កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រអាហ្សង់ទីនម្នាក់ទៅដល់កាតា ៦ខែមុន World Cup មកដល់
26, Oct 2022 , 9:59 am        
រូបភាព
លោក Marcelo Martinez អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដំបូងបំផុត បានធ្វើដំណើរទៅដល់ប្រទេសកាតា ៦ខែមុនព្រឹត្តិការណ៍ FIFA World Cup ចាប់ផ្តើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា។



Martinez អ្នកគាំទ្រក្រុមអាហ្សង់ទីនដំបូងគេបង្អស់រូបនេះ បានទៅដល់ទីក្រុងដូហារ កាលពីថ្ងៃទី៣ ខែឧសភា មកម៉្លេះ ជាមួយនឹងការតែងខ្លួនដែលមានសក់ពណ៍ខៀវ និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ិនធឺណិត។
 
អ្នកគាំទ្រវ័យ ៥២ឆ្នាំរូបនេះបានបង្ហាញក្តីរំពឹងរបស់លោកថា តារាបាល់ទាត់ឆ្នើម Messi នឹងអាចលើកពានរង្វាន់លំដាប់ពិភពលោក ដូចក្តីស្រម៉ៃរបស់គេផ្ទាល់។ Messi នឹងបង្ហាញខ្លួនលើកទី៥ របស់គេ និងជាការប្រកួត​ World Cup ចុងក្រោយផងដែរ។ អាហ្សង់ទីនធ្វើដំណើរទៅកាន់ World Cup ជាមួយកំណត់ត្រាក្រុមមិនស្គាល់បរាជ័យម្តងឡើយ ក្រោយឆ្លងកាត់ ៣៥ប្រកួតរួចមក។
 
«រឿងរ៉ាវអស្ចារ្យជាច្រើនបានកើតឡើងនៅទីនេះ ពួកគេទាំងអស់នៅទីនេះពិតជាស្រលាញ់ Messi និងអាហ្សង់ទីន។ ខ្ញុំបានស្នាក់នៅក្នុងសណ្ឋាគារង់ចាំពួកគេ ជាមួយទង់ជាតិអាហ្សង់ទីន និងសក់ពណ៍របស់ខ្ញុំ ពេលនោះមានមនុស្សម្នាក់បានដើរមក និងបានសួរខ្ញុំថា កំពុងតែធ្វើអ្វី ខ្ញុំបានឆ្លើយតប រួចហើយគេបានយកលេខទូរស័ព្ទខ្ញុំ ហើយបានស្នើផ្តល់ផ្ទះរបស់គេដល់ខ្ញុំស្នាក់នៅសម្រាប់រយៈពេល ២ ឬ៣ខែអំឡុងពេលព្រឹត្តិការណ៍។»។ លោក Martinez បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ ក្លិបក្នុងទីក្រុងដូហារមួយចំនួនបានទាក់ទង់ទៅលោក Martinez ដើម្បីអញ្ជើញលោកទៅទស្សនាការប្រកួតរបស់ពួកគេផងដែរ។ ការប្រកួតរបស់ក្រុមស្ថិតក្នុងប្រទេសកាតាមួយ គឺក្រុម Al-Sailiya លោក Martinez ដែលបានអញ្ជើញទៅទស្សនាការប្រកួត ទទួលបានអាវក្រុមពីកីឡាករ Sergio Javier Vittor ដែលមានសញ្ជាតិអាហ្សង់ទីនដូចគ្នា។
សូមជម្រាបថា អាហ្សង់ទីន នឹងត្រូវចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនដោយជំនួបដំបូងត្រូវជួបក្រុមអារ៉ាប៊ីសាអូឌីត ថ្ងៃទី២២ ខែវិច្ឆិកា មុនប៉ះម៉ិកស៊ិក នៅ ៥ថ្ងៃបន្ទាប់ និងជួបប៉ូឡូញនៅថ្ងៃទី១ ខែធ្នូ៕
 
 

Tag:
 FIFA World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com