អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស លោកSunak សន្យាដោះស្រាយបញ្ហាបន្សល់ទុកពីមេដឹកនាំមុន
25, Oct 2022 , 8:35 pm        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ រូបភាព៖ Reuters
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ រូបភាព៖ Reuters
លោក Rishi Sunak នៅថ្ងៃទី២៥ ខែតុលា បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ក្រោយជួបជាមួយមហាក្សត្រ។ ក្នុងថ្ងៃដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាលអង់គ្លេសថ្មី មេដឹកនាំដើមកំណើតអាស៊ីមួយនេះ បានសន្យាដោះស្រាយបញ្ហាបន្សល់ទុកពីនាយករដ្ឋមន្រ្តីមុន។

 
បន្ទាប់ពីក្លាយជាប្រធានបក្សអភិរក្សនិយម លោក Rishi Sunak នៅថ្ងៃទី២៥ ខែតុលា បានជួបជាមួយមហាក្សត្រអង់គ្លេស។ លោក Sunak ត្រូវបានមហាក្សត្រស្នើឱ្យរៀបចំរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តី។ 
 
ក្នុងសុន្ទរកថានៅមុខការិយាល័យ 10 Downing Street ក្នុងថ្ងៃចូលកាន់តំណែងជានាយករដ្ឋមន្រ្តីដំបូង លោក Sunak បានសន្យាដោះស្រាយបញ្ហា ដែលសល់ពីនាយករដ្ឋមន្រ្តីមុន។ 
 
«ប្រទេសយើងកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ សង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន បានធ្វើឱ្យមានអស្ថិរភាពក្នុងទីផ្សារប្រភពថាមពល និងច្រវាក់ផលិតកម្មនៅទូទាំងពិភពលោក»។ មេដឹកនាំអង់គ្លេសថ្មី ដែលមានដើមកំណើតអាស៊ី បានបញ្ជាក់បែបនេះ។ 
 
ក្នុងសុន្ទរកថាដដែលនោះ លោក​ Sunak ក៏បានអះអាងផងដែរថា លោកស្រី Liz Truss អតីតនាយករដ្ឋមន្រ្តីអង់គ្លេស មិនមានកំហុសឡើយក្នុងគោលបំណងចង់កែលម្អសេដ្ឋកិច្ចអង់គ្លេស យ៉ាងណាក៏ដោយ បញ្ហាមួយចំនួន ត្រូវបានបង្កើតឡើង ហើយការជាប់ឆ្នោតរបស់លោក ជាផ្នែកមួយនៃការដោះស្រាយភាពខ្វះខាតទាំងនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 
 
សូមបញ្ជាក់ថា លោក Sunak ជាមេដឹកនាំអង់គ្លេស ដែលមានវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអង់គ្លេស បើគិតចាប់ពីឆ្នាំ ១៨១២មក។ ម្តាយឪពុករបស់លោក Sunak មានដើមកំណើតជាជនជាតិឥណ្ឌា។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ម្តាយឪពុករបស់លោក បានផ្លាស់ប្តូរកន្លែងរស់នៅពីតំបន់អាហ្វ្រិកខាងកើតមកអង់គ្លេស។ 
 
តាមបញ្ជី Sunday Times Rich List លោក Sunak និងភរិយា Akshata Murthy ជាអ្នកមានលំដាប់ទី២២២ នៅអង់គ្លេស និងមានទ្រព្យសម្បត្តិប្រមាណ ៨២៤លានដុល្លារ។ លោកស្រី Murthy ជាកូនស្រីរបស់មហាសេដ្ឋី Narayana Murthy ដែលជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា Infosys៕ 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com