អន្តរជាតិ
ទេសចរវៀតណាមជាង១០០នាក់បាត់ខ្លួនពេលទៅដល់កូរ៉េខាងត្បូង
27, Oct 2022 , 1:59 pm        
រូបភាព
អ្នកដំណើរម្នាក់អាកាសយានដ្ឋានកូរ៉េខាងត្បូង។ រូបថត AFP
អ្នកដំណើរម្នាក់អាកាសយានដ្ឋានកូរ៉េខាងត្បូង។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី
 
អ្នកទេសចរជនជាតិវៀតណាមជាង១០០ នាក់បានបាត់បង់ការទាក់ទងនៅក្នុងកូរ៉េខាងត្បូងភ្លាមៗនៅថ្ងៃទី២២ ខែតុលា បន្ទាប់ពីពួកគេបានទៅដល់ប្រទេសនេះ។ នេះបើតាមក្រសួងការបរទេសវៀតណាមនៅថ្ងៃទី២៧ ខែតុលា។

 
​បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ជនជាតិវៀតណាមជាង១០០ នាក់ ដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិ Yangyang នៅកូរ៉េខាងត្បូងបានបាត់ខ្លួននៅថ្ងៃទី២២ ខែតុលា។ ពួកគេបានបាត់បង់ការទាក់ទងភ្លាមៗ នៅពេលទៅដល់ទីនោះ។ 
 
ជុំវិញការបាត់ខ្លួនពលរដ្ឋរបស់ខ្លួន លោកស្រី Hang បន្ថែមថា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងកំពុងបន្តទាក់ទងជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីស្វែងរក និងត្រៀមខ្លួនជាស្រេចក្នុងការដាក់ពង្រាយវិធានការការពារពលរដ្ឋប្រសិនបើចាំបាច់។ នេះបើតាមកាសែត VnExpress។
 
ទាក់ទងនឹងការបាត់ខ្លួនមនុស្សដ៏ច្រើនបែបនេះ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍វៀតណាមបានផ្អាកការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះ Yangyang រហូតដល់ថ្ងៃទី៣១ ខែតុលា។ លើសពីនេះ អាជ្ញាធរវៀតណាម និងក្រុមហ៊ុនទេសចរណ៍ក៏នឹងសហការគ្នា ដើម្បីស្វែងរកព័ត៌មានអំពីអ្នកដែលបាត់បង់ទំនាក់ទំនង ក៏ដូចជាដាក់ពង្រាយវិធានការការពារពលរដ្ឋក្នុងការស្នាក់នៅខុសច្បាប់នៅក្នុងកូរ៉េខាងត្បូងផងដែរ។ 
 
កម្មវិធីធ្វើដំណើរដោយគ្មានទិដ្ឋាការ ជាកម្មវិធីបង្កើតដោយរដ្ឋាភិបាលវៀតណាម និងកូរ៉េខាងត្បូងក្នុងការអនុញ្ញាតឱ្យអ្នកទេសចរវៀតណាមអាចធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិ Yangyang និងកោះ Jeju របស់កូរ៉េខាងត្បូងបានតាមរយៈទីភ្នាក់ងារទេសចរណ៍វៀតណាម និងអាចស្នាក់នៅក្នុងតំបន់ទាំងពីរខាងលើបានរយៈពេលអតិបរមា១៥ ថ្ងៃ។ កម្មវិធីនេះត្រូវបានផ្អាកដំណើរការនៅពេលមានការរីករាលដាលជំងឺកូវីដ១៩ ហើយទើបបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២៕
 

Tag:
 វៀតណាម
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com