អន្តរជាតិ
ប្រធាន IEA៖ អាស៊ីអាគ្នេយ៍គួរបង្កើនប្រភពថាមពល កុំឱ្យដើរជាន់ដានអឺរ៉ុបដូចសព្វថ្ងៃ
27, Oct 2022 , 9:39 am        
រូបភាព
លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ។ រូបថត Xinhua
លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ។ រូបថត Xinhua
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អាស៊ីអាគ្នេយ៍ងាយរងគ្រោះដោយវិបត្តិថាមពលណាស់ ដោយសារតម្រូវការថាមពលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ ដូច្នេះ អាស៊ីអាគ្នេយ៍គួរបង្កើនប្រភពផ្គត់ផ្គង់ថាមពលរបស់ខ្លួន ចៀសវាងការទទួលបានថាមពលពីប្រភពមួយដូចអឺរ៉ុបនាំចូលពីរុស្ស៊ី។



ថ្លែងទៅកាន់ទូរទស្សន៍ CNA នៅថ្ងៃទី២៥ ខែតុលា លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានជំរុញឱ្យតំបន់អាស៊ីអាគ្នេយ៍រៀនសូត្រពីវិបត្តិកំពុងកើតឡើងនៅអឺរ៉ុបដែលពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី បង្កការចំណាយខ្ពស់ និងមានបញ្ហាក្នុងដំណើរការផ្គត់ផ្គង់ពេលរុស្ស៊ីមានសង្គ្រាមនឹងអ៊ុយក្រែន។ លោក Birol បានផ្ដល់អនុសាសន៍ឱ្យអាស៊ីអាគ្នេយ៍បង្កើនប្រភពផ្គត់ផ្គង់ប្រេង ឧស្ម័ន និងធ្យូងថ្មរបស់ខ្លួនឱ្យបានច្រើន។
 
«អឺរ៉ុបបានបង្កើតកំហុសមួយ ទោះបីជា IEA បានព្រមានជាច្រើនឆ្នាំថា អ្នកមិនគួរពឹងផ្អែកលើប្រភពផ្គត់ផ្គង់តែមួយគត់នោះទេ សម្រាប់អ្វីក៏ដោយ»។ លោក Fatih Birol អះអាងបែបនេះ ខណៈឧស្ម័នភាគច្រើន និងប្រេងនៅអឺរ៉ុបសុទ្ធតែបានមកពីប្រភពតែមួយគឺរុស្ស៊ី។ ដោយសារជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីត្រូវធ្លាក់ចុះ ហើយបណ្តាប្រទេសនៅអឺរ៉ុបកំពុងស្វះស្វែងរកដំណោះស្រាយ។
 
ម៉្យាងវិញទៀត នាយកប្រតិបត្តិ IEA បន្ថែមថា អាស៊ីអាគ្នេយ៍គួរតែវិនិយោគបន្ថែមទៀតលើវិស័យថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលផលិតពីឥន្ធនៈហ្វូស៊ីលដូចជាប្រេង ឧស្ម័ន និងថ្យូងថ្ម ក្នុងរយៈពេលវែង។ វត្ថុធាតុដើមទាំងនេះងាយប្រែប្រួលតម្លៃ និងអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសក្នុងតំបន់។​ 
 
បើតាមការពន្យល់របស់លោក Birol ការពឹងផ្អែកលើថាមពលផលិតពីឥន្ធនៈហ្វូស៊ីលធ្វើឱ្យប្រទេសងាយរងគ្រោះដោយសារក្រុមហ៊ុននាំចេញឥន្ធនៈហ្វូស៊ីល អាចដំឡើងថ្លៃតាមចិត្តពេលមានបញ្ហានយោបាយឬបញ្ហាផ្សេងទៀត។
 
លោក Birol បានណែនាំដំណោះស្រាយដ៏ល្អបំផុតសម្រាប់អាស៊ីអាគ្នេយ៍ដោយឱ្យងាកទៅរកជម្រើសថាមពលស្អាត ដូចជាថាមពលផលិតចេញពីពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងជីវថាមពល និងការប្រើប្រាស់យានយន្តអគ្គិសនីជាដើម។ 
 
គួរបញ្ជាក់ថា អាស៊ីអាគ្នេយ៍បច្ចុប្បន្នកំពុងនាំចូលឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតថាមពល ពិសេសប្រេង ពីបណ្ដាប្រទេសមជ្ឈិមបូព៌ា និងអាហ្រ្វិក៕ 
 

Tag:
 អាស៊ីអាគ្នេយ៍
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com