ជាតិ
អាស៊ាន
កម្ពុជា ត្រៀមកម្លាំងជាង១ម៉ឺននាក់ និងសហការជាមួយប៉ូលិសអន្តរជាតិជាច្រើនផ្នែក សម្រាប់ការពារសុវត្ថិភាពក្នុងកិច្ចប្រជុំអាស៊ាន
26, Oct 2022 , 2:00 pm        
រូបភាព
នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ គោរពទង់ជាតិ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ គោរពទង់ជាតិ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន កម្ពុជា បានត្រៀមកងកម្លាំងជាង១ម៉ឺននាក់ សម្រាប់រក្សាសន្តិសុខ និងការពារសុវត្ថិភាពដល់មេដឹកនាំពីបណ្តាប្រទេសនានា ដែលត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។



តាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ឆាយ គឹមខឿន លើកឡើងថា ក្រៅពីប្រើកងកម្លាំងរបស់កម្ពុជា សម្រាប់ការពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ាន អគ្គស្នង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ជាតិ ថែមទាំងបាន​សហ​ប្រ​តិ​ប​ត្តិ​កា​រ ជាមួយ​បណ្ដាដៃគូមួយចំនួនទៀត ដូចជា ន​គ​រ​បា​ល​អ​ន្ត​រជាតិ (Interpol) ​ន​គរបាលក្នុងតំបន់អាស៊ាន ការិយាល័យស៊ើបអង្កេតអាម៉េរិក (FBI) នគរ​បា​ល​សិ​ង្ហបុរី នគរបាលជប៉ុន នគរបាល​វៀតណាម នគរបាលចិន និង នគរបាលអូស្ត្រាលី ជាដើម។

កាលពីថ្ងៃទី២៥ ខែតុលា លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ ខ្លឹមសារនៃកិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

លោក ឆាយ គឹមខឿន ថ្លែងប្រាប់កិច្ចប្រជុំថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ «ឲ្យបានដាច់ខាត» ជូនថ្នាក់ដឹកនាំកំពូលៗលើពិភពលោក និងថ្នាក់ដឹកនាំពីបណ្តាប្រទេសសមាជិកអាស៊ាន ដែលនឹងមកចូលរួមកិច្ចប្រជុំនៅកម្ពុជា។

ក្នុងប្រជុំនេះ លោក នេត សាវឿន បានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងមេបញ្ជាការគ្រប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះទៅ រហូតដល់ចប់កិច្ចប្រជុំកំពូលអាស៊ាន។ បន្ថែមពីនេះ លោក ប្រាប់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន និងយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន (Drone) ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងស្នាក់នៅរបស់ថ្នាក់ដឹកនាំ និងទីតាំងប្រារព្ធកិច្ចប្រជុំ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នឹងត្រូវរៀបចំឡើងរាជធានីភ្នំពេញ ចាប់ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

Tag:
 ប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com