សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បញ្ហប្រឈមផ្នែកសេដ្ឋកិច្ច រង់ចាំនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីដោះស្រាយ
26, Oct 2022 , 10:29 pm        
រូបភាព
លោក Rishi Sunak (កណ្តាល) លើកដៃ ខណៈលោកត្រូវបានប្រកាសជាមេដឹកនាំគណបក្សអភិរក្ស នៅរសៀលថ្ងៃទី២៤ ខែតុលា។ រូបថត៖ AP។
លោក Rishi Sunak (កណ្តាល) លើកដៃ ខណៈលោកត្រូវបានប្រកាសជាមេដឹកនាំគណបក្សអភិរក្ស នៅរសៀលថ្ងៃទី២៤ ខែតុលា។ រូបថត៖ AP។
ថ្លៃចំណាយលើការរស់នៅ បំណុល និងទំនុកចិត្តរបស់ប្រជាជនអង់គ្លេស ជាបញ្ហាដែលរង់ចាំដំណោះស្រាយពីលោក Rishi Sunak នាយករដ្ឋមន្រ្តីវ័យក្មេងជាងគេក្នុងពេលជាងពីរសតវត្សរ៍។



ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Rishi Sunak ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ ដើម្បីជំនួសតំណែងលោកស្រី Liz Truss ។ លោក Sunak ចូលកាន់តំណែងជាមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទីប្រាំមួយរបស់ពិភពលោកក្នុងពេលដែលអង់គ្លេសកំពុងជាប់គាំងក្នុងវិបត្តិនយោបាយ និងហិរញ្ញវត្ថុអស់រយៈពេលជាច្រើនខែ។
ភាពជោគជ័យរបស់លោក Sunak នឹងត្រូវបានកំណត់ដោយសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលអង់គ្លេសកំពុងជួបប្រទះ នោះគឺវិបត្តិ​អតិផរណា​ខ្ពស់ដែលអូសបន្លាយជាច្រើនខែនៅក្នុងប្រទេសមួយនេះ។ 
 
លោក Sunak បាននិយាយកាលពីថ្ងៃទី២៤តុលា យ៉ាងដូច្នេះ៖« គ្មានអ្វីគួរឱ្យសង្ស័យទេ យើងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ធំ។ ពេលនេះ យើង​ត្រូវ​ការ​ស្ថិរភាព និង​ឯកភាព​គ្នា »។
លោក Sunak ធ្លាប់បានរិះគន់ផែនការសេដ្ឋកិច្ចរបស់លោកស្រី Truss ជារឿងនិទាន។ កម្មវិធីសេដ្ឋកិច្ចសំខាន់លោកស្រី Truss ជាការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធ ក្នុងគ្រាដែលមានអតិផរណាកើនខ្ពស់ ដែលភាគច្រើនត្រូវបានអ្នកវិនិយោគជំទាស់។ 
 
ក្នុងអំឡុងយុទ្ធនាការកាលពីប៉ុន្មានខែមុន លោក Sunak បានប្រឆាំងនឹងផែនការរបស់លោកស្រី Truss ក្នុងការខ្ចីប្រាក់ដើម្បីកាត់បន្ថយពន្ធ។ លោក Sunak ជឿជាក់ថា អតិផរណា​ជាបញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​មុនពេល​កាត់បន្ថយ​ពន្ធ។ បច្ចុប្បន្នអតិផរណាចក្រភពអង់គ្លេសស្ថិតក្នុងអត្រា១០,១ភាគរយ ។ 
 
«ខ្ញុំមិនគិតថាយើងអាចធ្វើរឿងទាំងពីរក្នុងពេលតែមួយបាននោះទេ។ យើងនឹងនៅតែកាត់បន្ថយពន្ធ ប៉ុន្តែលុះត្រាតែសម្ពាធតម្លៃទំនិញបានធ្លាក់ចុះ»។ នេះជាសម្ដីលោក Sunak បាននិយាយកាលពីខែសីហា។
 
នៅ​ពេល​នោះលោក Sunak បាន​ចាញ់ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោកនាពេលបច្ចុប្បន្នត្រូវ​បាន​បង្ហាញ​ថា​ត្រឹម​ត្រូវ។ ក្រោយមកលោកស្រី Truss ត្រូវបានបង្ខំចិត្តដកផែនការបន្ធូរបន្ថយពន្ធវិញ។
 
នាពេលខាងមុខ រដ្ឋាភិបាលអង់គ្លេសនឹងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកអំពីការចំណាយថែមទៀត។ នៅថ្ងៃទី ៣១ ខែតុលា ក្រសួងហិរញ្ញវត្ថុអង់គ្លេសត្រូវរំពឹងថា នឹងប្រកាសផែនការកាត់បន្ថយការចំណាយ និងបង្កើនពន្ធដើម្បីបំពេញឱនភាពថវិកាប្រហែល៤០ពាន់លានផោន ( ៤៥,៩២ពាន់លានដុល្លារ)។
 
ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​​អង់គ្លេស​មិន​សូវ​​ជាភ្លឺស្វាងប៉ុន្មាននោះ​ទេ។ លោក Sunak អាចប្រឈមមុខនឹងអតិផរណាកើនឡើងលឿនជាងប្រាក់ឈ្នួល និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដែលមានរយៈពេលមួយឆ្នាំ។ នៅដំណាក់កាលដំបូងនៃអាណត្តិរបស់លោក គេអាចនឹងឃើញកូដកម្មរបស់កម្មករអង់គ្លេសផងដែរ ស្របពេលជាមួយគ្នា ត្រូវពិចារណាថាតើត្រូវកាត់ផ្តាច់ថាមពលឬយ៉ាងណា នៅពេលដែលរុស្ស៊ីកំពុងកាត់បន្ថយការលក់ឧស្ម័នទៅអឺរ៉ុប។
 
ផ្ទុយពីប្រទេសអ្នកមានផ្សេងទៀត សេដ្ឋកិច្ចរបស់អង់គ្លេសមិនទាន់វិលត្រលប់ទៅរកកំណើនសេដ្ឋកិច្ច របស់ខ្លួនដូចមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។ នៅ​ក្នុង​ត្រីមាស​ទី​ពីរ កំណើនសេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ០,២ភាគរយបើ​ធៀប​នឹង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០១៩ ដែលជា​ពេលវេលា​មុន​ការផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែសីហា បន្ទាប់ពីកើនឡើងបន្តិចកាលពីខែកក្កដាគឺ០,១ភាគរយ។
 
ក្នុងនាមជាសមាជិកសភាដែលមានជាងគេបំផុត លោក Sunak ប្រហែលជាពិបាកពន្យល់ពីការសម្រេចចិត្តរបស់លោកក្នុងការកាត់បន្ថយការចំណាយសាធារណៈ។ ប៉ុន្តែមនុស្សជាច្រើនជឿថា ហិរញ្ញវត្ថុដ៏រឹងមាំនឹងជួយឱ្យសេដ្ឋកិច្ចអង់គ្លេសប្រសើរឡើងនូវការប្រកួតប្រជែងរបស់ខ្លួន ហើយនាំមកនូវភាពរុងរឿងដល់ប្រជាជនក្នុងរយៈពេលវែង៕
 

Tag:
 អង់គ្លេស Rishi Sunak
© រក្សាសិទ្ធិដោយ thmeythmey.com