កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ រកឃើញ៥ក្រុមទៀតទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ ឯ Juventus មិនអាចឆ្លងផុតវគ្គចែកពូល
26, Oct 2022 , 11:29 am        
រូបភាព
Chelsea, Real Madrid, Paris St Germain, Borussia Dortmund និង Benfica កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។​ Juventus មិនអាចឆ្លងផុតវគ្គចែកពូលជាថ្មីនៅរដូវកាល២០២២នេះក្រោយចាញ់ Benfica ៤-៣ នៅជំនួបទី៥ ពូល​ H។



ជ័យជម្នះ ២-១ លើក្រុម RB Salzburg ក្នុងជំនួបទី៥ពូល E គ្រប់គ្រាន់ដើម្បីជួយ Chelsea បន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមតោខៀវរកបាន១០ពិន្ទុ ឈរកំពូលតារាងពូល E នាំមុខក្រុមលេខ២ AC Milan ៣ពិន្ទុ និងដាច់ពិន្ទុក្រុមលេខ៣ RB Salzburg ចំនួន៤ពិន្ទុ ខណៈការប្រកួតសល់១លើកប៉ុណ្ណោះ។ ពូល E នេះ AC Milan ដែលបានយកឈ្នះ Dinamo Zagreb ៤-០ ត្រូវប្រជែងកៅអីលេខ២ជាមួយ RB Salzburg ខណៈ​ Dinamo Zagreb ដែលនៅបាតតារាងមាន៤ពិន្ទុ នៅសល់ឱកាសប្រជែងលេខ៣ ដើម្បីបន្តទៅលេង Europa League។
 
សម្រាប់ពូល​ F វិញ Real Madrid បើទោះជាចាញ់ RB Leipzig ៣-២ នៅជំនួបលើទី៥ក្តី ប៉ុន្តែពួកគេមានពិន្ទុគ្រប់គ្រាន់ដើម្បីបានកៅអីទៅវគ្គខ្វែង។ ម្ចាស់ការពារជើងឯលីគកំពូលអឺរ៉ុបនេះ រកបាន១០ពិន្ទុ នាំមុខក្រុមលេខ២ RB Leipzig ចំនួន១ពិន្ទុ និងនាំមុខ Shakhtar Donetsk ដែលស្ថិតនៅលេខ៣ចំនួន៤ពិន្ទុ ស្របពេលការប្រកួតសល់តែ១លើកប៉ុណ្ណោះ។ ក្នុងពូល F នេះ ក្រុម Celtic ហាល់អាលទៅហើយក្រោយរកបានតែ២ពិន្ទុ ពីការប្រកួត៥លើក។ សល់១ប្រកួតចុងក្រោយ RB Leipzig និង Shakhtar Donetsk ត្រូវប្រជែងគ្នាយកលេខ២ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
 
ពូល G ក្រុម Borussia Dortmund បានកៅអីទៅវគ្គបន្តជាមួយ Man City ដែលបានកៅអីស្វ័យប្រវត្តិតាំងពីប្រកួតមុន។ Dortmund និង Man City បញ្ចប់ក្នុងលទ្ធផល ០-០ ក្នុងជំនួបលើកទី៥របស់ពួកគេ ស្របពេល Sevilla ដែលយកឈ្នះ FC Copenhagen ៣-០ សល់កៅអី Europa League។
 
ដោយឡែកពូល G វិញក្រុម Paris St Germain និង Benfica ចាប់ដៃគ្នាឡើងទៅវគ្គបន្ត ដោយរកបាន៣ពិន្ទុរៀងខ្លួននៅជំនួបទី៥។ PSG បានយកឈ្នះ ក្រុម Maccabi Haifa ៧-២ ស្របពេល Benfica ឈ្នះ Juventus ៤-៣។ ឆ្លងកាត់ការប្រកួត៥លើក PSG ឈរកំពូលតារាងពូល G រកបាន១១ពិន្ទុ ស្មើក្រុមលេខ២ Benfica។  Juventus ដែលមាន៣ពិន្ទុស្មើជាមួយក្រុមបាតតារាង Maccabi Haifa មានឱកាសច្រើនសម្រាប់កៅអី Europa League​ សម្រាប់ការប្រកួតកាត់សេចក្តីចុងក្រោយ។
 
មកទល់ពេលនេះ គេរកឃើញក្រុមចំនួប៦ហើយ ដែលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គខ្វែង ដែររួមមាន Man City, Real Madrid, PSG, Benfica, Borussia Dortmund និង Chelsea៕
 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com