ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
26, Jul 2023 , 10:59 pm        
រូបភាព
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។​
 
​បើ​តាម​របាយការណ៍រ​បស់ le Réseau d’Epidémiologie et Information en Néphralgie នៅ​ប្រទេស​បារាំង នៅក្នុង​ឆ្នាំ​២០០៩​មាន​អ្នកជំងឺ​ប្រមាណ​ជា​៣៦,០០០​នាក់​ដែល​ត្រូវ​ធ្វើការ​ច្រោះ​ឈាម​ដោយ​ភ្នាស​ពី​ខាងក្រៅ​(dialyse) និង​៣១,០០០​នាក់​ទៀត​ដែល​ត្រូវ​ធ្វើ​ការវះកាត់​ប្តូរ​តម្រងនោម​។​
 
​កត្តា​ហានិភ័យ​តម្រងនោម​ខ្សោយ រួមមាន​៖
-​    ​តំណពូជ​
-​    ​អាយុ​កាន់តែ​ចាស់ (​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​)
-​    ​សម្ពាធ​ឈាម​ខ្ពស់​
-​    ​ទឹកនោម​ផ្អែម​
-​    ​ជំងឺ​សរសៃឈាម​បេះដូង​
-​    ​ប្រើ​ឱសថ​ដែល​ពុល​ចំពោះ​តម្រងនោម​។​
 
​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​
​កង្វះ​សមត្ថភាព​របស់​តម្រង​នោម​មាន​រោគសញ្ញា​ជាច្រើន​ដែល​គេ​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់    ដល់​។ ត្រូវ​ដឹង​ថា​ជំងឺ​តម្រងនោម​ងាយ​នឹង​ព្យ​បាលទេ បើសិនជា​គេ​ឆាប់​ព្យាបាល​។ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល​ជារឿយៗ ហើយ​ឆាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បើ​កាលណា​មាន​រោគសញ្ញា​ណាមួយ​ដែល​គួរឱ្យ​សង្ស័យ​។​
 
១-     ​មិន​ឃ្លាន​ចំណីអាហារ​
​ដែល​ជា​លទ្ធផល​នៃ​ការប្រមូលផ្តុំ​ជាតិពុល​នៅក្នុង​រាងកាយ​។​
 
២-​    ​មាន​អ្វី​ប្លែក​នៅ​ក្នុង​ការ​នោម​
​នោម​មាន​ឈាម នោម​ញឹក​ជាង​ធម្មតា ឬ​ទឹកនោម​មាន​ពណ៌​មិន​ប្រក្រតី​។​
 
៣-     ​ស្បែក​ស្ងួត ហើយ​មាន​ដំបៅ​រមាស់​
​អាស្រ័យ​ដោយ​មក​ពី​កង្វះ​ជាតិ​រ៉ែ​ដោយ​មាន​ការបង្ក​រោគ​ឬ​ជំងឺ​នៅ​តម្រង​នោម​។​
 
៤-     ​មាន​បញ្ហា​ក្នុង​ការ​ដេក​
​ដោយសារ​មាន​ជាតិពុល​កក​ច្រើន​នៅក្នុង​រាងកាយ​។​
 
៥-     ​មាន​ភ្នែក​លៀន​
​ដោយសារ​កង្វះ​ប្រូតេអ៊ីន​នៅពេល​ដែល​តម្រងនោម​មិនអាច​ច្រោះ​ឈាម​បានល្អ​។​
 
៦-     ​មាន​ក្តាមកាច់​ដៃ ឬ​រមួលក្រពើ​
​ដោយ​បាត់​សមតា​អេឡិកត្រូ​លីត ខ្វះ​កាល់ស្យូម ឬ​ផូស្វ័រ បណ្តាល​មក​ពី​ការ​ខ្សោយ​តម្រងនោម​។​
 
៧-     ​ហើម​ជើង​
​ព្រោះ​មាន​សូ​ដ្យូ​ម​លើ​ស ដោយសារ​តម្រងនោម​ច្រោះ​យក​មិន​អស់​។​
 
៨-     ​អស់កម្លាំង​ទន់​ល្ហិតល្ហៃ​
​ដោយសារ​មាន​ជាតិពុល​ក្នុង​ខ្លួន ឬ​កង្វះ​ឈាម​ក្រហម​។​
ការតាមដាន​រក​ជំងឺ​តម្រង​នោម​
​មាន​វិធី​តាមដាន​២​បែប​៖
-​    ​ធ្វើការ​វិភាគ​ទឹកនោម បើ​កាលណា​មាន​វត្តមាន​ប្រូតេអ៊ីន​ច្រើន នេះ​ជា​សញ្ញា​ថា​មាន​ជំងឺ​តម្រងនោម​ហើយ​
-​    ​ធ្វើការ​វិភាគឈាម ដែល​មាន​ប្រសិទ្ធភាព​ជាង​។​
ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ភាព​ខ្សោយ​របស់​តម្រងនោម​?
​មុន​ដំបូង​ត្រូវ​ចងចាំ​ថា​ជំងឺ​នេះ​ងាយ​នឹង​ព្យាបាល​ទេ បើសិនជា​ឆាប់​ដឹង​ហើយ​ឆាប់​ព្យាបាល​។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ធ្វើ​ការត្រួតពិនិត្យ​ជា​ប្រចាំ​។​
ម្យ៉ាងទៀត ត្រូវ​មាន​អនាម័យ​ល្អ​នៅក្នុង​ការរស់នៅ ញ៉ាំ​តែ​ចំណី​ដែល​ផ្តល់​សុខភាព ហាត់ប្រាណ និង​ជៀសវាង​គ្រឿង​ស្រវឹង​និង​បារី​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com