ជាតិ
នឹងមានជំនួប នាយករដ្ឋមន្ត្រី និងអ្នកកាសែតឡើងវិញ នៅឆ្នាំក្រោយ
27, Oct 2022 , 10:11 am        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ​ដែល​រៀបចំនៅសណ្ឋាគារ​សុខា នាថ្ងៃទី​២៧ ខែតុលា
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ​ដែល​រៀបចំនៅសណ្ឋាគារ​សុខា នាថ្ងៃទី​២៧ ខែតុលា
ជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងអ្នកកាសែត នឹងត្រូវរៀបចំឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយខកខានពីរឆ្នាំចុងក្រោយដោយសារកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទថ្នាក់ជាតិស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា នេះ នៅសណ្ឋាគារសុខា។

 
១៤ មករា ត្រូវបានប្រមុខរដ្ឋាភិបាលកំណត់ជាថ្ងៃនៃជំនួបប្រចាំឆ្នាំរវាងសម្តេចជាមួយនឹងអ្នកសារព័ត៌មាន។ បើគិតចាប់តាំងពីឆ្នាំ២០១៧ មក  សម្តេច ហ៊ុន សែន បានជួបជាមួយក្រុមអ្នកសារព័ត៌មានចំនួន៤លើកហើយ ប៉ុន្តែត្រូវខកខាននៅឆ្នាំ២០២១ និង២០២២ នេះ ដោយសារកូវីដ-១៩។
 
ការកំណត់យកថ្ងៃទី១៤ ខែមករា គឺដើម្បីរំលឹកដល់ឱកាសដែលសម្តេច ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី [១៤ មករា ១៩៨៥]។ 
 
សម្រាប់ជំនួបកន្លងមក ឆ្នាំ២០១៧ ប្រព្រឹតនៅសណ្ឋាគារសុខាភ្នំពេញ ហើយ៣លើកចុងក្រោយ គិតត្រឹមឆ្នាំ២០២០ ជំនួបរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
 
ដោយឡែកនាឱកាសនៃទិវាសេរីភាពសារព័ត៌មានសកលលើកទី២៩ កាលពីថ្ងៃទី៣ ខែឧសភា កន្លងមក ក៏មានជំនួបរវាងក្រុមអ្នកសារព័ត៌មានជាមួយលោក ហ៊ុន ម៉ាណែត ដែលជាតំណាងសម្តេចនាយករដ្ឋមន្ត្រីផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com