ជាតិ
Miss Grand៖ កម្ពុជាជាប់ Top 10, ថៃលេខ២, ឥណ្ឌូណេស៊ីលេខ៣ និង​វៀតណាមឈ្នះពាន២​
26, Oct 2022 , 12:29 pm        
រូបភាព
ដោយ: រួបរួម
បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាប់​ក្នុងចំណោម​បេក្ខនារីកំពូលទាំង​១០ ឬជើងឯករងទី​៥ស្ទួន នៃព្រឹត្តិការណ៍​ប្រកួត​ប្រជែង​បវរកញ្ញា Miss Grand International ឆ្នាំ២០២២ ដែល​​រៀបចំនៅ​ក្រុង Bogor Regency ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី។ នេះ​ជាការ​សម្រេច​បាន​ពីរ​ឆ្នាំជាប់​គ្នា​ក្នុងតារាង Top 10 សម្រាប់​បវរកញ្ញាតំណាង​​កម្ពុជា បន្ទាប់ពី​បវរកញ្ញា ប៉ូគឹមថេង សុតធីតា សម្រេចបាន​កាលពី Miss Grand International កាលពីឆ្នាំ២០២១។

 
អាយុ​២៣​ឆ្នាំ មកពីខេត្តព្រះសីហនុ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា​អ្នក​បង្ហាញម៉ូត និង​ជា​តារាសម្តែង​មួយរូប បាន​ក្លាយជាបេក្ខនារីតំណាង​កម្ពុជាសម្រាប់ព្រឹត្តិការណ៍ Miss Grand International 2022 ក្រោយ​នាង​បានគ្រងមកុដថ្នាក់ជាតិ (Miss Grand Cambodia 2022)។
 
 
ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ថិតក្នុង​ចំណោម​បេក្ខនារី​៦៨​រូប​​ពី​បណ្តា​ប្រទេស​នានា​ដែលប្រកួត​ប្រជែងមកុដ Miss Grand International 2022 នៅឥណ្ឌូណេស៊ី។ ក្រៅពី​ជាប់ក្នុង​ចំណោម Top 10 (ឬ 5th runners-up) សម្រាប់ព្រឹត្តិការណ៍ទាំងមូល បវរកញ្ញាតំណាង​កម្ពុជា​រូបនេះ បាន​ជាប់ Top 10 លើ​ការប្រកួត​ប្រជែងផ្នែកសម្លៀកបំពាក់ងូតទឹក (Best in Swimsuit) និង Top 20 លើ​វិញ្ញាសាសម្លៀកបំពាក់ប្រពៃណី (Best National Costumes)។
​ 
ម្ចាស់មកុដ Miss Grand International 2022 បានទៅលើ​បវរកញ្ញាប្រេស៊ីល Isabella Menin ដែលត្រូវបន្ត​តំណែងពី​បវរកញ្ញា​វៀតណាម Nguyen Thuc Thu Tien។ បរវកញ្ញា​ថៃ Engfa Waraha ជាប់​បវរកញ្ញា​ឯក​រងទី១ បវរកញ្ញា​ម្ចាស់ផ្ទះឥណ្ឌូណេស៊ី Andina Julie រងទី២ បវរកញ្ញាវេណេស៊ុយអេឡា Luseth Materan រងទី៣ និងបវរកញ្ញា​ឆេក Mariana Beckova រងទី៤។
 


បវរកញ្ញា​៤​រូបទៀត ដែលស្ថិតក្នុង​ Top 10 ឬរងទី៥ស្ទួន ជាមួយ​បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមមានបវរកញ្ញាកូឡុំប៊ី Priscilla Londono, បវរកញ្ញាម៉ូរីស Yuvna Rinishta, បវរកញ្ញាព័រតូរីកូ Oxana Rivera និង​បវរកញ្ញា​អេស្ប៉ាញ Hirisley Jimenez។ បវរកញ្ញាហ្វីលីពីន Roberta Tamondong និង​បវរកញ្ញា​វៀតណាម Doan Thien An ជាប់ក្នុងចំណោម Top 20។
 
សម្រាប់ Doan Thien An ក្រៅពី​ស្ថិតក្នុងចំណោម Top 20 បវរកញ្ញា​វៀតណាម​រូបនេះ ឈ្នះពានពិសេស​​ដល់ទៅ​២​តែម្នាក់ឯងក្នុងនោះ មាន Country’s Power of the Year និង Best National Costumes រួមជាមួយ​បវរកញ្ញា​ថៃ Engfa Waraha, បវរកញ្ញាប៉េរូ Janet Leyva និងបវរកញ្ញា​ចក្រភពអង់គ្លេស Sofia Mayers។
 
សម្រាប់រង្វាន់ផ្សេងទៀត បវរកញ្ញា​ម៉ូរីស Yuvna Rinishta ឈ្នះ Miss Popular Vote, បវរកញ្ញាឆេក Mariana Beckova ឈ្នះ Miss Social Media, បវរកញ្ញា​ម៉ិកស៊ិក Laysha Salazar ឈ្នះ Best in Evening Gown រីឯអ្នក​ស្រី Pham Kim Dung នាយិការៀបចំ Miss Grand Vietnam បានពាន Golden Grand Award ខណៈ Eriko Inoda ពីជប៉ុន និង Vicente Gonzalez បាន Silver Grand Award។
 
Miss Grand International ជាព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញាអន្តរជាតិ​ប្រចាំ​ឆ្នាំ ដែលផ្តួចផ្តើម​ដោយអ្នកជំនួញល្បីឈ្មោះជនជាតិ​ថៃ លោក Nawat Itsaragrisil តាំងពីឆ្នាំ២០២៣មក​។ កម្ពុជា​ចាប់ផ្តើម​​ចូលរួម​ប្រកួតប្រជែងនៅ​ឆ្នាំ​២០១៤ តែ​ខកខាន​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៩។
 


នៅឆ្នាំ​២០១៦ កញ្ញា ហេង ចន្ថា បាន​ខក​ខាន​រួមជាមួយ​បវរកញ្ញា Rose Paul របស់​ហៃ​ទី និង Zeenus Lama របស់​ណេ​ប៉ាល់ ដោយ​សារតែ​ការ​​មិន​ទទួលបាន​ទិដ្ឋាការ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​។​ រីឯនៅ​ឆ្នាំ​២០១៩ កញ្ញា ដេត ស្រីនាឌ បាន​ប្រកាសពីការ​ដក​ខ្លួន ដោយសារតែការព្រួយបារម្ភបញ្ហាអសនិ្តសុខនៅ​ប្រទេស​វ៉េណេស៊ុយអេឡា។
សម្រាប់ការប្រកួតប្រជែងកន្លងមក បវរកញ្ញា នូ ទឹម​ស្រីនាថ (ឆ្នាំ២០១៤), បវរកញ្ញា សេង ប៉ូល​វិថាវី (ឆ្នាំ​២០១៥), បវរកញ្ញា ខ្លឹម ស្រីគា (ឆ្នាំ២០១៧), បវរកញ្ញា ឌី លីកា (ឆ្នាំ២០១៨), បវរកញ្ញា លីវ ជីលី (ឆ្នាំ២០២០) និង​បវរកញ្ញា ប៉ូគឹមថេង សុតធីតា (ឆ្នាំ២០២១)។
 
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៉ូគឹមថេង សុតធីតា បានជាប់ Top 10 រីឯ លីវ ជីលី បាន​ជាប់ Top 20។ ក្រៅពីនេះ បវរកញ្ញា​ដែលតំណាងកម្ពុជាក៏បានឈ្នះពាន​ឯកត្តជនមួយចំនួន​ផងដែរ ដោយ នូ ទឹកស្រីនាថ និង ប៉ូគឹមថេង សុតធីតា បានពាន Miss Popular Vote។
 
ក្រៅពីឈ្នះពាន Grand Pageant’s Choice តាមរយៈការបោះឆ្នោត​ដូច ខ្លឹម ស្រីគា និង ឌី លីកា កញ្ញា ជីវ ជីលី ក៏បានឈ្នះពាន Country’s Choice of the Year ផងដែរ នា​ការ​ប្រកួត​កាលពីឆ្នាំ២០២០ នៅ​ប្រទេសថៃ។
 
ម្ចាស់មកុដ Miss Grand International ដំបូង បានលើ​បវរកញ្ញា​ព័រតូរីកូ Janelee Chaparro (ឆ្នាំ២០១៣) បន្ទាប់មក បវរកញ្ញាគុយបា Lees Garcia (ឆ្នាំ២០១៤), បវរកញ្ញាអូស្ត្រាលី Claire Elizabeth Parker (ឆ្នាំ២០១៥), បវរកញ្ញាឥណ្ឌូណេស៊ី Ariska Putri Pertiwi (ឆ្នាំ២០១៦), បវរកញ្ញាប៉េរូ Maria Jose Lora (ឆ្នាំ២០១៧), បវរកញ្ញាប៉ារ៉ាហ្គាយ Clara Sosa (ឆ្នាំ២០១៨), បវរកញ្ញាវេណេស៊ុយអេឡា Valentina Figuera (ឆ្នាំ២០១៩), បវរកញ្ញាអាម៉េរិក Abena Appiah (ឆ្នាំ២០២០), បវរកញ្ញា​វៀតណាម Nguyen Thuch Thuy Tien (ឆ្នាំ២០២១) និង​ចុងក្រោយ​បវរកញ្ញាប្រេស៊ីល Isabella Menin (ឆ្នាំ២០២២)៕
 

Tag:
 បវរកញ្ញា
  Miss Grand International
© រក្សាសិទ្ធិដោយ thmeythmey.com