកម្ពុជា ផ្គត់ផ្គង់ពូជស្រូវមានគុណភាពដល់ប្រជាកសិករ។ នេះជាយុទ្ធសាស្រ្តដោះស្រាយតាមលក្ខណៈវិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។



ប៉ុន្មានថ្ងៃនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបសំណេះសំណាល និងស្វែងយល់ពីទម្លាប់នៃការធ្វើស្រែរបស់កសិករតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត​ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្ត​ពោធិ៍សាត់។ កសិករភាគច្រើន ជួបបញ្ហានៃការចំណាយលើសចំណូល ដោយសារការប្រើប្រាស់បច្ចេកទេសដាំដុះមិនត្រឹមត្រូវ។
កសិករមួយចំនួន មិនបានយល់ច្បាស់ពីការជ្រើសរើសពូជស្រូវ ការប្រើប្រាស់ជី និងបានប្រើវិធីសម្លាប់ខ្យងក្រហមមិនត្រឹមត្រូវផងដែរ។ ការណ៍នេះ បានធ្វើឱ្យកសិករចំណាយថវិកាច្រើន ប៉ុន្តែមិនទទួលបានទិន្នផលខ្ពស់។


 លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

ឆ្លើយតបនឹងបញ្ហាខាងលើ កញ្ញា អ៊ឹម រចនា សមាជិកាខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់សារព័ត៌មានThmeyThmey25ថា មន្រ្តីជំនាញនៃក្រសួងកសិកម្ម រួមទាំងមន្រ្តីមន្ទីរកសិកម្មតាមបណ្តាខេត្តនានា កំពុងចុះសិក្សាពីតម្លៃនៃជីកសិកម្ម ដែលប្រើប្រាស់ក្នុងការផលិតស្រូវ។ លើសពីនេះ អ្នកជំនាញក៏បានពិនិត្យ និងណែនាំ ដេប៉ូលក់ជីទាំងនោះពីរបៀបនៃការប្រើប្រាស់ជីត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស ប្រភេទដី ប្រភេទពូជស្រូវ ដើម្បីធានាយ៉ាងណាឱ្យប្រជាកសិករចំណាយតិច និងត្រឹមត្រូ​វ។
 
ក្នុង​បេសកកម្ម​នៅខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់​ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានពិភាក្សាជាមួយលោក ភូ ពុយ អគ្គនាយកនៃក្រុមហ៊ុនបៃតងកម្ពុជា អំពីការផលិតស្រូវពូជគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករ។ លោក ភូ ពុយ បានសម្ដែងសុទិដ្ឋិនិយមពីការផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យត្រូវនឹងតម្រូវការទីផ្សារ។
ផែនការយុទ្ធសាស្ត្រថ្មីនេះ នឹងជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារ ដោយធ្វើយ៉ាងណាជួយប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាព និងបរិមាណ។
 
ចំពោះពេលវេលានៃការចាប់ផ្តើមចែកចាយពូជស្រូវ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា៖« កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតពូជស្រូវ ដែលមានគុណភាព ផ្តល់ទិន្នផលខ្ពស់រួចហើយ និងបានផ្គត់ផ្គង់ដល់ប្រជាកសិករមួយចំនួនផងដែរ។ ប៉ុន្តែសម្រាប់ការផ្គត់ផ្គង់នៅរដូវខាងមុខនេះ យើងត្រូវការផលិតបន្ថែម និងត្រូវការពេល ហើយនៅពេលការងារនេះចាប់ផ្តើមក្រសួងកសិកម្ម នឹងផ្តល់ដំណឹងជូន»៕​ 
 
 

Tag:
 កសិកម្ម
  ពូជស្រូវ
  ខេត្តបាត់ដំបង
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com